(ភ្នំពេញ)៖ ក្រោមកិច្ចសហការរវាងក្រសួងអប់រំ យុវជននិងកីឡា ជាមួយនឹងវិស័យឯកជនកម្មវិធីប្រឡងប្រជែងគណិតវិទ្យាអង្គរ ដ៏ធំប្រចាំប្រទេសកម្ពុជា AMC ( Angkor Mathematics Competition) ដែលមានសិស្សានុសិស្ស ចូលរួមប្រកួតប្រជែងជាង ៥ ០០០នាក់ មកពីជាង ៨០សាលារៀនទាំងរដ្ឋ និងឯកជនទូទាំងប្រទេស បានឈានដល់ការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ និងរកឃើញជើងឯកហើយ ជាមួយនឹងការអបអរសារទរយ៉ាងខ្លាំង ពីសំណាក់អាណាព្យាបាលរបស់សិស្ស។

កម្មវិធីប្រឡងប្រជែងគណិតវិទ្យាអង្គរ ដ៏ធំប្រចាំប្រទេសកម្ពុជាវគ្គផ្តាច់ព្រ័ត្រនេះ បានធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅសាលមហោស្រពកោះពេជ្រ ដោយមានការចូលរួមពីបណ្តាក្រុមហ៊ុន អាព្យាបាល និងសិស្សានុសិស្ស រាប់ពាន់នាក់។ AMC ជាវេទិការប្រឡងប្រជែងគណិតវិទ្យា ផ្តល់ឱកាសឱ្យសិស្សានុសិស្សអាចវាស់ស្ទង់សមត្ថភាពគណិតវិទ្យា លើកកម្ពស់ការអប់រំផ្នែកវិទ្យាសាស្រ្ត ព្រមទាំងមានលើកកម្ពស់វិស័យអប់រំផងដែរ ហើយចំពោះសិស្សដែលអាចចូលរួមប្រកួតមានចាប់ពីថ្នាក់ទី៣ ដល់ថ្នាក់ទី១២ផងដែរ។

បើតាមការបញ្ជាក់ពីកញ្ញា ជី ច័ន្ទលាភ អ្នកគ្រប់គ្រងទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម នៃក្រុមហ៊ុន Bright Education Consultant and Travel.Co,Ltd បានបញ្ជាក់ថា កម្មវិធីប្រឡងប្រជែងគណិតវិទ្យាអង្គរ ដ៏ធំប្រចាំប្រទេសកម្ពុជានេះ គឺជារដូវការទី៣ នៃការរៀបចំការប្រកួតប្រជែងហើយ សម្រាប់ការប្រកួតប្រជែងក្នុងឆ្នាំ២០២៣នេះ មានសិស្សានុសិស្សចូលរួមប្រកួតជាង ៥,០០០នាក់ មកពីសាលារដ្ឋ និងឯកជន ដែលសុទ្ធសឹងតែជាកូនសិស្សដែលមានសមត្ថភាពខ្ពស់ ក្នុងការចូលរួមកម្មវិធីប្រកួតប្រជែងដ៏ធំមួយនេះ។

កញ្ញា ជី ច័ន្ទលាភ បានបន្ថែមថា ការរៀបចំកម្មវិធីប្រឡងប្រជែងគណិតវិទ្យាអង្គរនេះឡើង ដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សទាំងអស់អាចចូលរួមប្រឡងប្រជែងគណិតវិទ្យាបាន ទោះបីជាសិស្សានុសិស្សនៅតំបន់ឆ្ងាយក៏អាចប្រកួតបានដែរ ដោយសារកម្មវិធីនេះមានប្រឡងប្រជែងតាមអនឡាញ និងមកប្រឡងផ្តាច់ព្រ័ត្រផ្ទាល់ផងដែរ ហើយកម្មវិធីនេះដែរក៏ដើម្បីជាការជួយដុះខាត់សមត្ថភាព ផ្នែកគណិតវិទ្យារបស់កូនសិស្សឱ្យបានកាន់តែល្អផងដែរ។

ជាមួយគ្នានោះដែរ យុវជនទទួលបានជ័យលាភីលេខ៨ ឡោ ហ៊ុនវិសាសក្តិ សិស្សថ្នាក់ទី១០ នៃវិទ្យាល័យសត្តហ្វ្រង់ស្វរ នៅខេត្តតាកែវ បានបញ្ជាក់ថា រូបគេគិតជាមានអារម្មណ៍រីករាយជាខ្លាំង ដែលអាចយកឈ្នះបេក្ខជនជាច្រើន ក្នុងការប្រកួតប្រជែងមួយនេះ ហើយការប្រកួតប្រជែងមួយនេះពិតជាល្អខ្លាំងណាស់ ដែលអាចជួយឱ្យសិស្សអាចមានឱកាសបញ្ចេញនូវសមត្ថភាពរបស់ខ្លួនបាន។

យុវជន ឡោ ហ៊ុនវិសាសក្តិ បានបញ្ជាក់ទៀតថា កម្មវិធីប្រឡងប្រជែងគណិតវិទ្យាអង្គរនេះ ចំពោះវិញ្ញាសារប្រឡងគឺមានការពិបាកខ្លាំង តែទោះជាយ៉ាងណាបើសិនមានការរៀបចំប្រកួតប្រជែងនេះនៅឆ្នាំក្រោយៗទៀត រូបគេនឹងនៅតែបន្តចូលរួមប្រកួតដើម្បីបញ្ចេញសមត្ថភាពរបស់ខ្លួន ជាមួយនឹងការប្តេជ្ញាចិត្តដណ្តើមយកចំណាក់ថ្នាក់ឱ្យបានកាន់តែល្អផងដែរ។

ជាមួយគ្នានោះដែរ ម្តាយរបស់យុវជន ឡោ ហ៊ុនវិសាលសក្តិ បានបញ្ជាក់ដែរថា កម្មវិធីប្រឡងប្រជែងគណិតវិទ្យាអង្គរ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឱ្យសិស្សានុសិស្សនៅទូទាំងប្រទេសអាចមានឱកាសបញ្ចេញនូវសមត្ថភាពរបស់គណិតវិទ្យារបស់ខ្លួន។ លោកស្រីយល់ឃើញដែរ សម្រាប់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ ពិតជាមានការរីកចម្រើនយ៉ាងខ្លាំង ដោយសិស្សានុសិស្សកម្ពុជានាពេលបច្ចុប្បន្ននេះ ក៏អាចមានឱកាសក្នុងការបញ្ចេញសមត្ថភាពប្រកួតប្រជែងជាមួយបរទេសបានផងដែរ។

ជាមួយគ្នានោះដែរ បើតាមម្តាយរបស់យុវតីម្ចាស់ជ័យលាភីលេខ១ ភក្ត្រ រចនា បានបញ្ជាក់ដែរថា កម្មវិធីប្រឡងប្រជែងគណិតវិទ្យាអង្គរគឺពិតជាល្អណាស់ ដែលបានជួយជម្រុញឱ្យក្មេងៗមានការខិតខំរៀនសូត្របានកាន់ច្រើន ដើម្បីចូលរួមប្រកួតប្រជែងជាមួយសិស្សដ៏ទៃទៀត ហើយបើសិនជាមិនមានកម្មវិធីប្រកួតប្រជែងច្រើនទេ សិក្សានុសិស្សក៏មិនសូវខិតខំប្រឹងប្រែងក្នុងការរៀនសូត្រនោះទេ។

ម្តាយរបស់ម្ចាស់ជ័យលាភីលេខ១ រូបនេះក៏បានគោរពថ្លែងអរគុចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំប្រទេសនាំមកនូវសុខសន្តិភាព និងបានជួយឱ្យវិស័យអប់រំ មានការរីកចំរើន មិនថា សាលារដ្ឋ និងឯកជន ដែលបានផ្តល់ឱកាសឱ្យសិស្សានុសិស្សមានឱកាសបានសិក្សារៀនសូត្រ រហូតមានឱកាសអាចចូលរួមប្រកួតប្រែងជាមួយបរទេសផងដែរ៕