(បាត់ដំបង)៖ រដ្ឋបាលបាត់ដំបងបានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅ អនុវត្តការងារ ឆ្នាំ២០២៤ ដោយលើកយកប្រធានបទចំនួន៥ មកពិភាក្សារួមមាន៖

*ទី១៖ បទអន្តរាគមន៍លើប្រធានបទ «ការងារគ្រប់គ្រងសំរាម» (សំណល់រឹង-រាវ)
*ទី២៖ បទអន្តរាគមន៍លើប្រធានបទ «ការរៀបចំ និងការគ្រប់គ្រងសំណង់មិនរៀបរយ»
*ទី៣៖ បទអន្តរាគមន៍លើប្រធានបទ «ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ»
*ទី៤៖ បទអន្តរាគមន៍លើប្រធានបទ «ការរៀបចំក្រុងបាត់ដំបង ក្នុងការចូលរួមអនុវត្ត គម្រោងទីក្រុងឆ្លាត (SMART CITY)»
*ទី៥៖ បទអន្តរាគមន៍លើប្រធានបទ «ការងារសន្តិសុខ សណ្ដាប់ធ្លាប់សង្គម និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន»។ ប្រធានបទទាំង៥ខាងលើនេះ នឹងវាយតម្លៃ ឆ្លុះបញ្ចាំងកាន់ តែមានភាពច្បាស់លាស់ទៅលើស្ថានភាព នៃការអនុវត្តការងារជាក់ស្តែង និងបញ្ហាប្រឈមនានាដែលនៅសេសសល់ ការរកដំណោះស្រាយ និងកំណត់ទិសដៅសម្រាប់អនុវត្តនាពេលខាងមុខដើម្បីចូលរួមអភិវឌ្ឍនសេដ្ឋកិច្ចសង្គម ការដោះស្រាយជីវ
ភាពរស់នៅប្រជាពលរដ្ឋ និងធានាសុខដុមនីយកម្មសង្គមជាតិ។

ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់រដ្ឋបាលខេត្តខាងលើនេះ បានធ្វើឡើងក្រោមវត្តមានលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដោយការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍ ប្រធាន អនុប្រធានមន្ទីរ អង្គភាពប្រដាប់អាវុធ លោក លោកស្រី ប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្រ្តីរាជការ ព្រមទាំងភ្ញៀវកិត្តិយស សមាជិក សមាជិកានៃអង្គសន្និបាតចូលរួមចំនួន៣៨៤នាក់។

បន្ទាប់ពីលោក សុខ លូ បានឡើងធ្វើសន្ទរកថាបើកសន្និបាតរួចមក, លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត បានឡើងរាយការណ៍ពីលទ្ធផលការងារខាងលើគ្រប់វិស័យរបស់រដ្ឋបាលខេត្តបាត់ដំបង រយ:ពេល១
ឆ្នាំ ប្រចាំឆ្នាំ២០២៣កន្លងមក និងបានធ្វើបទអន្តរាគមន៍ពីថ្នាក់ដឹកនាំផ្សេងទៀតបានលទ្ធផលល្អ, ចំណុចខ្វះខាត, ជម្រុញមន្រ្តីពាក់ព័ន្ធទាំងអស់ កែសម្រួលនិងខិតខំធ្វើការងារបន្តឲ្យប្រកបដោយជោគជ័យច្រើនជាងឆ្នាំមុន ក្រោមប្រធានបទទាំង៥។

ពិធីនេះក៏បានបង្ហាញតាមរយ:បញ្ចាំងស្លាយ ជូនអង្គសន្និបាតបានស្តាប់ ដោយបានបញ្ជាក់ពីបញ្ហាផ្សេងៗកើតឡើងក្នុងខេត្តនៃឆ្នាំ២០២៣ កន្លងមក។

លោក អ៊ុយ រី បានជម្រុញឲ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់នាំគ្នាខិតខំធ្វើកិច្ចនេះបន្តទៀតនូវចំណុចបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់យើងត្រូវសហការគ្នាជួយគ្នា សម្រេចកិច្ចការលើគ្រប់វិស័យឲ្យបានល្អ ដើម្បីឲ្យរដ្ឋបាលខេត្តយើងមានភាពរីកចម្រើននិងមានប្រសិទ្ធភាពខ្ពស់។

លោកបន្តថា រាជរដ្ឋាភិបាលយើងបានអនុវត្តគោលនយោបាយយុទ្ធសាស្រ្តចតុកោណបាន៤ដំណាក់កាល ទទួលបានជោគជ័យកន្លងមក បច្ចុប្បន្នរាជរដ្ឋាភិបាលនីតិកាលទី៧នេះក៏បានបន្តអនុវត្តគោលនយោបាយយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១បន្តទៀត ដូច្នេះយើងត្រូវតែនាំគ្នាធ្វើបន្ថែមទៀតឲ្យបានល្អផងដែរ។

លោក សុខ លូ មានប្រសាសន៍ថា សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តដើម្បីឆ្លុះបញ្ចាំងអំពីសមិទ្ធផល ដែលយើងសម្រេចបានក្នុងឆ្នាំ២០២៣ កន្លងមក និងបាន ខិតខំរួមគ្នារកដំណោះស្រាយរាល់បញ្ហាប្រឈមដែលកើតមានឡើងក្នុងការបំពេញតួនាទីភារកិច្ចបម្រើប្រជាពលរដ្ឋ ព្រមទាំងធ្វើការពិនិត្យបំពេញបន្ថែម កែលម្អនូវចំណុចខ្វះខាត សម្រាប់ធានាដល់ការអនុវត្តការងារក្នុងឆ្នាំ ២០២៤ឲ្យកាន់តែមានភាពល្អប្រសើឡើង និងប្រសិទ្ធភាពជាងបណ្តាឆ្នាំកន្លងមក។

លោក សុខ លូ បានលើកឡើងក្នុងពិធីបូកសរុបលទ្ធផលការងារសន្និបាត ប្រចាំឆ្នាំ២០២៣នៅថ្ងៃទី១នេះ ពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរនិងកងកម្លាំង មន្រ្តីរាជការ ដែលបានលះបង់គ្រប់បែបយ៉ាងបម្រើទាំងសេវា សាធារណ:និងការងារ ភូមិ ឃុំ មានសុវត្តិភាពជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។លោកបន្ថែមថា ការងារទីក្រុងឆ្លាតនៅខេត្តបាត់ដំបង ត្រូវមានការិយាល័យមួយត្រឹមត្រូវ មានមន្រ្តីបុគ្គលិក ជំនាញច្បាស់លាស់ដើម្បីងាយស្រួលដល់មន្រ្តីដែលធ្វើកិច្ចការដ៏សំខាន់មួយនេះធ្វើបានល្អប្រសើ ផងដែរ៕