(ភ្នំពេញ)៖ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (ស៊ីម៉ាក់) លោក ហេង រតនា បានឲ្យដឹងនៅថ្ងៃទី២៣ ខែសីហានេះថា ស៊ីម៉ាក់បានស្នើសុំដល់រដ្ឋាភិបាលជប៉ុន បន្តគាំទ្រដល់គម្រោងដោះមីន ដំណាក់កាលទី៣ រយៈពេល៣ឆ្នាំរំកិលចាប់ពីឆ្នាំ២០១៧ ដល់ ២០១៩ នៅភូមិភាគ២ ខេត្តបាត់ដំបង ដើម្បីប្រតិបត្តិការរំដោះចំការមីន លើផ្ទៃដីជាង១ម៉ឺនហិកតា ក្នុងស្រុកចំនួន៤។
ការបញ្ជាក់របស់លោក ហេង រតនា ធ្វើឡើងនៅថ្ងៃទី២៣ ខែសីហានេះ ក្នុងឱកាសដែលលោកចុះសួរសុខទុក្ខ បងប្អូនអ្នកដោះមីន នៅភូមិភាគ២ខេត្តបាត់ដំបង។
អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់លោកថា សម្រាប់គំរោងបោសសំអាតមីន សមាហកម្មការអភិវឌ្ឍន៍ជនបទ (Demining and rural development integration) នេះជាគំរោងពិសេសដែលគាំទ្រពី កញ្ចប់ថវិកាផែ្នកការកសាងសន្តិភាព (peace building scheme) ដោយរដ្ឋាភិបាលជប៉ុន ដែលនេះជាគំរោងដំណាក់កាលទី២ មានរយៈពេល៣ឆ្នាំ ២០១៤-២០១៦ ដែលត្រូវបញ្ចប់នៅ ខែតុលាឆ្នាំ២០១៦នេះ។
លោកបានបញ្ជាក់ថា «គំរោងនេះគាំទ្រអ្នកមីនជាង៤០០នាក់ នៅបំពាក់ដោយគ្រឿងចក្រកំទេចមីនជាច្រើនគ្រឿង។ ដើម្បីធានានិរន្តភាព នៃកិច្ចប្រតិបតិ្តការក្នុងការរំដោះតំបន់ចំការមីន ស៉ីម៉ាក់បានស្នើសុំរដ្ឋាភិបាលជប៉ុន បន្តគាំទ្រគំរោងដំណាក់ទី៣ មានរយៈពេល៣ឆ្នាំរំកិល ២០១៧-០១៩បន្តទៀត។ គំរោងថី្មនេះត្រូវវរំដោះផ្ទៃដីចំការមីន ចំនួនជាងមួយម៉ឺនហិកតាស្មើនឹង៤០% នៃផ្ទៃដីមីននៅសល់ នៃស្រុកបួន គឺស្រុករតនមណ្ឌល បរវេល បាណន់ និងស្រុកសំឡូត»។
លោក ហេង រតនា បានឲ្យដឹងទៀតថា «ដើម្បីសំរេចគោលដៅនេះ គំរោងនឹងរក្សាកំលាំងអ្នកមីនជាង៥០០នាក់ និងគ្រឿងចក្រមួយចំនួនទៀត ក្នុងកិច្ចប្រតិបតិ្តការ៣ឆ្នាំបន្តទៀត។ យើងបានទទួលដំណឹងល្អ ពីការប្តេជ្ញាចិត្តបន្តគាំទ្រគំរោងថី្មនេះ ពីរដ្ឋាភិបាល និងប្រជាជនជប៉ុន និងសង្ឃឹមយ៉ាងមុតមាំ ក្នុងការអនុម័តជំនួយនេះ នៅពេលឆាប់ៗខាងមុខនេះ»។
ជាមួយគ្នានេះ នៅល្ងាចថ្ងៃទី២៣ ខែសីហានេះ លោក ហេង រតនា បានបន្តចុះទៅសួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពអភិវឌ្ឍន៍ នៅមណ្ឌលអភិវឌ្ឍន៍ស៉ីម៉ាក់ មរតកតេជោ នៅស្រុកគាល់ក្រឡខេត្តបាត់ដំបង។ លោកបានបញ្ជាក់ លោកពិតជារីករាយដែលបានឃើញដើមធ្នង់ ដើមឈើប្រណិត ដែលដាំនៅឆ្នាំកន្លងទៅបានដុះលូតលាស់ល្អ ការបណ្តុះបណ្តាលមន្ត្រីចូលនិវត្តន៍ ក្នងកសាងជីវភាពថី្មក្រោយបញ្ចប់អាជីព ជាអ្នកដោះមីន។
លោកបានបញ្ជាក់ថា ស៉ីម៉ាក់បានសាកល្បងដាំដំណាំស្មៅ sorghum ក្នុងការសហការជាមួយក្រុមហ៊ុន Yanmar ដែលបានទទួលការគាំទ្រពីភ្នាក់ងារកិច្ចសហប្រតិបតិ្តការជប៉ុន JICA ក្នុងការសាកល្បង និងកសាងឃ្លាំងស្តុកទិញគ្រឿងចក្រ ត្រាក់ទរ័ជាដើម។ លោកសង្ឃឹមថា ដំណាំស្មោះ sorghum នឹងទទួលបានជោគជ័យទាំងលើការដាំដុះ កែឆ្នៃនិងនាំចេញទៅជប៉ុន ដើម្បីជាចំណីសត្វគោ៕