(ភ្នំពេញ)៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៦ រយៈពេល២ថ្ងៃ បានបិទបញ្ចប់ជាស្ថាពរហើយ នៅទូទាំងប្រទេស នាម៉ោង៤៖៣០នាទីល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ។ ការប្រឡងនេះត្រូវបានធ្វើឡើង ដោយបែងចែកជា២ប្រភេទ គឺថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម រួមមានបេក្ខជនប្រឡងសរុប៩៣,៧៥២នាក់ មានមណ្ឌលប្រឡង១៥៧ ចែកចេញជា៣,៧៨២បន្ទប់ នៅរាជធានី-ខេត្តទាំង២៥។
ជុំវិញការប្រឡង រយៈពេល២ថ្ងៃនេះ ដំណើរការសំណេរបានប្រព្រឹត្តទៅដោយរលូនល្អ ពោលគឺគណៈមេប្រយោគ គ្រប់លំដាប់ថ្នាក់មានការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ច ទោះបីនៅខេត្តមួយចំនួនមានភ្លៀងក៏ដោយ។ ដោយឡែកបេក្ខជនដោយឡែកបន្តគោរពបទប្បញ្ញត្តិនៃការប្រឡងបានល្អ មានភាពជឿជាក់ និងខិតខំធ្វើកិច្ចការបានច្រើន ពុំមានឧបទ្ទវហេតុអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ ដោយមានការចូលរួមយ៉ាងសកម្ម ពីអាជ្ញាធរដែនដីកងកម្លាំងមានសមត្ថកិច្ច និងមន្ត្រី និងសង្កេតការណ៍ស្ម័គ្រចិត្តមក ពីអង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា ដែលពាក់ព័ន្ធ។
សម្រាប់ថ្ងៃទី១ នៃការប្រឡង ចំពោះថ្នាក់វិទ្យាសាស្ដ្រមាន៤មុខវិជ្ជា (គីមីវិទ្យា ជីវវិទ្យា ប្រវត្តវិទ្យា និងភាសាបរទេស) រីឯថ្នាក់វិទ្យាសាស្ដ្រសង្គមមាន៤មុខវិជ្ជាដូចគ្នា (ភូមិវិទ្យា ប្រវត្តិវិទ្យា ផែនដី និងបរិស្ថានវិទ្យា ភាសាបរទេស) ហើយមានបេក្ខជនអវត្តមានសរុប១២៨២ ក្នុងនោះស្រី៥១៩នាក់ ដោយឡែកមានបេក្ខជន មានបញ្ហាសុខភាពមួយចំនួន ប៉ុន្តែអាចដំណើរការប្រឡង បន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម។
សម្រាប់ព្រឹកថ្ងៃទី២ ជាថ្ងៃបញ្ចប់ ចំពោះថ្នាក់វិទ្យាសាស្ដ្រមាន៣មុខវិជ្ជា (អក្សរសាស្ដ្រខ្មែរ រូបវិទ្យា និងគណិតវិទ្យា) ចំណែកថ្នាក់វិទ្យាសាស្ដ្រសង្គមមាន៣មុខវិជ្ជា (គណិតវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា និងអក្សរសាស្ដ្រខ្មែរ) មានបេក្ខជនអវត្តមានកើនឡើងដល់១៣០៧នាក់ ចំណែកឯបេក្ខជនមានបញ្ហាសុខភាព២៤នាក់៕