(ក្រចេះ)៖ លោក គីម វីរៈ អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីរៀបចំហាត់សាកល្បងថ្នាក់ជាតិ ស្តីពីការឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះ មហន្តរាយនៅកម្ពុជា។

ពិធីនេះដែរ រៀបចំនៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ (សួនកុមារ) ក្រុងក្រចេះ ដោយមានការចូលរួមពីលោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ, តំណាងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា (WFP) ,ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តចំនួន៨ រួមមាន៖ ក្រចេះ រតនគីរី មណ្ឌលគីរី ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀង រួមទាំងមន្រ្តីមន្ទីក្រសួងស្ថាប័នពាក់ព័ន្ធ, អង្គការដៃគូរនានា និងកងកម្លាំងប្រដាប់អាវុធប្រមាណ១៥០នាក់។

ក្នុងពិធីនោះលោក គីម វីរៈ បានណែនាំដល់លេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយ និងអ្នកពាក់ព័ន្ធទាំងអស់​ ត្រូវពិនិត្យផ្តោតសំខាន់ទៅលើ ៣ដំណាក់កាល នៃការជួយសង្រ្គោះរួមមាន៖

*ដំណាក់កាល មុនពេលកើតឡើង
*ដំណាក់កាល ពេលកើតឡើង
*ដំណាក់កាលក្រោយពេលកើតឡើង។

លោកថា «យើងត្រូវអនុវត្តតាមសេណារីយ៉ូ ដោយប្រើព័ត៌មានដែលរៀបចំរួចជាស្រេច និងការធ្វើទាក់ទងជាមួយសហការី ដើម្បីធានាថាការត្រៀមបម្រុងជាក់ស្តែងរបស់ពួកគេ ពិតជាអាចយកទៅប្រើប្រាស់បានដោយរបៀបណា? (យ៉ាងដូចម្តេច?) នៅពេលកើតមានគ្រោះមហន្តរាយ។ យើងចាត់ទុកថា ការលំហាត់សាកល្បងនាពេលនេះ គឺជាសកម្មភាពពិត និងឆ្លុះបញ្ចាំងពីទិដ្ឋភាពពិត ដែលកំពុងកើតមានឡើង នៃគ្រោះមហន្តរាយនៅក្នុងមូលដ្ឋាន ហើយក៏ជាសកម្មភាពពិតជាក់ស្តែង ក្នុងការអន្តរាគមន៍ជួយសង្រ្គោះពីកម្លាំងសមត្ថកិច្ច ក្នុងការអន្តរាគមន៍ជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ»

លោកបានបន្ថែមថា ក្នុងអំឡុងពេលនៃការធ្វើលំហាត់សាកល្បង អ្នកចូលរួមនឹងខ្សែរយៈទំនាក់ទំនង រវាងតួអង្គពិតប្រាកដ នឹងត្រូវបានយកមកប្រើប្រាស់សម្រាប់ជាផ្នែកមួយនៃលំហាត់សាកល្បងនេះ ដើម្បីធ្វើឲ្យប្រសើរឡើង នូវការសម្របសម្រួលក្នុងការឆ្លើយតបនៅពេលខាងមុខ។

លោកបានថ្លែងអំណរគុណអង្គការដៃគូ និងអ្នកពាក់ព័ន្ធដទៃទៀត ជាពិសេសអង្គការស្បៀងអាហារពិភពលោក (WFP) ដែលបានខិតខំអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងសម្ភារ ថវិកា ដើម្បីពង្រឹងសមត្ថភាព ដល់គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ និងក្នុងពេលកំពុងបំពេញភារកិច្ចយ៉ាងសកម្មមមាញឹកជួយសង្រ្គោះ ដល់ប្រជាជនរងគ្រោះនាឆ្នាំកន្លងមក៕