(បាត់ដំបង)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរខេត្តបាត់ដំបង បន្ដយកចិត្តទុកដាក់លើការងារការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ពិសេសទប់ស្កាត់នូវការចែកចាយ ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅតាមមូលដ្ឋាន។

ការណែនាំរបស់ឧបនាយករដ្ឋមន្ដ្រី ស សុខា ធ្វើឡើងក្នុងឱកាសអញ្ជើញជាធិបតីភាពរួមគ្នា ជាមួយលោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុតិ្តធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បិទសន្និបាតបូកសរុបលទ្ធផលការប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។

អង្គសន្និបាតបានស្តាប់នូវរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត ដែលបានរាយការណ៍ដោយលោក សុខ លូ អភិបាលខេត្តបាត់ដំបង ដោយធ្វើការវាយតម្លៃខ្ពស់ ទៅលើសមិទ្ធផលជាច្រើនដែលខេត្តសម្រេចបាន ក្នុងឆ្នាំ២០២៣នេះ ជាពិសេសការឆ្លើយតបយ៉ាងមានប្រសិទ្ធភាពចំពោះបញ្ហាប្រឈម និងដំណោះស្រាយនានាមួយចំនួន នៅតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ នៅក្នុងខេត្ត។

សន្និបាតឆ្នាំនេះ រដ្ឋបាលខេត្តបានធ្វើការវាយតម្លៃ និងឆ្លុះបញ្ចាំងលើកយកមកពិភាក្សាធ្វើបទអន្តរាគមន៍លើប្រធានបទចំនួនទាំង៥ រួមមាន៖

*ទី១៖ បទអន្តរាគមន៍លើប្រធានបទ «ការងារគ្រប់គ្រសំរាម» (សំណល់រឹង-រាវ)
*ទី២៖ បទអន្តរាគមន៍លើប្រធានបទ «ការរៀបចំ និងការគ្រប់គ្រងសំណង់មិនរៀបរយ»
*ទី៣៖ បទអន្តរាគមន៍លើប្រធានបទ «ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ»
*ទី៤៖ បទអន្តរាគមន៍លើប្រធានបទ «ការរៀបចំក្រុងបាត់ដំបង ក្នុងការចូលរួមអនុវត្ត គម្រោងទីក្រុងឆ្លាត (SMART CITY)»
*ទី៥៖ បទអន្តរាគមន៍លើប្រធានបទ «ការងារសន្តិសុខ សណ្ដាប់ធ្លាប់សង្គម និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន»។ ប្រធានបទទាំង៥ខាងលើនេះនឹងវាយតម្លៃ ឆ្លុះបញ្ចាំងកាន់តែមានភាពច្បាស់លាស់ទៅលើស្ថានភាព នៃការអនុវត្តការងារជាក់ស្តែង និងបញ្ហាប្រឈមនានាដែលនៅសេសសល់ ការរកដំណោះស្រាយ និងកំណត់ទិសដៅសម្រាប់អនុវត្តនាពេលខាងមុខដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការដោះស្រាយជីវភាពរស់នៅប្រជាពលរដ្ឋ និងធានាសុខដុមនីយកម្មសង្គមជាតិ។

ក្នុងឱកាសនោះ លោកអភិសន្តិបណ្ឌិត ស សុខា បានកោតសរសើរដល់រដ្ឋបាលខេត្តបាត់ដំបង បានធ្វើការងាររបស់ខ្លួនក្នុងឆ្នាំ២០២៣កន្លងទៅ បានលទ្ធផលល្អប្រសើរ និងជំរុញឲ្យយកចិត្តទុកដាក់ខិតខំធ្វើការងារទាំងផ្នែករដ្ឋបាល និងបន្តបម្រើប្រជាពលរដ្ឋក្នុងឆ្នាំ២០២៤ កាន់តែល្អប្រសើរឡើងថែមទៀត។

ឧបនាយករដ្ឋមន្ដ្រី ស សុខា បានរលឹកដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ការងារមួយចំនួនទៀតនៅតាមមូលដ្ឋាន ដូចជាយកចិត្តទុកដាក់ ដល់ពួកគាត់ក្នុងកិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់សង្គមទប់ស្កាត់បញ្ហាជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបទល្មើសគ្រប់ប្រភេទ មានសុខសុវត្តិភាពនៅគ្រប់ទីកន្លែងនៅតាមមូលដ្ឋានរបស់ខ្លួនផងដែរ៕