(កំពង់ធំ)៖ លោក សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ទូច សុខា អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំដល់អាជ្ញាធរ ភូមិ ឃុំ សង្កាត់ ក្រុង ស្រុកគោល ដៅក្នុងខេត្តកំពង់ធំ ដើម្បីគាំទ្រដល់ការអនុវត្តការចុះបញ្ចីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ ដោយមានការចូលរួមពីរលោក លោកស្រី ជាអាជ្ញាធរក្រុង ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ និងមេភូមិ ប្រមាណជា ៣៥០នាក់ នៅរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២។

លោក អ៉ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ បានបង្ហាញអំពីក្បាល ដីមិនទាន់ចុះបញ្ជីប៉ាន់ស្មានប្រមាណចំនួន ២២៥,៣២៤ក្បាលដី លើភូមិចំនួន ៣៧៧ភូមិ ៤៧ឃុំ និង០៧ស្រុក (ស្រុកតាំង គោក ស្រុកបារាយណ៍ ស្រុកកំពង់ស្វាយ ស្រុកប្រាសាទបល្ល័ង្ក ស្រុកប្រាសាទសំបូរ ស្រុកសណ្តាន់ និងស្រុកស្ទោង) និងលទ្ធផលដែលបានធ្វើកន្លងមក ដោយបានប្រមូលទិន្នន័យចំនួន ៣៦២,៦៤៣ ក្បាលដី, បញ្ចូលទិន្នន័យចំនួយ ៣៦៦,៦៤៣ ក្បាលដី, វាស់វែងចំនួន   ៣៦៦,៦៤៣ ក្បាលដី, គូសក្បាលដីចំនួន ៣៦៩,៥១៧ ក្បាលដី, បានបញ្ចប់ បិទផ្សាយចំនួន ៣១១,៣៨០ ក្បាលដី ស្មើនឹង ៣៨៥ភូមិ, បានចេញបណ្ណចំនួន ២៩០,២៧៣ បណ្ណ, បានចែកបណ្ណចំនួន ២៨៦,៥៨៨ បណ្ណ និងបណ្ណមិនទាន់ចែកចំនួន ៣,៦៨៥ បណ្ណ។

លោក ទូច សុខា អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូន ប្រជាពលរដ្ឋនៅខេត្តកំពង់ធំ ជាបញ្ហាអត្ថិភាពសំខាន់ដែលតម្រូវឲ្យ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ធំ ខិតខំពន្លឿនការចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋរួម ទាំងក្បាលដីរដ្ឋទាំងអស់ឲ្យរួចរាល់១០០% ក្នុងរយៈពេល ២ឆ្នាំខាងមុខ ដែលធានាបាននូវសុវត្តិភាពដីធ្លីជូនប្រជាពលរដ្ឋ និងកាត់បន្ថយវិវាទដីធ្លីមកនៅត្រឹមកំរិតអប្បរមា និងជម្រុញការ ផ្តល់សេវាផ្សេងៗ ពាក់ព័ន្ធ និងវិស័យដីធ្លីឲ្យបានលឿន និងឆាប់រហ័ស ដើម្បីឲ្យការងារចុះបញ្ជីដីធ្លីនៅក្នុងខេត្តកំពង់ធំ ទទួល បានឆាប់រហ័សតាមការកំណត់របស់ក្រសួង ជូនបងប្អូនប្រជាពលរដ្ឋ។

លោកស្នើមន្ទីររៀបចំដែនដី ការិយាល័យភូមិបាលក្រុង ស្រុក អាជ្ញាធរដែនដី ឃុំ ស្រុក ត្រូវផ្សព្វផ្សាយការងារយុទ្ធចុះបញ្ចីដីធ្លីជូនប្រជាពល រដ្ឋអោយបានទូលំទូលាយ ដើម្បីឲ្យពួកគាត់ យល់ដឹងពីសារៈសំខាន់នៃការចុះបញ្ជីដីធ្លី និងជៀសវាងក្នុងកិច្ចដំណើរការទៅមានភាពយឺតយ៉ាវ និងបង្កការលំបាក។

ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ លោក សរ សុវណ្ណ បានលើកនូវទឹកចិត្តដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវយកចិត្តទុកដាក់តាមដាន នឹងស្តាប់ពីការផ្សព្វផ្សាយ ណែនាំក្នុងកិច្ចប្រជុំនេះ ជាពិសេសត្រូវចូលរួមលើកជាសំណួរ ឲ្យបានផុលផុស ដើម្បីពង្រឹងចំណេះដឹង មានសមត្ថភាព គ្រប់គ្រាន់ ក្នុងការចូលរួមអនុវត្តន៍តាមគោលការណ៍ណែនាំទាំងនេះឲ្យបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។

លោកក៏បានណែនាំដល់អាជ្ញាធរ ក្រុង-ស្រុក ឃុំ-សង្កាត់ ទាំងអស់ក្នុងខេត្តកំពង់ធំ គឺត្រូវគោរពឲ្យបានទៅតាមការណែនាំ របស់ក្រុមអ្នកបច្ចេកទេស ក្នុងការចុះបញ្ជីដីធ្លីនេះ ឲ្យធ្វើការផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋរបស់ខ្លួន ឲ្យមានឯកសារ គ្រប់គ្រាន់ ព្រមទាំងត្រូវកំណត់ទំហំក្បាលដីនិងចំនួនក្បាលដីរបស់ខ្លួនឲ្យបានច្បាស់លាស់ និងត្រូវកំណត់ព្រំដី ជាមួយដីជិត ខាងឲ្យបានច្បាស់លាស់ ដើម្បីសម្រួលដល់ក្រុមការងារងាយស្រួលក្នុងការវាស់វែង ព្រមទាំងបញ្ជាក់ពីប្រវត្តិដីឲ្យបានជាក់លាក់ និងត្រូវបញ្ជាក់អ្នកគ្រប់គ្រងសំដៅងាយស្រួលក្នុងការចុះបញ្ជីដីធ្លីជាទ្រព្យសម្បត្តិខាងប្រពន្ធ ឬប្តី ឬក៏ជាទ្រព្យសម្បត្តិរួម ឲ្យមាន ប្រសិទ្ធិភាពខ្ពស់ និងស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា នៅយុទ្ធសាស្ត្របញ្ចកោណនោះដែរ ក៏មានការងារដីធី្ល ដែល ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ។

ជាចុងក្រោយលោក សរ សុវណ្ណ បានផ្តល់នូវអនុសាសន៍មួយចំនួន ជាមូលដ្ឋានគ្រឹះសម្រាប់អាជ្ញាធរមូលដ្ឋានធ្វើការអនុវត្ត សហការជាមួយក្រុមការងារចុះបញ្ជីដីធ្លី ឲ្យដំណើការទៅដោយរលូន និងជម្រុញដល់ក្រុមការងារចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ ត្រូវខិតខំបំពេញភារកិច្ចឲ្យបានល្អត្រឹមត្រូវ និងឆាប់រហ័សស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ឲ្យបានរួចរាល់ទូទាំង ប្រទេសនាឆ្នាំ២០២៥៕