(ភ្នំពេញ)៖ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងលើកកម្រិតផ្លូវជាតិលេខ៤៨ បានណែនាំឱ្យក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់ជាតិលេខ៤៨ ធ្វើការសហការគ្នា ដើម្បីអាចបញ្ចប់ការងារសាងសង់បាន នៅចុងខែមេសា ឆ្នាំ២០២៥ ខាងមុខ។

លោក សូរ វ៉ិចទ័រ បានណែនាំយ៉ាងសូចនេះ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នាឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោង និងជំរុញផែនការអនុវត្តគម្រោងនៅរដូវប្រាំងនេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អង្គភាពពាក់ព័ន្ធ ព្រមទាំងក្រុមការងារបច្ចេកទេស របស់ក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ផងដែរ។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យមើលវឌ្ឍនភាព ស្ថានភាពជាក់ស្តែងនៃការអនុវត្តគម្រោង ដោយជំរុញផែនការអនុវត្ត និងទិសដៅការងារបន្ត សំដៅពន្លឿនការងារសាងសង់នៅក្នុងរដូវប្រាំងនេះ ឱ្យសម្រេចបានតាមផែនការគម្រោងដែលបានកំណត់។

លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក៏បានក្រើនរំលឹកដល់ក្រុមហ៊ុនសាងសង់ឱ្យយកចិត្តទុកដាក់ខ្ពស់ទៅលើតាមបទដ្ឋានបច្ចេកទេស មិនមានភាពចន្លោះប្រហោង សំដៅធ្វើឱ្យខ្សែផ្លូវនេះមានគុណភាព អាចប្រើប្រាស់បានយូរអង្វែង និងក៏ត្រូវយកចិត្តទុកដាក់ផងដែរលើបញ្ហាសុវត្ថិភាពចរាចរណ៍តាមការដ្ឋានសាងសង់ ដោយធ្វើការបំពាក់គ្រឿងបរិក្ខារសុវត្ថិភាពឱ្យបានគ្រប់គ្រាន់ ជាពិសេសនៅពេលយប់ និងត្រូវឧស្សាហ៍ស្រោចទឹកការពារហុយធូលី ជាពិសេសនៅតំបន់ទីប្រជុំជនផងដែរ៕