(ភ្នំពេញ)៖ ជនសង្ស័យ៧៩នាក់ត្រូវបានឃាត់ខ្លួនលើមុខសញ្ញាព្រហ្មទណ្ឌទូទៅចំនួន៥៧ករណី ក្នុងរយៈពេលមួយសប្តាហ៍គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។ នេះបើយោងតាមការឲ្យដឹងពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិតទូច សុឃៈ (សុខៈ)។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ បានបន្ថែមទៀតថា ក្នុងចំណោមបទល្មើសព្រហ្មទណ្ឌទាំង៥៧ករណី មានករណីលួចចំនួន ២៨ករណី អំពើហិង្សា១៩ករណី លួច(ឆក់)មាន ៤ករណី ឆបោក២ករណី និងក្រៅពីនេះ  ករណីលួចមានស្ថានទម្ងន់ទោស(ប្លន់) ឃាតកម្ម មនុស្សឃាតដោយអចេតនា រំលោភសេពសន្ថវៈ មានតែមួយករណីប៉ុណ្ណោះ ដែលបានកើតឡើងនៅទូទាំងប្រទេស។

ក្រសួងមហាផ្ទៃបានចាត់វិធានការយ៉ាងយកចិត្តទុកដាក់បំផុត ពិសេសស្របតាមអនុសាសន៍លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានដាក់ទិសដៅអាទិភាពយ៉ាងម៉ឺងម៉ាត់និងប្រកបដោយទទួលខុសត្រូវដើម្បីធានាបាននូវសន្តិសុខនិងសណ្ដាប់ធ្នាប់ តាមទស្សនៈ អ្វីៗធ្វើដើម្បីភាពកក់ក្ដៅជូនប្រជាពលរដ្ឋ។

លទ្ធផលរយៈពេលមួយសប្តាហ៍នេះគឺជាការខិតខំប្រឹងប្រែងយ៉ាងក្លៀវក្លា និងប្រកបដោយការទទួលខុសត្រូវស្របតាមនីតិវិធីដែលបានកំណត់ដោយច្បាប់របស់ អគ្គស្នងការនគរបាលជាតិ បណ្ដាស្នងការដ្ឋាននគរបាលរាជធានីខេត្តនិងអធិការដ្ឋានក៏ដូចជាប៉ុស្តិ៍នគរបាលទូទាំងប្រទេស។

អ្នករាំពាក្យដដែលនេះក៏បានបន្តទៀតថា សមត្ថកិច្ចនៅតាមបណ្ដារាជធានីគ្រប់ខេត្តក្រុងទាំងអស់ បាននិងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ដើម្បីបង្ការ និងបង្ក្រសបបទល្មើសទាំងឡាយ ជាពិសេសនៅក្នុងបទល្មើសដែលពាក់ព័ន្ធទិសដៅអាទិភាពទាំង៦ ដែលលោកអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានដាក់ចេញ និងតែងក្រើនរម្លឹកជារឿយៗដល់ស្ថាប័នពាក់ព័ន្ធក្រោមឱវាទក្រសួងមហាផ្ទៃ៕