(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន CRBC ជុំវិញករណីគម្រោងស្ថាបនាឡើងវិញ កំណាត់ផ្លូវជាតិលេខ៣ ត្រពាំងរពៅ-វាលរេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀត។

ជំនួបពិភាក្សនេះ ធ្វើឡើងបន្ទាប់ពីការបំពេញបេសកកម្មការងារ ចុះពិនិត្យស្ថានភាពកំណាត់ផ្លូវជាតិលេខ៣ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ដោយអង្គប្រជុំបានពិភាក្សាផ្តោតសំខាន់លើការងារបច្ចេកទេសក្នុងការសាងសង់ ដើម្បីធានាបាននូវគុណភាពក្នុងការប្រើប្រាស់ឱ្យបានយូរ ការពិនិត្យលទ្ធភាពក្នុងការស្វែងរកប្រភពឥណទានដើម្បីទ្រទ្រង់គម្រោង និងការកំណត់ពេលវេលាសមស្របមួយ ដើម្បីចាប់ផ្តើមអនុវត្តគម្រោងមួយនេះ។

សូមជម្រាបថា កំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ មានប្រវែងសរុប ៥៤,៣ គីឡូម៉ែត្រ ក្នុងនោះធនាគារពិភពលោក បានផ្ដល់ថវិកាស្ដារកំណាត់ផ្លូវនេះបានចំនួន ៣៤ គីឡូម៉ែត្ររួចហើយ ដោយឡែកកំណាត់ផ្លូវពីចំណុចត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ទៅដល់ផ្លូវបំបែកវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានសាងសង់ និងលើកកម្រិតគុណភាពជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែកំណាត់ផ្លូវប្រវែងប្រមាណ ២០គីឡូម៉ែត្រខាងលើនេះ តែងតែរងការខូចខាតទៅវិញ បន្ទាប់ពីការសាងសង់រួចរយៈពេលខ្លី។

កំណាត់ផ្លូវនេះ តែងតែឆាប់ឆាប់ខូចទៅវិញ បន្ទាប់ពីជួសជុលហើយ ដោយសារតែស្ថានភាពដីនៅតំបន់នេះ ជាប្រភេទដីស្អុយ បៀមទឹកខ្លាំង ដែលមានជម្រៅអតិបរមាប្រមាណជិត ១៨ម៉ែត្រ (ដោយកន្លែង)។ ដើម្បីឱ្យការស្ថាបនាកំណាត់ផ្លូវនេះឡើងវិញជាប់ធន់បានយូរ ទាមទារការប្រើប្រាស់បច្ចេកសាងសង់ខ្ពស់ ជាពិសេសការសាងសង់គ្រឹះទម្រស្រទាប់កម្រាលផ្លូវតែម្តង៕