(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយ ផលិតផលមួយ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញ ចូលរួមជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់ លើការរៀបចំយុទ្ធសាស្រ្តជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨។

ពិគ្រោះយោបល់នេះមានការចូលរួមពីសមាជិកនៃក្រុមការងារបច្ចេកទេសចម្រុះ លើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្រុមការងារដឹកនាំ សម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភរាជធានី-ខេត្ត និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីបង្ហាញពីក្របខ័ណ្ឌការងារ ដែលត្រូវដាក់បញ្ចូលទៅក្នុងការបង្កើតយុទ្ធសាស្រ្តជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨ ។

សិក្ខាសាលាពិគ្រោះយោបល់នេះ ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាព ការទទួលខុសត្រូវតាមវិស័យ បញ្ហាអន្ដរវិស័យ និងអាទិភាពសម្រាប់ការសម្របសម្រួលពហុវិស័យ និងដើម្បីផ្តួចផ្តើមដំណើរការគោលនយោបាយ ប្រកបដោយបរិយាបន្ន។

សិក្ខាសាលាមានគោលបំណងបញ្ជាក់អំពីតួនាទី និងការទទួលខុសត្រូវនៅថ្នាក់ក្រោមជាតិ និងប្រមូលធាតុចូល របស់អ្នកចូលរួមអំពីសកម្មភាពអនុវត្តល្អៗ និងមានប្រសិទ្ធភាពដែលបានអនុវត្តនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ទិសដៅរបស់យុទ្ធសាស្រ្តជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨ គឺសម្រេចឱ្យបាននូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងរួមចំណែកដល់គោលនយោបាយ និងយុទ្ធសាស្ត្រតាមវិស័យដទៃទៀត។

សិក្ខាសាលានេះនឹងផ្សារភ្ជាប់ជាមួយកិច្ចពិគ្រោះយោបល់ដទៃទៀតនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីឈានទៅដល់ការសម្រេចបាន នូវការកសាងយុទ្ធសាស្រ្តជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨។

ដំណើរការនៃការពិគ្រោះយោបល់ និងការរៀបចំយុទ្ធសាស្ត្រថ្មីនេះ នឹងត្រូវដឹកនាំដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងគាំទ្រដោយក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងយុវជន។ សិក្ខាសាលាពិគ្រោះយោបល់ជាលើកដំបូងនេះ មានទំនាក់ទំនងនឹងលទ្ធផល នៃការពិនិត្យឡើងវិញនៃការអនុវត្តយុទ្ធសាស្រ្តជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី២ ឆ្នាំ២០១៩-២០២៣ ដោយទាញយកអនុសាសន៍ពីការពិនិត្យឡើងវិញ និងរួមបញ្ចូលការផ្ដល់យោបល់ទាំងនេះ ទៅក្នុងការបង្កើតយុទ្ធសាស្រ្តជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨។

ការពិនិត្យឡើងវិញយុទ្ធសាស្រ្តជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី២ ឆ្នាំ២០១៩-២០២៣ បានបង្ហាញពីអភិក្រមប្រតិបត្តិបន្ថែមទៀត នៅក្នុងការអនុវត្តយុទ្ធសាស្រ្តជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨។

អនុសាសន៍សំខាន់ៗ ពីការពិនិត្យឡើងវិញទាក់ទងនឹងថ្នាក់ក្រោមជាតិ ត្រូវបានរៀបរាប់លម្អិតដូចខាងក្រោម៖

១. ចាប់ផ្តើមរៀបចំយុទ្ធសាស្រ្តថ្មី ទៅក្នុងការទទួលខុសត្រូវតាមវិស័យ និងក្របខ័ណ្ឌត្រួតពិនិត្យតាមដាន និងវាយតម្លៃ និងកែលម្អដំណើរការរៀបចំរបាយការណ៍ តាមការទទួលខុសត្រូវតាមវិស័យ និងកាត់បន្ថយរបាយការណ៍ជាន់គ្នា។

២. ពិនិត្យអាទិភាព សម្រាប់ការសម្របសម្រួលពហុវិស័យ និងកាត់បន្ថយសកម្មភាពត្រួតស៊ីគ្នា។ ពិនិត្យឡើងវិញនូវការទទួលខុសត្រូវ សម្រាប់ការសម្របសម្រួល និងរបាយការណ៍ អាទិភាពសម្រាប់ការសម្របសម្រួលពហុវិស័យ និងតម្រឹមអាទិភាពទាំងនេះឱ្យកាន់តែជិតស្និទ្ធទៅក្នុងស្ថាប័នពាក់ព័ន្ធ ដែលបានអនុវត្តស្រាប់។

៣. កៀរគរ និងតាមដានការផ្តល់មូលនិធិ សម្រាប់ការទទួលខុសត្រូវតាមវិស័យ និងអាទិភាពសម្រាប់ការសម្របសម្រួលពហុវិស័យ និងការគាំទ្រចំពោះសកម្មភាពអន្តរវិស័យ នៅថ្នាក់ឃុំ សង្កាត់ តាមរយៈ CDP និងCIP
៤. បង្កើតក្របខណ្ឌត្រួតពិនិត្យ និងវាយតម្លៃដ៏រឹងមាំ ស្របតាមគោលដៅក្នុងផែនការតាមវិស័យ និងក្របខណ្ឌធំមួយសម្រាប់ការតម្រឹមចំណុចសកម្មភាពសំខាន់ៗ គោលដៅ និងសូចនាករ សម្រាប់ផែនការថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងអន្តរជាតិ ដែលពាក់ព័ន្ធវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។

៥. បង្កើតប្រព័ន្ធព័ត៌មានសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ច្បាស់លាស់ដោយធានាថា ថ្នាក់ក្រោមជាតិ ទទួលបានព័ត៌មានពាក់ព័ន្ធពីការៀបចំផែនការ និងពង្រឹងការអនុវត្តប្រកបដោយបរិយាបន្ន។

៦. ពិនិត្យវឌ្ឍនភាពក្នុងការពង្រឹងសមត្ថភាពអនុវត្តន៍នៅថ្នាក់ក្រោមជាតិ រួមទាំងការឆ្លុះបញ្ចាំងបន្ថែម ទៀតអំពីប្រសិទ្ធភាព និងការរៀបចំនៅថ្នាក់ក្រោមជាតិ។ពិនិត្យវឌ្ឍនភាពក្នុងការពង្រឹងសមត្ថភាពអនុវត្តន៍នៅថ្នាក់ក្រោមជាតិ រួមទាំងការឆ្លុះបញ្ចាំងបន្ថែមទៀតអំពីប្រសិទ្ធភាព និងការរៀបចំនៅថ្នាក់ក្រោមជាតិ។

៧. សម្របសម្រួលដំណើរការគោលនយោបាយប្រកបដោយបរិយាបន្ន ដោយផ្អែកលើមេរៀនបទពិសោធន៍ ក្នុងអំឡុងពេលកិច្ចសន្ទនាស្តីពីប្រព័ន្ធស្បៀង និងប្រើប្រាស់ការប្រាស្រ័យទាក់ទងដើម្បីផ្លាស់ប្តូរឥរិយាបថបុគ្គល និងសង្គម នៅក្នុងសហគមន៍ឱ្យបានទូលំទូលាយ។

សិក្ខាសាលានេះ នឹងមានបទបង្ហាញដោយសង្ខេបស្តីពីការពិនិត្យឡើងវិញយុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខ ស្បៀង និងអាហារូបត្ថម្ភ លើកទី២ ២០១៩-២០២៣ និងទិសដៅសម្រាប់យុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខ ស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ២០២៤-២០២៨ ដោយផ្តោតលើទិដ្ឋភាពពាក់ព័ន្ធនឹងថ្នាក់ក្រោមជាតិ និងវិស័យសំខាន់ៗ (សុខភាព កសិកម្ម ទឹកស្អាតនិងអនាម័យ)។

សូមជម្រាបជូនថា សិក្ខាសាលានេះ មានការអញ្ជើញចូលរួម ពីលោកស្រី REBEKAH BELL នាយិកាអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ លោក JOST KADEL អនុប្រធានបេសកកម្ម និងជាប្រធានកិច្ចសហប្រតិបត្តិការនៃស្ថានទូតសាធារណរដ្ឋអាល្លឺម៉ង់ប្រចាំកម្ពុជា និងអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ព្រមទាំង តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន៕