(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំក្រុមការងារ មន្ត្រីពាក់ព័ន្ធ ចុះពិនិត្យបច្ចេកទេស និងពន្លឿនការសាងសង់ស្ពានឬស្សីរមណីយដ្ឋានឆ្នេរកោះប៉ែន ក្នុងគោលបំណងដើម្បីរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំ២០២៣-២០២៤ ដើម្បីបង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ។

លោក ប៊ុន ដារ៉ា ប្រធានគ្រប់គ្រងរមណីយដ្ឋានឆ្នេរកោះប៉ែន បានឲ្យដឹងថា ស្ពានឬស្សីដែលកំពុងសាងសង់ឆ្លងកាត់ទន្លេ ចាប់ពីត្រើយមុខវត្តដីដុះ ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម មកដល់រមណីយដ្ឋានឆ្នេរកោះប៉ែន មានប្រវែង ១០០០ម៉ែត្រ ទទឹង ២ម៉ែត្រ ដែលបច្ចុប្បន្នសាងសង់បាន ៩០ភាគហើយ។

លោក ប៊ុន ដារ៉ា បានបញ្ជាក់ថា ស្ពានឬស្សីឆ្នេរកោះប៉ែននេះ អាចនឹងសាងសង់រួច ១០០ភាគរយ ក្នុងពេលឆាប់ៗនេះ ហើយបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ទាំងឡាយ អាចធ្វើដំណើរឆ្លងកាត់ស្ពានដោយថ្មើជើង មកកំសាន្តនៅឆ្នេរកោះប៉ែននេះ ចាប់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះបាន។

លោកប្រធានរមណីយដ្ឋាន បានឲ្យដឹងដែរថា ក្រុមការងារដែលដឹកនាំដោយ លោក អ៊ុន ចាន់ដា បានអញ្ជើញចុះមកពិនិត្យស្ពានឬស្សីនោះ គឺលោកអភិបាលខេត្ត បានណែនាំឲ្យលោក រៀបចំដាក់ទង់ជាតិខ្មែរឲ្យបានច្រើន តាមបណ្ដោយស្ពានឬស្សី ដើម្បីជាការទាក់ទាញភ្ញៀវទេសចរណ៍ និងណែនាំឲ្យមន្ទីរទេសចរណ៍ និងមន្ទីរវប្បធម៌ សហការជាមួយរមណីយដ្ឋានឆ្នេរកោះប៉ែន រៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំ២០២៣-២០២៤ នៅលើឆ្នេរខ្សាច់រមណីយដ្ឋាន កោះប៉ែននោះផងដែ៕