(សៀមរាប)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានប្រារព្វទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ខួបលើកទី១៧ ឆ្នាំ២០២៣ ក្រោមប្រធានបទ «បច្ចេកវិទ្យាជាមធ្យោបាយ ដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស» ដើម្បីផ្សព្វផ្សាយការយល់ដឹងឲ្យកាន់តែទូលំទូលាយ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ្រប់ទម្រង់បង្កើតឡើងដោយជនល្មើស ដែលមានកលល្បិចពិសពុលយ៉ាងសម្បូរបែបប្រកបដោយគ្រោះថ្នាក់ និងធ្វើឲ្យមនុស្សជាច្រើនធ្លាក់ចូលក្នុងអន្ទាក់ នៃ អំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចយ៉ាងសាហាវឃោរឃៅ។

ពិធីនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងមានការចូលរួមពីលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត រួមទាំងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះលោកស្រី ជូ ប៊ុនអេង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារឲ្យបាននូវសន្តិភាពជាតិ សន្តិសុខសង្គម ស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដោយពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ កាន់តែទូលំទូលាយ និងការអភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយថាមពល និងសក្តានុពល។

លោកស្រី ជូ ប៊ុនអេង បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការប្តេជ្ញាចិត្តយ៉ាងមុះមុតប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រឹដ្ឋដទៃទៀត ដែលបាននឹងកំពុងតែយាយីបំផ្លាញដល់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ផលប្រយោជន៍ រហូតដល់អាយុជីវិតប្រជាពលរដ្ឋ ក៏ដូចជាបានបំផ្លាញដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរផងដែរ។

លោកស្រីបានបន្តទៀតថា នៅក្នុងអំឡុងពេលជាងពីរទសវត្សរ៍កន្លងមកនេះ បទល្មើសជួញដូរមនុស្សក្នុងតំបន់ និងនៅតាមបណ្តាប្រទេសលើពិភពលោក មិនបានថមថយឡើយ បើទោះបីជាមានការខិតខំប្រឹងប្រែងពីបណ្តារដ្ឋាភិបាលនៃប្រទេសតូចធំទាំង ឡាយយ៉ាងណាក៏ដោយ។ ប្រទេសនីមួយៗ ខិតខំបង្កើតឲ្យមានច្បាប់ គោលនយោបាយ យន្តការជាតិយុទ្ធសាស្ត្រ វិធានការ និងវិធីសាស្ត្រជំនាញដ៏សម្បូរបែប ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស ក៏ប៉ុន្តែតែនៅតែមានជនរងគ្រោះកាន់ តែច្រើនឡើងៗ ដែលបាននឹងកំពុងរងទុក្ខវេទនាដោយការធ្វើទុក្ខបុកម្នេញ និងកេងប្រវ័ញពីឧក្រឹដ្ឋជនជាដើម។

លោកស្រីបានបន្តថា ប្រទេសកម្ពុជាធ្លាប់បានឆ្លងកាត់ឧបសគ្គ និងដោះស្រាយជាបណ្តើរៗ តាំងពីដំណាក់កាលប្រទេស មានសង្គ្រាមស៊ីវិល ជំងឺរាតត្បាត គ្រោះធម្មជាតិ និងផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចសាកល។ គឺដៃម្ខាងពង្រឹងប្រព័ន្ធគ្រប់គ្រងតាមរយៈកំណែទម្រងយ៉ាងស៊ីជម្រៅ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងដៃម្ខាងទៀត ត្រូវបង្កើនសមត្ថភាពក្នុងការរក្សាឲ្យបាននូវស្ថេរភាពនៃកំណើនម៉ាក្រូសេដ្ឋកិច្ច ការពារសន្តិសុខជាតិ និងសុវត្ថិភាពសង្គមនៅតាម​មូលដ្ឋាន និង គ្រប់ស្ថានភាព នៅទូទាំងប្រទេស។

លោកស្រីបញ្ជាក់ថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយជីវភាពតាមរយៈការបង្កើតការងារ មុខរបរខ្នាតតូច និងមធ្យម ការបង្កើនផលិតភាពកសិកម្ម សិប្បកម្ម ឧស្សាហកម្ម ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារផងដែរ៕