(ភ្នំពេញ)៖ លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានកំពុងដំណើការសាកសួរលើស្ត្រីជាម្តាយធំ ឈ្មោះ ឃុន វ៉ាន់ដា មានមុខរបរ (នៅផ្ទះ) ពាក់ពន្ធ័ករណី ប្រព្រឹត្តអំពើហិង្សាលើអនីតិជន ដោយចាប់ចងជើងចងដៃកុមារីរងគ្រោះឲ្យដេកផ្កាប់មុខទៅនឹងដី ហើយជីដូនក៏បានចេញពីក្នុងផ្ទះមកអង្គុយពីលើកុមារីរងគ្រោះជួយចងជើង និងបានទះកំផ្លៀង៣ដៃទៅលើផ្ទៃមុខបន្ថែមទៀត។

នេះបើយោងតាមប្រភពពីមន្ត្រីនគបាលយុត្តិធម៌ បានប្រាប់ភ្នាក់អ្នករាយការណ៍ព័ត៌មានអង្គភាព Fresh News ប្រចាំតុលាការ បានដឹងនៅព្រឹកថ្ងៃដដែលនេះ។

បើមើលតាមសកម្មភាពដូចដែលមាននៅក្នងឃ្លីបវីដេអូ គេបានយកមកបង្ហោះចែកចាយព្រោងព្រាតពេញបណ្តាញសង្គមនោះ ស្ត្រីជាម្តាយធំរូបនេះ ទំនងជារួចមិនផុតពីចោទប្រកាន់តាមផ្លូវច្បាប់ឡើយ។ ប្រសិនបើតំណាង អយ្យការទទួលចំណាត់ការ ករណីនេះ លោកសម្រេចចោទប្រកាន់ នោះសំណុំរៀងនឹងត្រូវគេធ្វើសេចក្តីសន្និដ្ឋានលើបទចោទប្រកាន់ ហើយបន្តបញ្ជូនទៅចៅក្រមស៊ើបសួរតាមនីតិវិធី។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២០៖០០នាទី នៅចំណុចផ្ទះ៣០៩K ក្រុម៥ ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ ឃាត់ខ្លួនស្ត្រីម្នាក់ករណីហិង្សាលើអនីតិជន។ ជនសង្ស័យមានឈ្មោះ ឃុន វ៉ាន់ដា ភេទស្រី មុខរបរនៅផ្ទះ មានទីលំនៅផ្ទះកើតហេតុខាងលើ (ត្រូវជាអ៊ុំស្រីក្មេងរងគ្រោះ)។

ពេលកើតហេតុ នៅថ្ងៃខែឆ្នាំខាងលើ ជនសង្ស័យបានហៅក្មួយចំនួន០៤នាក់ហូបបាយជុំគា្ន នៅក្នុងនោះក៏មានក្មេងស្រីរងគ្រោះផងដែរ។ ក្រោយពេលហូបបាយរួចជនសង្ស័យ បានហៅជនរងគ្រោះមករៀន ប៉ុន្តែជនរងគ្រោះ មិនមករៀន ធើ្វឲ្យជនសង្ស័យខឹងទ្រាំមិនបានក៏ទាយដៃជនរងគ្រោះចេញពីផ្ទះមកឈនៅមុខផ្ទះខាងក្រៅរបងផ្ទះ រួចជនសង្ស័យបានបិទទា្វររបងផ្ទះដើរចូលក្នងផ្ទះ។

ចំណែកជនរងគ្រោះស្រែកយំក៏យកដៃវាយ ទា្វររបងផ្ទះធើ្វឲ្យជនសង្ស័យ ខឹងទ្រាំមិនបានក៏បើកទា្វរបងផ្ទះយកក្រម៉ាដែលទុកនៅលើម៉ូតូយកមកធ្វើសកម្មភាពចងជើងចងដៃ ជនរងគ្រោះឲ្យដេកផ្កាប់មុខទៅ និងដី ហើយជីដូន ជនរងគ្រោះចេញពីក្នុងផ្ទះមកអង្គុយពីលើជនរងគ្រោះជួយចងជើង រួចដើរចូលក្នុងផ្ទះវិញបិទទា្វររបងផ្ទះ។ ចំណែកជនរងគ្រោះនៅតែស្រែកយំធ្វើឲ្យជនសង្ស័យទ្រាំមិនបានបើកទា្វររបងផ្ទះចេញមកក្រៅទះកំផ្លៀង ជនរងគ្រោះចំនួន៣ដៃទៅលើផ្ទៃមុខ។

ក្រោយមានករណីនេះកើតឡើង កម្លាំងនគបាលព្រហ្មទណ្ឌខណ្ឌឬស្សីកែវ បានឃាត់ និងបានកសាងសំណុំរឿង ដើម្បីបញ្ជូនមកតុលាការ ចាត់ការតាមនីតិវិធី៕