(ជប៉ុន)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យ តំបន់អាស៉ីប៉ាស៉ីហ្វិកត្រូវរួមគ្នាធ្វើ ដើម្បីធានាថា តំបន់នេះនឹងមិនក្លាយជាវេទិកាថ្មីមួយទៀតនៃជម្លោះប្រដាប់អាវុធ ឬសង្គ្រាមដោយតួអង្គតំណាងនោះឡើយ។

ការអំពាវនាវរបស់សម្តេចធិបតី បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ៥០ឆ្នាំ នៃមិត្តភាព នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ តបតាមការអញ្ជើញរបស់ លោក គីស៉ីដា ហ្វឹមីអូ (Kishida Fumio) នាយករដ្ឋមន្រ្តីជប៉ុន។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស អំពីលទ្ធផលនៃទស្សនកិច្ចការងាររបស់ សម្តេចធិបតី ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-ជប៉ុននេះ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះដំណើរដ៏វែងឆ្ងាយរបស់អាស៊ាននិងជប៉ុន ដែលជាសក្ខីភាពបង្ហាញពីភាពរឹងមាំផ្អែកលើ «សាមគ្គីភាពក្នុងភាពចម្រុះ» និងបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការរួមដៃគ្នាបង្ហាញនូវ «កម្លាំងនៃសន្តិភាព» ដែលប្រជាជាតិក្នុងតំបន់អាស៉ីប៉ាស៉ីហ្វិកត្រូវរួមគ្នាធ្វើ ដើម្បីធានាថា តំបន់របស់យើងនឹងមិនក្លាយជាវេទិកាថ្មីមួយទៀតនៃជម្លោះប្រដាប់អាវុធ ឬសង្គ្រាមដោយតួអង្គតំណាងនោះឡើយ»

ការអំពាវនាវរបស់សម្តេចធិបតី បានធ្វើឡើងបន្ទាប់ពីស្ថានភាពពិភពលោក មានការប្រែប្រួលយ៉ាងឆាប់រហ័ស ដោយលេចឡើងនូវសង្គ្រាមប្រដាប់អាវុធ២ នោះគឺសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន និងសង្គ្រាមរវាងក្រុមហាម៉ាស់ប៉ាឡេស្ទីន និងអ៉ីស្រាអែល ខណៈដែលស្ថានភាពឧបទ្វីបកូរ៉េ និងសមុទ្រចិនខាងត្បូង បានក្លាយទៅជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភ។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចធិបតី ក៏បានសម្តែងនូវកង្វល់ពីការបន្តបាញ់សាកល្បងមីស៉ីលអន្តរទ្វីប ដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងបានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងកិច្ចសន្ទនាដែលមានលក្ខណៈស្ថាបនា និងដោយសន្តិវិធី ដើម្បីជំរុញការរំសាយអាវុធនុយក្លេអ៊ែរដោយពេញលេញ អាចផ្ទៀងផ្ទាត់បាន និងមិនអាចត្រឡប់ថយក្រោយ សំដៅធានា សន្តិភាព និងស្ថិរភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ៕