(បាត់ដំបង)៖ លោក គឹម សាវឿន អគ្គនាយកករង នៃអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ និងជានាយកកម្មវិធីឡជីវឧស្ម័នជាតិ បានលើកទឹកចិត្តដល់កសិករ ដែលចិញ្ចឹមគោ ឬក្របីចាប់ពី២ឡើងទៅ បង្កើតឡជីវឧស្ម័ន ដើម្បីជួយកាត់បន្ថយការចំណាយរបស់កសិករ ទៅលើការទិញជីមី និងការទិញហ្គាសប្រើប្រាស់ ព្រោះក្នុងមួយឡ កសិករចំណេញថវិកាបានពីការទិញជីចាប់ពី ១០ទៅ ១៥តោនក្នុងមួយឆ្នាំ ព្រមទាំងចូលរួមចំណែកជួយ ដល់បរិស្ថានផងដែរ។
លោក គឹម សាវឿន បានឱ្យដឹងថា កម្មវិធីឡជីវឧស្ម័នជាតិ ត្រូវបានអនុវត្តនៅខេត្ត១៤ នៅកម្ពុជា និងបានពង្រីកដល់ ១៦ខេត្ត នៅឆ្នាំ២០២៣នេះ ដែលគិតមកដល់ពេលនេះ ឡជីវឧស្ម័នប្រមាណជាង ៣ម៉ឺនហើយត្រូវបង្កើតឡើង ហើយនៅពេលខាងមុខ ក្រសួងមានទិសដៅពង្រីកនៅទូទាំងប្រទេស។
លោកបានពន្យល់ថា ការបង្កើតឡជីវឧស្ម័ន មានអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់កសិករ ជាពិសេស គឺជួយដល់ការគ្រប់គ្រងលាមកសត្វបានល្អ ធ្វើឱ្យសត្វជៀសផុតពីជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺយ៉ាសូណូស។ លើសពីនេះទៅទៀត កសិករនឹងកាន់តែទទួលបានផលចំណេញពីផលរបបកសិកម្ម តាមរយៈការកាត់បន្ថយការចំណាយ ទៅលើការទិញជីគីមី។ មិនតែប៉ុណ្ណោះឧស្ម័នដែលចេញមកពីឡ កសិករអាចប្រើជាហ្គាស សម្រាប់ចំអិនអាហារ ហើយសម្រាប់អ្នកនៅជនបទដែលគ្មានភ្លើងអគ្គិសនី ក៏អាចប្រើប្រាស់ឧស្ម័នចេញពីឡ ធ្វើជាប្រភពភ្លើងបំភ្លឺ និងប្រើប្រាស់សម្រាប់ភ្ញាស់កូនមាន់បានផងដែរ។
បន្ថែមពីនេះ កសិករដែលមានឡជីវឧស្ម័ន បានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ក្នុងមួយឆ្នាំៗបានយ៉ាងច្រើន។
លោកបានពន្យល់បន្ថែមយ៉ាងដូច្នេះថា «កសិករដែលមានគោចាប់ពី ២ក្បាលឡើងទៅគាត់អាចធ្វើឡជីវឧស្ម័នមួយ ដោយប្រើប្រាស់អាចម៍គោទាំងពីរក្បាលនោះ បញ្ចូលទៅក្នុងឡដែលមានទំហំប្រហែល ៤ម៉ែត្រគូប។ ដូច្នេះក្នុងមួយថ្ងៃគាត់ត្រូវការលាមក ប្រហែល២០គីឡូក្រាម ដោយទទួលបាន ១០គីឡូពីគោ ឬក្របី១ក្បាល។ អ៊ឺចឹងក្នុងមួយឆ្នាំគាត់បានសន្សំជី ចេញពីឡពី ១០ទៅ ១៥តោន។ ជីធម្មជាតិនេះ មានសារៈប្រយោជន៍២ គឺទី១.សារៈប្រយោជន៍ចំពោះមុខ គឺរាល់ជីដែលចេញពីឡ គឺជាជីដែលមានសុវត្ថិភាព ល្អជាងជីកំប៉ុស ល្អជាងជីអាចម៍គោស្រស់ទៀត ដោយជីដែលហូរចេញមកគ្មានជំងឺគ្មានគ្រាប់ស្មៅនៅមានជីវីត។ ហើយជីនេះអាចទៅផ្សំធ្វើជាជីរាវ ជីគោគ ហើយអាចផ្សំលាយជាមួយចំណីសត្វ សម្រាប់ចិញ្ចឹម ហើយអាចធ្វើជាគ្រឿងផ្សំត្រាំជាមួយថ្នាំបុរាណ បង្កើតទៅជាថ្នាំកសិកម្មធម្មជាតិបានផងដែរ។ ទាំងនេះក៏បម្រើដល់ការធ្វើកសិកម្ម តាមបែបកសិអេកូឡូស៊ីទៀតផង»។
លោកបានឱ្យដឹងផងដែរថា ក្រៅពីលាមកគោ និងក្របី ក៏អាចប្រើលាមកជ្រូកបានដែរ ប៉ុន្តែជាទូទៅលាមកដែលចេញពីសត្វទំពារអៀងផលិតបានហ្គាសច្រើនជាង។
បើតាមលោកអគ្គនាយកករង បច្ចុប្បន្ននេះ ការចិញ្ចឹមសត្វគោ ឬក្របីនៅកម្ពុជា មិនត្រូវបានកាត់បន្ថយនោះទេ បើទោះបីជាការប្រើប្រាស់គ្រឿងចក្រកសិកម្មកើនឡើង ខណៈកសិករមួយចំនួនបានពង្រីកការចិញ្ចឹមទៅជាកសិដ្ឋាន។
សូមជម្រាបថា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៥ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះ អនុស្សារណៈយោគយល់ជាមួយអង្គការអភិវឌ្ឍន៍ហូឡង់ (SNV) ដើម្បីបង្កើតវិស័យឡជីវឧស្ម័នលក្ខណៈគ្រួសារកម្រិតជាតិហៅថា «កម្មវិធីឡជីវឧស្ម័នជាតិ National Biodigester Programme NBP» ដើម្បីកាត់បន្ថយការឆ្លងជំងឺសត្វរាតត្បាត ការគ្រប់គ្រងលាមកសត្វ កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដើម្បីជួយដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ។ ក្នុងការតម្លើងឡជីវឧស្ម័នមួយ កសិករត្រូវចំណាយថវិកា ប្រមាណ ៦០០ដុល្លាអាមេរិក (តម្លៃអាចប្រែប្រួល ៥%តាមទីតាំងជិតឬឆ្ងាយ) ដែលអាយុកាលនៃការប្រើប្រាស់ឡមួយអាចប្រើប្រាស់បាន រហូតទៅដល់២០ឆ្នាំ៕