(ភ្នំពេញ)៖ សមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ខ្លួន នៅសណ្ឋាគារ Fairfield Marriott Hotel ដើម្បីពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងពិភាក្សាអំពីកិច្ចការសំខាន់ចំពោះមុខមួយចំនួនទៀត ដើម្បីជំរុញទីផ្សារស៊ីម៉ងតិ៍ ។

លោក ពុត ចន្តារិទ្ឋ អគ្គលេខាធិការ នៃសមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា បានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំនេះ មានការចូលរួមពីសមាជិក តំណាងថ្នាក់ដឹកនាំក្រុមហ៊ុនស៉ីម៉ងតិ៍ចំនួន៥ រួមមាន៖ ១៖ ក្រុមហ៊ុនកំពត ស៊ីមេន (Kampot cement co.,Ltd), ២៖ ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee Cement Corporation), ៣៖ ក្រុមហ៊ុនស៊ីម៉ង់ត៍ ចក្រីទីង (Cambodia Cement Chakrey Ting Factory Co., Ltd) ៤៖ ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន (Battambang Conch Cement Company Limited) និង ៥៖ ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត (Thai Boom Roong Cement Co.,Ltd) ជាដើម។

អគ្គលេខាធិការសមាគម បានបញ្ជាក់បន្ថែមថា នៅក្នុងកិច្ចប្រជុំនេះ គឺមានការពិភាក្សាលើរបាយការណ៍ជំនួបជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងពិភាក្សាអំពីការអញ្ជើញរបស់សហគមស៊ីម៉ង់តិ៍អាស៊ី ចំពោះសមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា ដើម្បីចូលរួមជាអ្នកសង្កេតការណ៍ក្នុង កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤៤ ​នៃសហព័ន្ធឧស្សាហកម្មស៊ីម៉ងត៍អាស៊ាន នៅទីក្រុងបាងកក ប្រទេសថៃ ហើយក្នុងនោះគេក៏អញ្ជើញ សមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា ចូលជាសមាជិក នៅពេលប្រជុំក្រុមប្រឹក្សាភិបាលលើកទី ៤៥ នៅប្រទេសវៀតណាម ក្នុងឆ្នាំ២០២៤ ផងដែរ។

បើតាម លោក ពុត ចន្តារិទ្ធ, នៅឆ្នាំ២០២៣នេះ ការលក់ស៊ីម៉ងតិ៍ នៅកម្ពុជា មានការថយចុះបន្តិច បើប្រៀបធៀបនឹងឆ្នាំមុន ប៉ុន្តែទោះជាយ៉ាងនេះក្តី លោកមានសុទិដ្ឋនិយមថា វិស័យនេះនឹងល្អប្រសើរ នៅឆ្នាំបន្តបន្ទាប់ខាងមុខ ខណៈការព្យាករណ៍អំពីសេដ្ឋកិច្ចកម្ពុជា មានកំណើនប្រមាណជាង៦ភាគរយ។

សមាគមន៍ឧស្សាហកម្មស៊ីម៉ង់តិ៍កម្ពុជា បង្កើតឡើងក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យឧស្សាហកម្មស៊ីម៉ង់ត៍ និងមានគោលដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការផ្សព្វផ្សាយគោលនយោបាយ និងគោលការណ៍អភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ដល់អ្នកវិនិយោគ, បង្កើនទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយសមាគមស៊ីម៉ង់ត៍ ក្នុងការសហការអភិវឌ្ឍ នៅក្នុងកម្ពុជា, ការពារផលប្រយោជន៍ស្របច្បាប់របស់សមាជិកសមាគម, ផ្តល់នូវព័ត៌មានអំពីទីផ្សារ បច្ចេកទេសគ្រប់គ្រង នីតិវិធីច្បាប់ និងការទំនាក់ទំនងរវាងស្ថាប័នពាក់ព័ន្ធនានាដល់សមាជិកសមាគម៕