(ភ្នំពេញ)៖ សមាជិកគណបក្សភ្លើងទៀន បានបង្ហោះវិដេអូ និងខ្លឹមសារតាមបណ្តាញសង្គមឈ្មោះ Neak Proyuth ដោយលើកឡើងថា សំដីរបស់លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន កោងកាចបែបនេះហើយ ទើបត្រូវបាន សមាជិក សមាជិកា នាំគ្នាធ្វើបាតុកម្មប្រឆាំងទាមទារឲ្យចុះចេញពីតំណែងនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ។

សមាជិកគណបក្សភ្លើងទៀន បានចូលរួមធ្វើបាតុកម្មទាមទារទម្លាក់លោក ទាវ វណ្ណុល និងលោក លី សុធារ៉ាយុត្តិ ពីគណបក្សភ្លើងទៀន បានសរសេររៀបរាប់ថា៖ «សូមស្តាប់សំដីរបស់ លី សុធារ៉ាយុត្តិ អគ្គលេខាធិការ គណបក្សភ្លើងទៀត កាលពីថ្ងៃអាទិត្យម្សិលមិញ នៅខេត្តតាកែវ កោងកាចបែបនេះហើយ ទើបត្រូវបានសមាជិក សមាជិកា នាំគ្នាធ្វើបាតុកម្មប្រឆាំងទាមទារឲ្យចុះចេញពីតំណែង នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ» !

សូមជំររាបថា នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ សមាជិក សមាជិកា និងក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោត ព្រមទាំងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ប្រមាណជាង៤០០នាក់ នាំគ្នាតវ៉ានៅស្នាក់ការកណ្តាលគណបក្ស ដើម្បីទាមទារទម្លាក់លោក ទាវ វណ្ណុល និងលោក លី សុធារ៉ាយុត្តិ ពីគណបក្សភ្លើងទៀន រួមទាំងថ្នាក់ដឹកនាំគណបក្សមួយចំនួនទៀត ដែលបានឃុបឃិតគ្នាប្រើអំណាចគណបក្សទៅគំរាមកំហែង និងដកហូតតួនាទី សមាជិក សមាជិកា និងក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតរបស់គណបក្ស នៅថ្នាក់ក្រោមជាតិ តាមទំនើងចិត្តយ៉ាងអយុត្តិធម៌៕