(តូក្យូ, ជប៉ុន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តក្រុមហ៊ុន Meiji របស់ជប៉ុន វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដើម្បីបង្កើតផលិតផលលក់នៅកម្ពុជា និងប្រទេសជិតខាង។
សម្តេចធិបតី បានលើកទឹកចិត្តដូចនេះ ក្នុងពេលជួបពិភាក្សាការងារជាមួយលោក កាត្សឹណារី ម៉ាត្សឹដា (Katsunari Matsuda) នាយកក្រុមហ៊ុន Meiji Co., Ltd នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្នុងជំនួបនោះ លោក កាត្សឹណារី ម៉ាត្សឹដា បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម។ លោក កាត្សឹណារី ម៉ាត្សឹដាបានជម្រាបអំពីវឌ្ឍនភាព និងការរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន និងអំពីគម្រោងនៃការវិនិយោគរបស់ខ្លួនទាំងលើភាពសម្បូរបែបនៃផលិតផល និងទាំងលើបច្ចេកវិទ្យាទំនើបនៅកម្ពុជានាពេលខាងមុខ។
លោកអគ្គនាយកក្រុមហ៊ុន Meiji ក៏បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យដំណើរការដោយរលូន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះជំនួបជាមួយលោក កាត្សឹណារី ម៉ាត្សឹដា និងសហការី ព្រមទាំងបានអរគុណ និងសម្តែងនូវក្តីសោមនស្សរីករាយចំពោះក្រុមហ៊ុន Meiji ដែលបានបង្ហាញពីចំណាប់អារម្មណ៍ និងគ្រោងវិនិយោគនៅកម្ពុជានាពេលអនាគតខាងមុខ។
សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ដែលចាំបាច់ត្រូវផ្អែកលើកត្តាចំណេះដឹង សមត្ថភាព និងសុខភាព ដូច្នេះការផ្គត់ផ្គង់ចំណីអាហារប្រកបដោយគុណភាព និងសុវត្ថិភាព ជាកត្តាអទិភាពចម្បង។
ក្នុងជំនួបនេះ សម្តេចនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបណ្តាក់ទុនវិនិយោគលើវិស័យកសិកម្ម ដោយធ្វើការផលិតផ្ទាល់ ដើម្បីលក់នៅទីផ្សារកម្ពុជា និងនាំចេញទៅប្រទេសជិតខាង និងប្រទសក្នុងតំបន់ ដែលកំពុងមានតម្រូវការខ្ពស់ចំពោះផលិតផលទាំងអស់នេះ។ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាលើជំនាញកសិកម្ម ដើម្បីចូលរួមលើកកម្ពស់ផលិតភាពក្នុងវិស័យនេះឱ្យកាន់តែខ្លាំងក្លាថែមទៀត។
សម្តេចមហាបវរធិបតី ក៏បានគូសបញ្ជាក់ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ក្នុងការធានានិរន្តរភាពនៃបរិយាកាសល្អសម្រាប់ធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវគោលនយោបាយ យន្តការអនុវត្ត និងក្របខ័ណ្ឌគតិយុត្តថ្មីៗ ដើម្បីជួយសម្រួល និងផ្តល់ការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និងភាពទាក់ទាញដល់វិនិយោគិនដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា៕