(ព្រះវិហារ)៖ លោក ហោ គឹមឡុង អនុប្រធានមន្ទីរ និងមន្ត្រីរាជការ តំណាងលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បាននាំយកថវិកាសមាគមបុគ្គលិក សាធារណការនិងដឹកជញ្ជូន និងថវិការបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ព្រមទាំងថវិការបស់សប្បុរសជនមួយចំនួន យកទៅប្រគល់ជូនក្រុមគ្រួសារសពលោក សំ វិចិត្រា ប្រធានការិយាល័យដឹកជញ្ជូន នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលបាត់បង់ជីវិតដោយសារករណីគ្រោះថ្នាក់ចរាចរណ៍។

នៅក្នុងឱកាសនេះដែរលោក ហោ គឹមឡុង បានថ្លែងពាំនាំនូវការផ្តាំផ្ញើ ការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំក្រសួង ជូនចំពោះក្រុមគ្រួសារសព ចំពោះមរណភាពរបស់លោក សំ វិចិត្រា ប្រធានការិយល័យដឹកជញ្ជូន នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ។

ក្នុងនាមលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិក កម្មករ ទាំងអស់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក ហោ គឹមឡុង បានសំដែងនូវការចូលរួមសោកស្តាយអាឡោះអាល័យ និងក្រៀមក្រំជាទីបំផុត ចំពោះមរណភាពលោក សំ វិចិត្រា និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយអាឡោះអាល័យបំផុត ចំពោះគ្រួសារសព ចំពោះការបាត់បង់ឪពុក និងស្វាមីជាទីគោរពស្រឡាញ់របស់ភរិយានិងកូនៗ។

ថវិកាដែលយកទៅប្រគល់ជូនក្រុមគ្រួសារសពនាពេលនេះរួមមាន៖ថវិការ សមាគមបុគ្កលិកសាធារណការ និងដឹកជញ្ជូន ចំនួន៤លានរៀល ថវិកាមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ចំនួន១លានរៀល ព្រមទាំងថវិការបស់លោកស្រី គង់ សារុំ ប្រធានការិយាល័យដឹកជញ្ជូនផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវចំនួន៤០០,០០០រៀល និងថវិកាលោក ធីតា មន្ត្រីសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង ចំនួន១០០,០០០រៀល។

សូមបញ្ជាក់ថា លោក សំ វិចិត្រា ប្រធានការិយាល័យដឹកជញ្ជូន នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានទទួលមរណភាពនៅថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង០១.៥៩ នាទីយប់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ នៅភូមិរំចេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ៕