(ភ្នំពេញ)៖ កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ចំនួន៣៤៦នាក់ បានធ្វើដំណើរមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ នៅព្រលប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោយបញ្ចប់បេសកកម្មរក្សាសន្តិភាពក្រោមឆត្ររបស់អង្គការសហប្រជាជាតិ (UN) នៅសាធារណរដ្ឋម៉ាលី និងប្រទេស៊ូដង់ខាងត្បូង ដោយជោគជ័យ។
កងកម្លាំងមួកខៀវដែលបានបញ្ចប់បេសកកម្មរបស់ខ្លួននៅសាធារណៈរដ្ឋម៉ាលី និងប្រទេសស៊ូដង់ខាងត្បូងនេះ មាន៣កងរួមមាន៖ កងកម្ទេចគ្រឿងផ្ទុះចំនួន១៤៤នាក់ កងវិស្វកម្មព្រលានយន្តហោះចំនួន១២៩នាក់ និងកងរាជអាវុធហត្ថចំនួន ៧៣នាក់។
ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងកម្ពុជា ដែលអញ្ជើញមកមាតុភូមិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ លោកJoseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា រួមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ បានអញ្ជើញទទួលស្វាគមន៍ការធ្វើមាតុភូមិនិវត្តន៍ និងបំពាក់មេដាយជូនកងកម្លាំងមួកខៀវកម្ពុជា ផងដែរ។
យោងតាមរបាយការណ៍ស្វាគមន៍របស់ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានថ្លែងថា បេសកកម្មនៅសាធារណរដ្ឋម៉ាលី កម្លាំងកម្ពុជា បានប្រឈមនឹងបញ្ហាស្មុគស្មាញ ជាលក្ខណៈប្រពៃណីផង និងមិនប្រពៃណីផង បង្កឡើងដោយតួអង្គរដ្ឋ និងមិនមែនរដ្ឋ ក៏ប៉ុន្តែកងកម្លាំងមួកខៀវកម្ពុជា តែងតែស្វាហាប់ មិនរាថយ ក្នុងការបំពេញតួនាទីភារកិច្ចឡើយ និងសម្រេចបាននូវលទ្ធផលយ៉ាងល្អប្រសើរជូនជាតិ។
ជាមួយគ្នានោះ លោក Joseph Scheuer បានបង្ហាញការស្ញប់ស្ញែង ចំពោះការលះបង់របស់កងកម្លាំងមួកខៀវកម្ពុជា ក្នុងការកសាងសន្តិភាព សន្តិសុខ និងមិត្តភាព។
មន្ត្រី UN រូបនេះ បានបញ្ជាក់ថា៖ «វត្តមានរបស់លោកនាពេលនេះ មិនត្រឹមតែស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍របស់កងកម្លាំងនោះទេ ប៉ុន្តែក៏បានបញ្ជាក់ពីការស្វាគមន៍កម្លាំងទាំងអស់ជាគ្រួសាររបស់អង្គការសហប្រជាជាតិ»។
លោកបានបន្ថែមថា កងកម្លាំងទាំងអស់បានពាក់មួកខៀវដ៏ល្បីល្បាញ បំពាក់និមិត្តសញ្ញាអង្គការសហប្រជាជាតិនៅលើឯកសណ្ឋាន និងចូលរួមអនុវត្តភារកិច្ច ក្រោមទង់អង្គការសហប្រជាជាតិ។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងថា ការនិវត្តន៍របស់កម្លាំងរក្សាសន្តិភាពនាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយថែមទៀតក្នុងចំណោមសមិទ្ធផលជាច្រើន ដែលកងយោធពលខេមរភូមិន្ទសម្រេចបានលើវិស័យរក្សាសន្តិភាព។ សមិទ្ធផលនេះ បានបង្ហាញពីឆន្ទៈ ការគោរពវិន័យម៉ឺងម៉ាត់ សមត្ថភាពប្រកបដោយវិជ្ជាជីវៈរបស់កងទ័ពមួកខៀវកម្ពុជា ក្នុងសកម្មភាពមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ ជាសក្តានុពលដ៏ខ្លាំងក្លារបស់កងយោធពលខេមរភូមិន្ទ។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើឡើងថា ការធ្វើដំណើរមាតុភូមិនិវត្តន៍របស់កងកម្លាំងទាំង៣កងកម្ពុជា ដែលបញ្ចប់បេសកកម្មរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី និងស៊ូដង់ខាងត្បូង នាពេលនេះជាជោគជ័យ និងស្នាដៃដ៏ ត្រចះត្រចង់ថ្មីមួយបន្ថែមទៀត ដែលកម្លាំងមួកខៀវកម្ពុជាសម្រេចបានក្នុងការបំពេញបេសកកម្មអន្តរជាតិ ដើម្បីបុព្វហេតុ សន្តិភាព និងមនុស្សធម៌នៅលើពិភពលោក។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានថ្លែងអំណរគុណដល់ជនរួមជាតិទាំងអស់ ដែលបានលះបង់កូនចៅ ប្តីសី និងសាច់ញាតិជាទីស្រឡាញ់របស់ខ្លួន រួមចំណែកដោយស្ម័គ្រចិត្តក្នុងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ ដើម្បីបុព្វហេតុសន្តិភាព និងមនុស្សធម៌ដ៏ថ្លៃថ្លានេះ និងសូមពាំនាំការសាកសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានដែលបានបញ្ចប់បេសកកម្ម និងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
បន្ថែមពីនេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជក់ថា ការបញ្ចប់ភារកិច្ចរបស់កងទ័ពមួកខៀវកម្ពុជា នៅក្នុងតំបន់បេសកកម្ម សុទ្ធតែបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយប្រជាជាតិទូទាំងពិភពលោកតាមក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថេរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួមរបស់ពិភពលោក។
តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាពិតជាមានមោទនភាពណាស់បានរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យរក្សាសន្តិភាព ដែលបានបង្ហាញពីឆន្ទៈរួមវិភាគទានដល់កិច្ច ប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុ សន្តិភាព សន្តិសុខ និងមនុស្សធម៌នៅលើលោក។ ចាប់តាំង ពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានរួមចំណែកបញ្ជូនកងកម្លាំងទៅបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិចំនួន ៩,២០៥នាក់ ក្នុងនោះនារី៧២៦នាក់ ទៅកាន់បេសកកម្មចំនួន១២ ក្នុងប្រទេសចំនួន១០ សម្រេចជោគជ័យជាបន្តបន្ទាប់ ដែលជាបុព្វហេតុថែរក្សាសន្តិភាព ស្ថិរភាពពិភពលោក និងទទួលបានការកោតសរសើរលើឆាកអន្តរជាតិ៕