(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រកាន់ខ្ជាប់នូវអនាម័យល្អ ដើម្បីសុខភាពល្អ និងគ្រួសារមានសុភមង្គល ហើយភាពស្អាតនេះ គឺស្អាតចេញពីចិត្ត ដូចនេះថ្ងៃអនាគតមិនមែនស្អាតតែទិដ្ឋភាពនោះទេ គឺស្អាតទាំងសង្គមកម្ពុជា។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានណែនាំដល់មន្រ្កីក្រសួងបរិស្ថាន ក៏ដូចជាមន្ត្រីនៅតាមមន្ទីរនានាន បន្តអនុវត្តឱ្យជាប់ជាប្រចាំចំពោះភាពស្អាត និងការធ្វើអនាម័យល្អជាដើម។ ព្រមជាមួយគ្នានេះដែរ ត្រូវចូលរួមប្រឹងប្រែងអនុវត្តន៍ទិសដៅស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្រសួងបរិស្ថាន ២០២៣-២០២៨។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្តថា មន្ត្រីរាជការមានតួនាទីចូលរួមផ្សព្វផ្សាយពីបញ្ហាបរិស្ថាន អនាម័យដល់សិស្សសាលាទាំងអស់ឱ្យចូលរួមសម្អាតផ្ទះសម្បែង សម្អាតមូលដ្ឋាន ការបណ្តុះគំនិតស្រឡាញ់បរិស្ថាន ភាពស្អាតនៅជុំវិញខ្លួន។ ការបណ្តុះគំនិតស្រឡាញ់បរិស្ថាន និងភាពស្អាតនេះមិនត្រឹមតែធ្វើឱ្យខ្លួនយើងស្អាតនោះទេ ប៉ុន្តែធ្វើឱ្យសង្គមយើងស្អាត ខ្លួនឯងមានភាពរីករាយ និងគ្រួសារមានសុភមង្គល។

ទន្ទឹមនឹងនេះដែរ លោកបណ្ឌិតរដ្ឋមន្ត្រី បានបញ្ជាក់ថា ភាពស្អាត និងសុខភាពប្រជាពលរដ្ឋ ជាការងារអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៧ បាននឹងកំពុងយកចិត្តទុកដាក់។ ដូចនេះ ការទុកដាក់សំរាម ក៏ផ្នែកមួយនៃការស្តែងឡើងនូវអាកប្បកិយា និងឥរិយាបទ មានន័យថាពីការប្រតិបត្តិរបស់មនុស្ស និងអំពើរបស់មនុស្ស ដែលបាននឹងកំពុងប្រព្រឹត្តនៅក្នុងសង្គម។ ការយល់ដឹងពីការទុកដាក់សំរាម និងការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក មានការប្រែប្រួលវិជ្ជមាន តាមរយៈការបង្កើតឡើងនូវបទបញ្ញតិ បទដ្ឋានគតិយុត្ត ច្បាប់នានា ស្របតាមការអភិវឌ្ឍប្រទេសជាតិ។

យើងមើលមួយជ្រុងប្រាកដណាស់ យើងឃើញនៅមានសំរាមនៅតាម ដងផ្លូវ និងតាមប្រព័ន្ធលូបង្ហូទឹក ដែលការគ្រប់គ្រងនៅមានកម្រិត ប៉ុន្ដែបើក្រឡេកមួយជ្រុងទៀត ផ្នែកចំណេះដឹង របស់ប្រជាពលរដ្ឋខ្លួនឯង ចាប់ផ្តើមចេះសំអាតអនាម័យ ប្រមូល វេចខ្ចប់ ទុកដាក់ រួមទាំងការញែកសំរាម និងចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក កាន់តែច្រើន និងផុសផុលឡើងៗ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា ការគ្រប់គ្រងសំណល់ គឺការកាត់បន្ថយសំណល់ប្លាស្ទិក ដែលឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក ក្នុងចំណោមយុវជនជំនាន់ក្រោយ គ្មានសំណល់ប្លាស្ទិកសហគមន៍ស្អាត បឹងបួរនឹងស្អាត តំបន់ធនធានធម្មជាតិ មិនមានការបំពុលពីសំណល់។

សូមបញ្ជាក់ថា សំណល់សំរាមនិងប្លាស្ទិកមិនមែនជាបញ្ហារបស់កម្ពុជាទេ គឺជាបញ្ហាសកល។ សំណល់ទាំងនេះ បានបំពុលទៅដល់មិនត្រឹមតែមនុស្សយើងទេ ប៉ុន្តែបំពុលទាំងធនធានធម្មជាតិ និងជីវចម្រុះនៅលើគោក និងក្នុងទឹកផងដែរ។ រាជធានីភ្នំពេញ ក៏ដូចជានៅតាមទីក្រុងធំៗ បានផលិតសំរាមជាមធ្យម៣០០០ តោនក្នុងមួយថ្ងៃ ប៉ុន្តែមានតែសំរាមជាង២០% ប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញ។ ដោយឡែកប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ម្នាក់អាចប្រើប្រាស់ថង់ប្លាស្ទិក ៥ថង់ ក្នុងមួយថ្ងៃ ដូចនេះ អាចបង្កើតសំណល់ប្លាស្ទិកប្រមាណ៥៧តោនក្នុងមួយថ្ងៃ។ បើសរុបចំនួនថង់ប្លាស្ទិកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា មានប្រមាណ ៥៦លានថង់ ក្នុងមួយថ្ងៃ គឺស្មើនឹង២៧៩តោនក្នុងមួយថ្ងៃ។

ក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះ ការចូលរួមរបស់សិស្សានុសិស្ស នៅតាមសាលារៀនទូទាំងប្រទេស សរុបចំនួន១,៥លាននាក់ បានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងបានប្តេជ្ញាចិត្ត «យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា» និង«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។ យុទ្ធនាការបានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឈប់ប្រើថង់ប្លាស្ទិកចំនួន ១ថ្ងៃយ៉ាងតិច ក្នុង១សប្តាហ៍ ដើម្បីធានាការគ្រប់គ្រងសំរាម ថែរក្សាអនាម័យបរិស្ថាន និង សុខុមាលភាពប្រជាពលរដ្ឋ បានល្អប្រសើរ។

ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូសហការ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យបរិស្ថាន ជាពិសេសរួមចំណែកលុបបំបាត់សំណល់ប្លាស្ទិក នៅតាមសហគមន៍ ផ្ទះសម្បែង សាលារៀន និងវត្តអារាម៕