(កំពង់ឆ្នាំង)៖ កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងចម្រុះដឹកនាំដោយលោក ប៉ែន ផល្លិកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក សុង ហុង អនុប្រធានរដ្ឋបាលជលផល រួមនិងអធិការដ្ឋាន រដ្ឋបាលជល ផលខាងត្បូង និងខាងជើងបឹងទន្លេសាបសហការជាមួយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង, ពោធិ៍សាត់ និងកំពង់ធំ រួមនិងកងរាជអាវុធហត្ថចម្រុះប្រចាំបឹងទន្លេសាប ដែលកម្លាំងសរុបមានចំនួន៦៧នាក់ មធ្យោបាយកាណូត១៥គ្រឿង បានចុះបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំនៅចំណុចកដប ជាប់ព្រំប្រទល់ខេត្តទាំង៣។

ជាលទ្ធផលកម្លាំងចម្រុះ បានចុះរុះរើរបាំងសាច់អួនចំនួន២៤កន្លែង ដែលមានប្រវែង ៦.៩០០ម៉ែត្រ លបលូសាច់អួន២៤លប បង្គោលបោះរបាំងចំនួន៦៥០ ដើម និងចាក់ព្រលែងត្រីចំនួន២៦០គីឡូក្រាម ចូលទៅក្នុងបឹងទន្លេសាបវិញ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ថា កិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំដូចខាងលើនេះ គឺអនុវត្តរយៈពេល៦ថ្ងៃ ដោយចាប់ផ្ដើមធ្វើពីថ្ងៃទី១៧ ខែធ្នូ រហូតដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។

បន្ទាប់ពីការចុះប្រតិបត្តិការបង្កាបបទល្មើសនេសាទរួមគ្នាទាំង៣ខេត្ត រយៈពេល៦ថ្ងៃរួចហើយ តាមបណ្ដាខេត្តនីមួយៗ ត្រូវអនុវត្តកិច្ចការនេះបន្តទៅតាមបណ្ដាខេត្តរៀងៗខ្លួន ដោយធ្វើយ៉ាងណាមិនឲ្យកើតមាននូវបទល្មើសនេសាទ ដែលជាការរាំងស្ទះដល់ការចរាចរណ៍របស់ហ្វូងត្រីពីបឹងទន្លេសាប ចុះទៅទន្លេមេគង្គលើដើម្បីស្វែងរកចំណីទីជម្រក និងបន្តពូជចាប់ពីខ្នើត ខែមិគសិរ ត្រូវនឹងខែធ្នូ ខណៈដែលទឹកបឹងទន្លេសាបហូរចេញក្នុងល្បឿនលឿន និងដើម្បីចិញ្ចឹមកូនចៅបន្តពូជពង្សតាមសេចក្តីណែនាំរបស់ក្រសួងកសិកម្ម៕