(ភ្នំពេញ)៖ លទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៦នេះ នឹងត្រូវបិទប្រកាសនៅរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ និងបិទប្រកាសនៅតាមបណ្តាខេត្ត នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះផងដែរ។
លទ្ធផលទាំងនោះ ក៏អាចឱ្យសាធារណៈជនបានមើលឃើញ នៅលើបណ្តាញសង្គម facebook របស់ក្រសួងអប់រំយុវជន និងកីឡាផងដែរ។ នេះបើតាមការប្រកាសរបស់ក្រសួងអប់រំ ក្រោយបញ្ចប់ការប្រឡងបាក់ឌុប នៅប៉ុន្មាននាទីមុននេះ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០១៦ មានបេក្ខជនបានចុះឈ្មោះប្រឡងសរុបចំនួន ៩៣ ៧៥២នាក់ ស្រី៤៥ ២៣៧ នាក់ និង មានមណ្ឌលប្រឡងចំនួន១៥៧ មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន១១៥ មណ្ឌលនិងថ្នាក់វិទ្យាសាស្ត្រសង្គម មាន ៤២ មណ្ឌលត្រូវជា ៣ ៧៨១ បន្ទប់ទូទាំងប្រទេស។
បេក្ខជនអវត្តមានកើនឡើងដល់ ១៣៦១ នាក់ ស្រី ៥៣២ ដោយឡែកបេក្ខជនមានបញ្ហាសុខភាព ចំនួន២៦នាក់ និងគ្រោះថ្នាក់ចរាចរណ៍មាន ០២ករណី ដែល ០១ករណី មិនអាចបន្តការប្រឡងបាន៕