(កណ្តាល)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកនេសាទបានឱ្យដឹងថា ផលត្រីប្រហុកឆ្នាំនេះ បានបង្ហាញកំណើនច្រើនជាងឆ្នាំមុន និងចាប់ផ្តើមត្រូវលឿនជាងរាល់ដង ដោយសារការក្រសួងបានសហការបង្ការ និងបង្ក្រាបបទល្មើសនេសាទប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ ជាប់ជាប្រចាំ ស្របពេលតម្លៃទាបជាងឆ្នាំ ដែលធ្វើឱ្យប្រជាពលរដ្ឋកាន់តែសប្បាយចិត្ត ក្នុងទិញធ្វើប្រហុកបានកាន់តែច្រើន។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងបែបនេះ ក្នុងឱកាសបានចុះពិនិត្យការប្រមូលផលត្រីប្រហុក នៅដាយត្រីលេខ១៥ ស្ថិតក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ។
លោកបន្តថា កំណើនត្រីប្រហុកឆ្នាំនេះ បានបន្តកើនឡើងជាងឆ្នាំមុនមិនតិចជាង ៥% នោះទេ ខណៈប្រជាពលរដ្ឋពីបណ្តាខេត្តនានា បាននិងកំពុងនាំគ្នាឡើងមកទិញត្រីសម្រាប់ធ្វើប្រហុក ផ្អក សម្រាប់ស្តុកលក់ និងទុកហូបក្នុងគ្រួសារពេញមួយឆ្នាំ។
លោកបន្ថែមថា «តាមការរំពឹងទុកទិន្នផលនឹងអាចកើនឡើងជាងឆ្នាំមុន ហើយចំណុចទាំងអស់នេះ គឺដោយសារតែយើងបានព្យាយាមបង្រ្កាបនូវបទល្មើសជាច្រើន ជាពិសេសនៅបឹងទន្លេសាប អីចឹងត្រីអាចកកើតឡើងវិញ បានទាន់ពេលវេលា និងធ្វើចរាចរជាធម្មតា»។
លោក ឈុន ហាំងតុង ប្រធានអង្គភាពនេសាទរដ្ឋកណ្តាលស្ទឹង បានលើកឡើងថា បរិមាណត្រីប្រហុកឆ្នាំនេះ កើនឡើងជាងឆ្នាំមុន ដោយក្នុងមួយម៉ោងគិតជាមធ្យម គេប្រមូលផលបានចាប់ពី ៨០០គីឡូក្រាមទៅ១តោន។ បើធៀបនឹងឆ្នាំមុន ឆ្នាំនេះត្រីត្រូវលឿនជាងមុនពីរថ្ងៃ ព្រោះកាលពីឆ្នាំមុនទាល់ថ្ងៃដល់ថ្ងៃ ៨កើតខែមិគសិរ ទើបដល់រដូវត្រីត្រូវ ប៉ុន្តែឆ្នាំនេះត្រីប្រហុក បានចាប់ផ្តើមត្រូវតាំងពីថ្ងៃ ៦កើតខែមិគសិរ ពោលគឺត្រីបានចាប់ផ្តើមត្រូវតាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ ចំណែកទំហំត្រីវិញ ឆ្នាំនេះក៏អាចនឹងធំជាងឆ្នាំមុនផងដែរ ព្រោះទឹកមិនឆាប់ស្រកទៅវិញដូចឆ្នាំមុន។
លោកបន្តថា «ពេលវេលាវាអាចត្រូវរយៈពេលច្រើនបំផុត ក្នុងមួយសប្តាហ៍ក្នុងខែខ្នើត ។ ត្រីអាចត្រូវចាប់ពីថ្ងៃ៦កើត វាអាចត្រឹមថ្ងៃ ១១ កើត វាដល់កំពូល ហើយដល់ថ្ងៃ ១២កើត វាថយវិញបន្តិច។ ឧទាហរណ៍យើងធ្លាប់ចាប់បាន១តោនអី វានៅសល់ ៨០០គីឡូក្រាម ៧០០គីឡូក្រាមវិញ មូលហេតុដោយសារទឹកសមុទ្រវាជោ ពេលវាជោ វាទុចរំញោចដល់យើង ត្រីលែងសូវដើរ»។
តែយ៉ាងណាមិញ រយៈពេល២ថ្ងៃនេះ ត្រីដែលត្រូវច្រើនជាងគេ គឺប្រភេទត្រីស្លឹកឬស្សី ជាប្រភេទត្រីដែលគេមិនសូវយកទៅធ្វើប្រហុកនោះទេ ព្រោះរសជាតិមិនសូវឆ្ងាញ់ ដោយភាគច្រើនគេទិញវាយកទៅធ្វើចំណីសត្វ។
លោក សឺ ម៉ៅ អ្នកគ្រប់គ្រងដាយត្រី១៥ បានឱ្យដឹងថា សម្រាប់ត្រីរៀល ជាប្រភេទត្រីដែលប្រជាពលរដ្ឋពេញនិយមយកទៅធ្វើប្រហុក អាចពីរទៅ៣ថ្ងៃទៀតទើបត្រូវ ហេតុនេះប្រជាពលរដ្ឋចង់ធ្វើប្រហុក អាចមកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។
សម្រាប់តម្លៃត្រីឆ្នាំនេះវិញ មានតម្លៃចន្លោះពី៨០០ ទៅ១០០០រៀលក្នុងមួយគីឡូក្រាម ថយចុះជាងឆ្នាំមុនបន្តិចដែលមានតម្លៃចន្លោះពី ១០០០រៀលទៅ ១២០០រៀលក្នុងមួយគីឡូក្រាម៕