(កំពង់ចាម)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធី បំពាក់ឋានន្តរសក្ដិថ្នាក់វរសេនីយ៍ឯក ជូនដល់លោកវរសេនីយ៍ទោ សែម ហាក់ នាយសេនាធិការ នៃកងរាជអាវុធហត្ថខេត្តកំពង់ចាម។

ក្នុងនោះ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន ក៏បានចែកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកំពង់ចាម និងចែកឯកសណ្ឋានប្រតិបត្តិការដល់នាយទាហាន នាយទាហានរង នៃកងអនុសេនាធំ ចំនួន៣៨នាក់ ក្នុងម្នាក់ៗទទួលបានចំនួន១កំប្លេរផងដែរ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត ជាច្រើនរូបទៀត។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានណែនាំដល់កងកម្លាំងអាវុធហត្ថទូទាំងខេត្ត ត្រូវបន្ដពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋានឲ្យបានកាន់តែល្អប្រសើរ។

លោកឧត្តមសេនីយ៍ត្រី សោ សាវឿន ក៏បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ត្រូវបន្ដខិតខំបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាដែលអាច និងកើតមានក្នុងមូលដ្ឋានខេត្តកំពង់ចាម ដើម្បីបន្ដរក្សាសន្ដិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោកមេបញ្ជាការក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដែលអង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម សម្រេចបាននាពេលកន្លងមក ប៉ុន្ដែលោកបានណែនាំដល់មន្ដ្រីទាំងអស់ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង និងបន្ដកិច្ចសហការល្អជាមួយស្ថាប័នដទៃ ដើម្បីប្រសិទ្ធភាពការងារបន្ដទៀត៕