(រតនគិរី)៖ លោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំត្រៀមរៀបចំកម្មវីធី រាត្រីសមោសរ ដើម្បីកៀរគរមូលនិធិសប្បុរសធម៌ឆ្នាំ២០២៣។ ពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារ A សាលាខេត្ត ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំនេះលោក ញ៉ែម សំអឿន បានលើកឡើងថា ការងារស្វែងរកមូលនិធិសប្បុរសធម៌ គឺជាការងារមួយចម្បង និងឈានមុខគេដែលសាខា ត្រូវពង្រឹង និងពង្រីកគ្រប់រូបភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ជនងាយរងគ្រោះនានា ដូច្នេះនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី គ្រោងរៀបចំកម្មវិធីរាត្រីសមោសរ ដើម្បីកៀគរមូលនិធិសប្បុរសធម៌ ហើយកម្មវិធីនេះអាចដំណើរការ ទៅបានក៏អាស្រ័យលើការជឿជាក់ ដែលបានចាប់ផ្តើមពីយើងទាំងអស់គ្នាចូលរួមគាំទ្រវិភាគទាន ជាសម្ភារ និងថវិកា ដែលជាកម្លាំងចលករ មិនអាចខ្វះបានឡើង។

តាមរយៈកិច្ចប្រជុំនេះលោក ញ៉ែម សំអឿន ក្នុងនាមគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានអំពាវនាវសប្បុរសជន លោក លោកស្រី អ្នកនាងកញ្ញា ប្រធាន អនុប្រធានមន្ទីរស្ថាប័ន អនុសាខា ក្រុង ស្រុក អង្គការក្នុង និងក្រៅរដ្ឋាភិបាល ក្រុមហ៊ុននានា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីដ្ឋាន អាជីវករទាំងអស់ សូមចូលរួម ចែករំលែកជាសម្ភារៈថវិកា តាមវប្បធម៌ចែករំលែក ដើម្បីជាកម្លាំង មនុស្សធម៌ដ៏រឹងមាំ សម្រាប់ជួយទុក្ខលំបាកវេទនា របស់ជនងាយរងគ្រោះនានា នៅទូទាំងខេត្តរតនគិរី៕