(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យការប្រមូលផលធនធានមច្ឆជាតិ របស់ប្រជានេសាទ នៅតាមដងទន្លេ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ចាប់ពីព្រំប្រទល់ឃុំកំពង់លួង ស្រុកក្រគរ រហូតដល់ចំណុចកដប ស្រុកបរិបូណ៌ ព្រំប្រទល់ខេត្តកំពង់ឆ្នាំង។

ថ្លែងក្នុងកិច្ចសម្ភាសន៍ផ្ទាល់ ជាមួយអង្គភាពព័ត៌មាន Fresh News, លោក ខូយ រីដា បានឱ្យដឹងថា ការចុះមកនាពេលនេះ គឺដើម្បីត្រួតពិនិត្យមើលការប្រមូលផលធនធានមច្ឆជាតិ របស់ប្រជានេសាទ នៅតាមដងទន្លេ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់របស់យើង តើមានការធ្លាក់ចុះ ឬកើនឡើង។ តាមពិតទៅក្នុងរដូវខែ១២នេះ ជារៀងរាល់ឆ្នាំ ត្រីកំពុងតែហែរចុះ ធ្លាក់ទៅតាមដងទន្លេជាហូរហែរ ហើយក្នុងនោះ គឺប្រជាពលរដ្ឋរបស់យើង ក៏បានចាប់ផ្ដើមប្រមូលផលមច្ឆាជាតិ ដើម្បីធ្វើប្រហុកផងដែរ។

លោកអភិបាលខេត្តពោធិ៍សាត់ បានបន្ថែមថា នៅចំណុចកដបនេះ ប្រសិនបើជាយើងបណ្ដោយឱ្យបងប្អូនប្រជានេសាទ គាត់នេសាទតាមចិត្តរបស់គាត់ គឺអ្នកក្រោមមិនបានផលត្រី ដើម្បីធ្វើប្រហុកនោះទេ។ ដូច្នេះហើយការចុះមកពិនិត្យមើលនេះ គឺពិនិត្យមើលការដាក់រណាំងតាមដងទន្លេនេះ ធ្វើយ៉ាងណាឱ្យមានត្រីចេញចូល ចុះទៅខាងក្រោមដើម្បីចែកដល់បងប្អូនប្រជាពលរដ្ឋរបស់យើង បានរកទទួលទានទាំងអស់គ្នា។

លោក ខូយ រីដា បន្តថា យើងក៏ត្រូវពិនិត្យមើល ការដាក់ឧបករណ៍នេសាទទាំងអស់ តើមានលក្ខណៈសម្បត្តិត្រឹមត្រូវស្របតាមច្បាប់កំណត់ ឬយ៉ាងណា។ តាមការពិនិត្យជាក់ស្តែង ជាលើកទី៤ ក្នុងឆ្នាំនេះ បទល្មើស គឺមានការថយចុះច្រើនមែនទែន រហូតទៅដល់ប្រមាណ៥០% នេះមានន័យថា ប្រជាពលរដ្ឋរបស់យើង គឺមានការយល់ដឹងច្រើន។ តែទោះជាយ៉ាងនេះក្តី យើងនៅតែខិតខំធ្វើយ៉ាងណា ឱ្យបងប្អូនប្រជាពលរដ្ឋយើង ដែលនៅមានប្រើឧបករណ៍ដែលច្បាប់ហាមឃាត់ ឱ្យបញ្ឈប់ និងងាកមករកឧបករណ៍ណា ដែលច្បាប់អនុញ្ញាតវិញ ដើម្បីឱ្យធនធានមច្ឆាជាតិមានការកើតឡើង។

ជាក់ស្ដែងថ្ងៃនេះ យើងឃើញថា ត្រីរៀលដែលប្រជានេសាទយើងពាក់មងបាននោះ គឺជាប់ច្រើនសុទ្ធតែត្រី សម្រាប់ថ្ងៃនេះ ថ្ងៃស្អែក និងថ្ងៃបន្តបន្ទាប់។ នេះដោយសារតែការខិតខំប្រឹងប្រែង របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងជំនាញជលផល និងកម្លាំងសរុបគ្រប់ជាន់ថ្នាក់ រក្សាបាននូវរន្តរភាពពូជមច្ឆាជាតិ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋយើង។

លោកអភិបាលខេត្ត ខូយ រីដា ក៏បានលើកឡើងថា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់យើង គឺលោកបានយកចិត្តទុកដាក់ខ្ពស់ ដោយបានលះបង់ថវិកា ទម្លាប់មកថ្នាក់ក្រោមជាតិ ដើម្បីការពារធនធានមច្ឆាជាតិនេះឱ្យបាន។ ជាមួយគ្នានោះថ្នាក់ខេត្ត ដែលមានរូបលោក ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានប្តេជ្ញាចិត្តដូចគ្នា ថានឹងធ្វើកិច្ចការនេះឱ្យបានទាំងអស់គ្នា ដែរជាលទ្ធផលនៅចំពោះមុខយើងស្រាប់ គឺធនធានមច្ឆជាតិ ពិតជាមានការកើនឡើងមែន។

ក្នុងឱកាលនោះ លោក ខូយ រីដា ក៏បាននាំយកវត្ថុកំដរដៃ ចែកជូនដល់កម្លាំងចម្រុះ និងក្រុមអន្តរាគមន៍ថ្នាក់ជាតិ ទាំង១១អង្គភាព ដែលប្រចាំការ ត្រួតពិនិត្យកិច្ចការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល លើផ្ទៃទឹកបឹងទន្លេសាប ភូមិសាស្ត្រខេត្តពោធិ៍សាត់ រួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនផងដែរ៕