(ភ្នំពេញ)៖ រាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតប្រចាំកម្ពុជា បានឯកភាពផ្តល់ថវិកាជាង១លាន ៣៩ម៉ឺនដុល្លារអាមេរិក ឱ្យមកកម្ពុជា ដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោម គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។

កិច្ចសន្យាជំនួយក្រោមគ្រោងការណ៍ឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុននេះ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយ។

*ទី១៖ គម្រោងគាំទ្រការស្ថាបនាឡើងវិញជាមួយការបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង RSCS (ឆ្នាំទី៣) (ថវិកាចំនួន ៦៩៦,៣៩៧ ដុល្លារអាមេរិក)

ស្ថាប័នទទួលជំនួយ៖ អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) នៅក្នុងគម្រោងនេះ អង្គការ JMAS នឹងបោសសម្អាតតំបន់ដែលមានគ្រាប់បែកចង្កោមចំនួន ៤៧០ហិកតា និងបង្រៀនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) អំពីវិធីសាស្ត្រដែលមានសក្តិសិទ្ធភាព និងសុវត្ថិភាព ក្នុងការបោសសម្អាតគ្រាប់បែកចង្កោម។ មិនតែប៉ុណ្ណោះ គម្រោង នេះនឹងផ្តល់ការអប់រំអំពីការជៀសវាងពីហានិភ័យនៃគ្រាប់មីន ដល់ប្រជាជនមូលដ្ឋាន និងបណ្តុះបណ្តាលកសិករអំពីការគ្រប់គ្រង និងបច្ចេកវិទ្យាកសិកម្ម។

*ទី គម្រោងគាំទ្រការស្ថាបនាឡើងវិញជាមួយការបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យ ហៅកាត់ថាគម្រោង RSDB (ឆ្នាំទី៣) (ថវិកាចំនួន ៦៩៣,៧២០ដុល្លារអាមេរិក)

ស្ថាប័នទទួលជំនួយ៖ អង្គការ JMAS នៅក្នុងគម្រោងនេះ អង្គការ JMAS នឹងបោសសម្អាតតំបន់ដែលមានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ១៨០ហិកតា និងផ្ទេរវិធីសាស្ត្រដែលមានសក្តិសិទ្ធភាព និងសុវត្ថិភាព ក្នុងការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ទៅដល់ CMAC។ គម្រោងនេះក៏នឹងផ្តល់ការអប់រំអំពីការជៀសវាងពីហានិភ័យនៃគ្រាប់មីន ផងដែរ។ បន្ថែមពីនេះ កសិករនឹងទទួលបានឱកាសសិក្សាអំពីបច្ចេកទេសដាំដុះស្រូវ និងបង្កើតកសិដ្ឋានគំរូនៅលើទីតាំងដីដែលបោសសម្អាតមីនរួចរាល់។

ឯកអគ្គរាជទូតជប៉ុន បានឱ្យដឹងថា ជំនួយនេះត្រូវបានបែងចែកសម្រាប់គម្រោងគាំទ្រការស្ថាបនាឡើងវិញ ជាមួយការបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង RSCS ឆ្នាំទី៣ ក្នុងថវិកាជិត៧០ម៉ឺនដុល្លារ ដែលអនុវត្តដោយអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS)។

លោកបានបន្តថា សម្រាប់ថវិកាជិត៧០ម៉ឺនដុល្លារទៀត នឹងគាំទ្រដល់គម្រោងការស្ថាបនាឡើងវិញនូវការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅខេត្តបន្ទាយមានជ័យ ហៅកាត់ថាគម្រោង RSDB ឆ្នាំទី៣ របស់អង្គការ JMAS លើផ្ទៃដី១៨០ហិកតា និងផ្ទេរវិធីសាស្ត្រដែលមានសក្តិសិទ្ធភាព និងសុវត្ថិភាព ក្នុងការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ទៅដល់ CMAC។

គម្រោងនេះ ក៏នឹងផ្តល់ការអប់រំអំពីការជៀសវាងពីហានិភ័យនៃគ្រាប់មីនផងដែរ។ បន្ថែមពីនេះ កសិករនឹងទទួលបានឱកាសសិក្សាអំពីបច្ចេកទេសដាំដុះស្រូវ និងបង្កើតកសិដ្ឋានគំរូនៅលើទីតាំងដីដែលបោសសម្អាតមីនរួចរាល់។

យោងតាមរបាយការណ៍របស់ស្ថានទូតជប៉ុន បានឱ្យដឹងថា ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅកម្រិតមូលដ្ឋាន។

ចាប់តាំងពីនោះមក ជំនួយនេះ បានផ្តល់ដល់កម្ពុជាសរុបជាង៥២លានដុល្លារ ដល់គម្រោងចំនួន១៥៤ ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីន៕