(ឈុងឈីង, ចិន)៖ ក្នុងកិច្ចប្រជុំស្តីពី «កិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្មដឹកជញ្ជូន ចិន-អាស៊ាន» នៅទីក្រុងឈុងឈីង ប្រទេសចិន លោកស្រី ខា ឡេង រដ្ឋលេខាធិការ តំណាងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងពីបរិយាកាសវិនិយោគរបស់កម្ពុជា។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួម Xu Ning Ning ប្រធានគណៈកម្មាធិការ នៃកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្មនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ប្រចាំប្រទេសចិន និងជាប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចចិន-អាស៊ាន, ថ្នាក់ដឹកនាំនៃប្រទេសចិន, ប្រទេសសមាជិកអាសិប, បណ្តាសមាគម និងវិស័យ​ឯកជនជាច្រើនទៀត។

លោកស្រី ខា ឡេង បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាគឺជាទីតាំងសក្តានុពលសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគយ៉ាងខ្លាំង ដែលក្នុងនោះកត្តាចម្បងដែលមិនអាចខ្វះបាន គឺកត្តាសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា ខិតខំរក្សាបាន និងជួយអោយប្រជាជនរស់នៅប្រកបដោយភាពសុខដុម និងការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់ឥតឈប់ឈរ ហើយក្នុងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏មោះមុត និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តប្តេជ្ញាថែរក្សាការពារសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាព ជូនដល់ប្រជាជនក្នុងប្រទេស ដែលនឹងនាំមកនូវការអភិវឌ្ឍប្រកបដោយចីរភាព និងភាពរីកចម្រើនថ្មីៗបន្ថែមទៀត»

លើសពីនេះ កម្ពុជាមានកត្តាធនធានកម្លាំងពលកម្មមានភាពប្រកួតប្រជែងខ្ពស់ ដោយយោងតាមស្ថិតិជំរឿនទូទៅនៃប្រជាជនកម្ពុជាឆ្នាំ២០១៩ អត្រានៃប្រជាជនមានអាយុក្រោម ៣៥ឆ្នាំ មានប្រមាណជាង ៦០% នៃចំនួនប្រជាជនសរុប ដែលតួលេខនេះ បានបង្ហាញពីធនធានពលកម្ម និងកម្លាំងវ័យក្មេងច្រើនមិនខ្វះ ដែលជាកត្តាអំណោយផលដល់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ នៅក្នុងប្រទេសកម្ពុជា។

បន្ថែមពីនេះ ទីផ្សារកម្ពុជាមានភាពទូលំទូលាយប្រកបដោយភាពអនុគ្រោះ និងការលើកទឹកចិត្តខ្ពស់ ពីរាជរដ្ឋាភិបាល ដោយមានសេដ្ឋកិច្ចបើកចំហរ និងទីផ្សារសេរីធំទូលាយមានសក្តានុពលខ្ពស់លើការនាំចេញ ទៅកាន់បណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក តាមរយៈប្រព័ន្ធអនុគ្រោះទូទៅ (GSP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA), កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសជាដៃគូជាច្រើនទៀត។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តច្បាប់ស្តីពីវិនិយោគ ដែលច្បាប់នេះបានផ្ដល់ការលើកទឹកចិត្តវិនិយោគទៅលើវិស័យ និងសកម្មភាព យ៉ាងច្រើន ដោយក្នុងនោះ វិស័យឡូជីស្ទីក ក៏ត្រូវបានលើកទឹកចិត្តខ្ពស់ តាមរយៈយន្តការនៃការលើកទឹកចិត្ត ផ្នែកពន្ធដារជាមូលដ្ឋាន, ការលើកលែងពន្ធអប្បបរមា, ការលើកលែងអាករនាំចេញ ឬជាការរំលស់ពិសេស ដែលអាចកាត់កងចំណាយមូលធន និងពន្ធជាមូលដ្ឋានផ្សេងៗទៀត ក្នុងគោលបំណងផ្តល់ភាពងាយស្រួល ការការពារ ការយកចិត្តទុកដាក់ និងការផ្តល់ដំណោះស្រាយជូនដល់វិនិយោគិនទាំងអស់ប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា។

មិនតែប៉ុណ្ណោះ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលចូលរួមកសាង «ខ្សែក្រវាត់និងផ្លូវ» ដំបូងគេ ហើយសមទ្ធផលដែលកម្ពុជាសម្រេចបានពីគំនិតផ្តួចផ្តើមនេះ គឺមានវិស័យអាទិភាពជាច្រើនជាពិសេស គឺគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលជាជំនួយរបស់រដ្ឋាភិបាលចិន ក៏ដូចជាការវិនិយោគនិង សាងសង់ដោយក្រុមហ៊ុនចិន ដូចជាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, ពហុកីឡដ្ឋានជាតិមរតកតេជោ, អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ, អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងស្ថានីយវារីអគ្គិសនីតាតៃជាដើម នៅលើទឹកដីកម្ពុជា ដែលហេដ្ឋារចនាសម្ព័ន្ធទាំងនេះជាសក្តានុពលមួយជម្រុញដល់ការ អភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស វិស័យឡូជីស្ទីក ដែលវេទិកាទាំងមូលកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់នា ពេលបច្ចុប្បន្ននេះ។

ទន្ទឹមនេះ ស្របជាមួយភាពមិនប្រាកដប្រជានៃវិបត្តិសកលទាំងឡាយ ដែលពិភពលោកកំពុងប្រឈមរាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមខ្លួនយ៉ាងហ្មត់ចត់ក្នុងការសម្របទៅតាមផលប៉ះពាល់នៃវិបត្តិទាំងនេះ ជាមួយនឹងការដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧» ដើម្បីជំរុញកំណើនសេដ្ឋកិច្ច, បង្កើតការងារ, ធានាសមធម៌, បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព ដោយសម្លឹង ឆ្ពោះទៅសម្រេចអោយបាននូវគោលដៅនៃការកសាងជាតិ ស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ សំដៅបន្ត ជំរុញការរីកចម្រើនឥតឈប់ឈររបស់កម្ពុជា។

លោកស្រី ខា ឡេង បានបញ្ជាក់ទៀតថា «ក្នុងនាមក្រសួងពាណិជ្ជកម្ម និងតំណាងប្រទេសកម្ពុជា នាងខ្ញុំរំពឹងយ៉ាងមុតមាំថា វិនិយោគិនមកពី បណ្តាប្រទេសទាំងអស់នឹងអាចចាប់យកកាលានុវត្តភាព លើការបណ្ដាក់ទុនធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយហេតុថាប្រទេសកម្ពុជា គឺជាទីតាំងពោរពេញដោយសក្តានុពលមួយក្នុងតំបន់ អាស៊ានដែលមានទីផ្សារបើកចំហរយ៉ាងធំទូលាយ និងត្រៀមខ្លួនរួចស្រេចក្នុងការទទួលស្វាគមន៍រាល់ទំនាក់ ទំនងពាណិជ្ជកម្ម ការវិនិយោគ មិនថាតែវិស័យឡូជីស្ទីក ប៉ុណ្ណោះទេ យើងមានវិស័យជាច្រើនទៀតរួមមាន៖ វិស័យកសិកម្ម វិស័យឧស្សាហកម្ម កសិឧស្សាហកម្ម សហគ្រាសធុនតូចនិងមធ្យម ឧស្សាហកម្មទេសចរណ៍ ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ឧស្សាហកម្មឌីជីថល វិស័យអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការជំរុញ ផលិតភាព វិស័យសុខាភិបាល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត វិស័យថាមពលបៃតង និងវិស័យពាក់ព័ន្ធ សំខាន់ៗជាច្រើនផ្សេងទៀត។ ហើយក្នុងនាមជាសមាជិកអាស៊ាន យើងក៏បន្តប្ដេជ្ញាជម្រុញ កិច្ចខិតខំពង្រឹង កិច្ចសហប្រតិបត្តិការ និងការពឹងពាក់គ្នាទៅវិញទៅមករវាង អាស៊ាន-ចិន តាមរយៈការបន្តបើកច្រកទីផ្សារ ការពង្រឹងការតភ្ជាប់ ការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ ការពង្រឹងសមត្ថភាពផលិតកម្ម តភ្ជាប់ទៅនឹងការផ្គត់ ផ្គង់ ការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម និងរួមគ្នាជំរុញសកម្មភាពនៃការ វិនិយោគ ទៅវិញទៅមក អោយបានកាន់តែច្រើនបន្ថែមទៀត»

មន្ត្រីជាន់ខ្ពស់រូបនេះ ក៏បានអំពាវនាវ វិនិយោគិន និងភ្ញៀវកិត្តិយសគ្រប់រូប អញ្ជើញមកទស្សនកិច្ច ដោយផ្ទាល់នៅព្រះរាជាណាចក្រកម្ពុជា ព្រោះកម្ពុជាមិនត្រឹមតែមានភាពរីកចម្រើន និងជាទីតាំងសមស្រប សម្រាប់ការធ្វើពាណិជ្ជកម្មនិងការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាក៏ជាទីតាំងទេសចរណ៍ដែលសម្បូរដោយបេតិកភណ្ឌវប្បធម៌ដ៏អច្ឆរិយៈ និងប្រជាពលរដ្ឋដែលមានសណ្តានចិត្តល្អប្រកបដោយភាពរួសរាយរាក់ទាក់ ថែមទៀតផង។

សូមជម្រាបថា យោងតាមស្ថិតិពាណិជ្ជកម្មកម្ពុជា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និង អាសិប សរុបមានជាង ២៦ពាន់ ៥៧០ លានដុល្លារអាមេរិក ដោយក្នុងនោះទំហំដែលបាននាំចេញពីកម្ពុជា ទៅអាសិប គិតជាទឹកប្រាក់មានចំនួនប្រមាណ ៧ ពាន់ ២១៨ លានដុល្លារអាមេរិក ហើយទំហំនៃការនាំចូល ពីអាសិប មកកម្ពុជា គិតជាទឹកប្រាក់មានចំនួនជាង ១៩ពាន់ ៣៥១លាន ដុល្លារអាមេរិក។ មួយវិញទៀត ទំហំពាណិជ្ជកម្មសរុបជាមួយប្រទេសជាសមាជិកអាស៊ាន មានចំនួន ១៤ ពាន់ ៨១០ លានដុល្លារអាមេរិក ដែលទំហំនាំចេញពីកម្ពុជា មានជាង ២ពាន់ ៩២០លានដុល្លារអាមេរិក ហើយទំហំនៃការនាំចូលពីអាស៊ានមក កម្ពុជា មានប្រមាណជាង ១១ ពាន់ ៨៨៩ លានដុល្លារអាមេរិក៕