(ត្បូងឃ្មុំ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ បន្ទាប់ពីសំណេះសំណាលជាមួយមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តត្បូង បានឆ្លៀតចូលទៅលេងលំនៅឋានមួយកន្លែងស្ថិតនៅក្នុងភូមិតាហៀបលើ ឃុំកោងកាង ខេត្តត្បូង ដែលជាកន្លែងសម្តេច និងភរិយា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានស្នាក់អាស្រ័យ និងសម្រាន្តរួមគ្នាកាលពី ៤០ឆ្នាំមុនពេលត្រឡប់ពីរៀបពាហ៍ពិពាហ៍ ដែលរៀបចំដោយអង្គការក្នុងរបបប៉ុលពត។
លោកយាយ អ៉ី ស៊រ ដែលបច្ចុប្បន្នមានវ័យ ៨៣ឆ្នាំទៅហើយនោះ បានព្យាយាមរំលឹកនូវអនុស្សាវរីយ៍កាលពី ៤០ឆ្នាំមុនថា នៅក្នុងឆ្នាំ១៩៧៦ ក្រោយពេលសម្តេចត្រឡប់មកពីរៀបអាពាហ៍ពិពាហ៍ ធ្វើដំណើរតាមផ្លូវជាតិលេខ៧ ឆ្ពោះទៅស្រុកមេមត់ គ្រាដែលភ្លៀងកំពុង ធ្លាក់យ៉ាងខ្លាំងនោះ ស្រាប់តែម៉ូតូអូសរ៉ឺម៉ក ដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមនិងគូភរិយាមួយទៀត រួមគ្នាធ្វើដំណើរ ក៏បានបែកកង់។
និយាយផងសើចផងរំលេចដោយស្នាមជ្រួញជាច្រើនផ្នត់នៅលើផ្ទៃមុខ លោកយាយ អ៉ី ស៊រ បានរំលឹកថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម្លៀកបំពាក់ពណ៌ខ្មៅ បានដើរចូលផ្ទះរបស់លោកយាយ ហើយក៏សុំលោកបាយបរិភោគ និងស្នាក់នៅលើផ្ទះមួយយប់ផងដែរ។
ដោយសារតែមិនដឹងថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាគូស្វាមីនិងគ្នា ហើយខ្លាចអង្គការរុករឿងចោទប្រកាន់ថា ខុសសីលធម៌ លោកយាយ អ៉ី ស៊រ ក៏បានដាក់ឲ្យសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតសម្រាន្តនៅបែកគ្នា ដោយឲ្យសម្តេចកិត្តិព្រឹទ្ធបណ្ឌិតសម្រាន្តលើគ្រែ រីឯសម្តេចតេជោសម្រាន្តនៅលើរនាបផ្ទះ។ លោកយាយ អ៉ី ស៊រ បានរំលឹកទៀតថា មិនត្រឹមតែឲ្យសម្រាន្តបែកគ្នានោះទេ លោកយាយនៅបានយករណាំងបាំងកុំឲ្យឃើញគ្នាទៀតផង។
តែបើទោះបីជាយ៉ាងណាសម្តេចតេជោ បានរំលឹកក្នុងកិច្ចសំណេះសំណាលនោះថា នៅពេលទៀបភ្លឺសម្តេចក៏បានទៅសម្រាន្តនៅលើគ្រែ ជាមួយភរិយារបស់សម្តេចផងដែរ ដោយសម្តេចបានប្រាប់ម្ចាស់ផ្ទះថា រនាបផ្ទះមានសង្កើចខាំ។
ទន្ទឹមនិងការសំណេះសំណាលរំលឹកអនុស្សាវរីយ៍កាលពី ៤០ឆ្នាំមុនប្រកបដោយភាពស្និទ្ធស្នាលជាមួយលោក អ៉ី ស៊រ ដែលសម្តេចហៅ ថាម៉ែៗ រីឯលោកយាយហៅ សម្តេចវិញថាកូនៗយ៉ាងផ្អែមល្ហែមហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់ឲ្យរក្សាទុកគ្រែ និងកន្ទេល ដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានកេងរួមគ្នានោះផងដែរ។ ជាការគត់សម្គាល់តែផ្ទះ គ្រែ និងកន្ទេល បើទោះបីមានអា យុកាលយូរឆ្នាំទៅហើយក្តី តែត្រូវបានរក្សាទុកក្នុងស្ថានភាព ដដែលមិនមានការរុះរើនោះឡើយ។
នៅពេលឡើងដល់លើផ្ទះនោះ សម្តេចតេជោ ហ៊ុន សែន ក៏បាននឹកឃើញនូវអនុស្សាវរីយ៍នាពេលនោះ ហើយក៏បានដំណាលប្រាប់ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ដែលបានទៅជាមួយសម្តេចផងដែរ។ ការដំណាលនោះ គឺមិនខុសពីការបញ្ជាក់របស់លោកយាយ អ៉ី ស៊រ នោះឡើយ។
បន្ទាប់ពីសំណេះសំណាលជាមួយភាពផ្អែមល្ហែម និងស្និទ្ធជាមួយលោកយាយ អ៉ី ស៊រ ដែលជាម្តាយធម៌ និងប្រជាពលរដ្ឋនៅក្នុងភូមិនោះ ហើយសម្តេចតេជោ ហ៊ុន សែន បានសម្រេចសាងសង់ផ្ទះថ្មីជូនលោកយាយ អ៉ី ស៊រ ព្រមទាំងជួយឧបត្ថម្ភថវិកា១លានរៀលជារៀងរាល់ខែផងដែរ។ សម្តេចតេជោ ក្នុងឱកាសជួប សំណេះសំណាលនោះ ក៏បានផ្តល់ថវិកាជូនប្រជាពលរដ្ឋ ១០២គ្រួសារក្នុងភូមិតាហៀបលើក្នុងមួយគ្រួសារ ៥០ម៉ឺនរៀលផងដែរ។
លោកយាយ អ៉ី ស៊រ ក៏បានឆ្លៀតរំលឹកពីអត្តចរិតរបស់សម្តេចតេជោ ហ៊ុន សែន កាលពី ៤០ឆ្នាំមុន និងពេលបច្ចុប្បន្នផងដែរថា អត្តចរិត របស់សម្តេចកាលពី ៤០ឆ្នាំមុន និងពេលបច្ចុប្បន្ន គឺនៅតែបានដដែលនូវភាពរួសរាយរាក់ទាក់ និងទន់ភ្លន់។ លោកយាយ ក៏បានសម្តែង ក្តីរំភើបរីករាយ និងចាត់ទុកសម្តេចជាមេដឹកនាំ ប្រកបដោយគុណធម៌ បើទោះបីសម្តេចបានឡើងធ្វើជានាយករដ្ឋមន្រ្តី ហើយគុណស្រ័យត្រឹមបាយមួយពេលស្នាក់នៅមួយយប់ជាគុណស្រ័យតិចតួចក្តី តែសម្តេចមិនដែលបំភ្លឺលោកយាយ និងតែងបានរលឹកដល់លោកយាយជានិច្ច។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមនិងគូស្វាមីភរិយា ១២គូផ្សេងទៀត ត្រូវរបបប៉ុលពតផ្សំផ្គុំឲ្យនៅថ្ងៃទី០៥ ខែមករា ឆ្នាំ១៩៧៦៕
សូមស្តាប់លោកយាយ អ៉ី ស៊រ រៀបរាប់អំពីប្រវត្តិរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៖