(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានប្រកាសស្វាគមន៍ការបញ្ជូនត្រឡប់មកកម្ពុជាវិញនូវវត្ថុបុរាណខ្មែរ ចំនួន១៤រូប ពីសារមន្ទីរ Metropolitan Museum (MET) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

តាមរយៈសារលើបណ្តាញសង្គម សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «សូមស្វាគមន៍នូវរតនវត្ថុរបស់ព្រះរាជាណាចក្រកម្ពុជា មកកាន់មាតុភូមិវិញ។ ការនាំយកវត្ថុបុរាណខ្មែរ ចំនួន ១៤រូបនេះ គឺជាការនាំយកព្រលឹងដូនតារបស់ខ្មែរ ដែលបានឃ្លាតចាកចេញពីមាតុប្រទេសដោយសារភាពរ៊ាំរៃញាំញីដោយសង្គ្រាម មកពូនជ្រំនូវមរតកវប្បធម៌លើដែនដីសុវណ្ណភូមិឡើងវិញ អំឡុងពេលប្រទេសមានសន្តិភាពពេញលេញ»

ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ លើកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកិច្ចការដ៏សំខាន់នេះ ហើយក៏បានអរគុណដល់សារមន្ទីរ Metropolitan Museum (MET) នៅទីក្រុងញូវយ៉ក ដែលយល់ព្រមប្រគល់មកវិញនូវវត្ថុបុរាណដែលកម្មសិទ្ធិរបស់កម្ពុជាមកឱ្យម្ចាស់ដើមក្នុងការថែរក្សា ការពារ នូវមរតកសិល្បៈ និងវប្បធម៌ដ៏មានតម្លៃ ឥតកាត់ថ្លៃបាន៕