(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ,មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីរោងចក្រតារាល អីនធើនេសីនណល ឯ.ក គ្រោងនឹងរៀបចំវេទិកាការងារនៅក្នុងបរិវេណវត្ត បុទុមវ័ន (ហៅវត្តត្រពាំងក្រូច) ស្ថិតនៅភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយនាំយកឱកាសការងារចំនួន ៤ពាន់កន្លែង ដើម្បីផ្តល់ជូនយុវជន និងអ្នកកំពុងស្វែងរកការងារធ្វើ។ ចំពោះយុវជន និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចត្រៀមប្រវត្តិរូប ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយនឹងតំណាងរោងចក្របាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៧:០០ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

កញ្ញា សយ ស្រីទូច ជាបុគ្គលិកផ្នែកជ្រើសរើសបុគ្គលិក រោងចក្រ តារាល អីនធើនេសីនណល ឯ.ក. បានលើកឡើងថា នេះជាលើកទី២ បន្ទាប់ពីខាងក្រុមហ៊ុនជ្រើសរើសបុគ្គលិក នៅស្រុកឈូកនៃខេត្តកំពត់កន្លងមក ដែលខាងរោងចក្រសហការជាមួយនឹង NEA ដើម្បីជ្រើសរើសបុគ្គលិកនៅនឹងកន្លែង។ កញ្ញាបញ្ជាក់ថា សម្រាប់ថ្ងៃទី២០ ខាងមុខនេះខាង រោងចក្រ មានតម្រូវការជ្រើសរើសកម្មករ/កម្មការិនីចំនួនប្រមាណ ៤០០០នាក់ បន្ថែមទៀត។

កញ្ញាបន្តថា តាមរយៈការសហការជ្រើសរើសបុគ្គលិកនៅមូលដ្ឋាននេះ នឹងរួមចំណែកជួយដល់រោងចក្រយើងឱ្យឆាប់ទទួលបានកម្មករ/កម្មការិនីទាន់ពេលវេលា។ កញ្ញាបញ្ជាក់ថា៖ «នាងខ្ញុំជឿជាក់ថា នឹងមានប្រជាពលរដ្ឋជាច្រើនចូលរួមក្នុងព្រឹត្តិការណ៍ដ៌មានសារៈសំខាន់នេះ ហើយយើងនឹងទទួលបានកម្មករកម្មការិនីតាមតម្រូវការដែលយើងចង់បាន»។ ជាមួយគ្នានេះដែរ កញ្ញាក៏សូមថ្លែងអំណរអរគុណជាងខ្លាំងចំពោះ NEA ដែលបានរៀបចំវេទិកាដ៏មានសារៈសំខាន់នៅតាមមូលដ្ឋាននេះឡើង។

ក្រៅពីផ្តល់ឱកាសការងារភ្លាមៗនៅនឹងកន្លែង វេទិកាការងារនេះ នឹងមានការទទួលចុះឈ្មោះ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីចូលរៀនវគ្គបណ្តុះបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ផងដែរ។ ប្រជាពលរដ្ឋ ដែលចង់សួរព័ត៌មានបន្ថែម ឬចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលនេះ សូមមកចូលរួមវេទិកការងារនេះឲ្យបានច្រើនកុះករ។

សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារនៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស ឬចង់ចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សូមទាក់ទងមកកាន់ NEA តាមរយៈលេខ ០១២ ៩០៦ ៦៦៤ / ០១៦៧៨៦៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕