(កំពង់ធំ)៖ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ លោក រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានដឹកនាំប្រជុំស្តីពីការពង្រឹងការអនុវត្តក្រមនីតិវិធីព្រហ្មទណ្ឌ និងច្បាប់ពាក់ព័ន្ធនានានៅសាលាស្រុកស្ទោង ដែលមានការអញ្ជើញចូលរួមរបស់លោកអភិបាលរងស្រុក លោកមេឃុំគ្រប់ឃុំ មេបញ្ជាការ មេបញ្ជាការរងកម្លាំងទាំង៣ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់ឃុំ នាយសង្កាត់ជលផលពាមបាង នាយសង្កាត់ជលផលស្ទោង និងនាយសង្កាត់រដ្ឋបាលព្រៃឈើស្ទោង។

លោក រស់ សារាំ បានលើកបង្ហាញនូវចំណុចសំខាន់៤ដូចជា៖

១៖ ផ្សព្វផ្សាយនិងពង្រឹងការអនុវត្តច្បាប់ផ្សេងៗ និងពង្រឹងប្រព័ន្ធយុត្តិធម៌ក្នុងមូលដ្ឋានឲ្យបានទូលំទូលាយបំផុត។

២៖ ពង្រឹងនិងពង្រីកកិច្ចសហការការអនុវត្តច្បាប់ជាមួយភាគីពាក់ព័ន្ធនានា ទាំងកងកម្លាំងទាំង៣ និងអាជ្ញាធរភូមិ ឃុំ ជាដើម។

៣៖ ជំរុញការបង្ក្រាបនិងទប់ស្កាត់បទល្មើសនានានៅក្នុងមូលដ្ឋាន ដូចជាគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ បទល្មើសជលផល បទល្មើសដីធ្លី បទល្មើសលួចប្លន់ ឆរបោកខ្ចីប្រាក់ផងដែរ។

៤៖ បង្កើនទំនាក់ទំនងកិច្ចសហការជាមួយស្ថាប័ននានា ដូចជារដ្ឋបាលស្រុក/ខេត្តជាដើម។

លោកព្រះអាជ្ញាបានណែនាំដល់រដ្ឋបាលស្រុកស្ទោង ត្រូវបង្កើតគណៈកម្មការ ក្នុងការផ្សព្វផ្សាយនិងទប់បទល្មើសគ្រប់ប្រភេទ ជាពិសេស បទល្មើសគ្រឿងញៀន និងល្បែងស៊ីសង នៅក្នុងមូលដ្ឋាន ដើម្បីអនុវត្តគោលការណ៍ភូមិឃុំមានសុវត្ថិភាពឱ្យមានប្រសិទ្ធភាព ក៏ដូចជាចូលរួមបង្កើនសេដ្ឋកិច្ចពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

លោក រស់ សារាំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកអភិបាលស្រុកស្ទោង ដែលបានផ្ដល់កិច្ចសហការគ្រប់បែបយ៉ាង ជំរុញដល់រដ្ឋបាលស្រុកស្ទោង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាក្នុងការ ផ្សព្វផ្សាយ និងអនុវត្តច្បាប់ឲ្យបានទូលំទូលាយ និងទប់ស្កាត់បទល្មើសនានាឲ្យមានប្រសិទ្ធភាពបំផុត ហើយរាយការណ៍និងសហការជាមួយព្រះរាជអាជ្ញាជាបន្ទាន់ក្នុងករណីចាំបាច់៕