(តូក្យូ, ជប៉ុន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក គីស៊ីដា ហ្វឹមីអូ (KISHIDA Fumio) នាយករដ្ឋមន្ត្រីជប៉ុន ប្រកាសធ្វើការឱ្យកាន់តែជិតស្និទ្ធជាមួយគ្នាបន្ថែមទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។
ការប្រកាសនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារនារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្នុងជំនួបនោះ លោក គីស៊ីដា ហ្វឹមីអូ បានសម្តែងកិច្ចស្វាគមន៍ចំពោះវត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា នៅប្រទេសជប៉ុន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ និងកិច្ចប្រជុំកិច្ចប្រជុំប្រមុខថ្នាក់ដឹកនាំនៃប្រទេសសមាជិកសហគមន៍បំភាយឧស្ម័នកម្រិតសូន្យអាស៊ី (The Asia Zero Emission Community Leaders Meeting-AZEC) ព្រមទាំងបានសម្តែងការអរគុណចំពោះប្រទេសកម្ពុជា ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិលើគ្រប់វិស័យ ហើយដែលចុងក្រោយនេះ គឺកិច្ចសហការរួមក្នុងការជួយបណ្ដុះបណ្ដាលដល់អ្នកជំនាញដោះមីនរបស់អ៊ុយក្រែន ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការអបអរសាទរចំពោះជោគជ័យរបស់ប្រទេសជប៉ុន ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលទាំងពីរខាងលើ។ សម្តេចធិបតី បានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ប្រទេសជប៉ុនពាក់ព័ន្ធនឹង AZEC ក៏ដូចជាគំនិតផ្តួចផ្តើមចំនួន៣ផ្សេងទៀត រួមមាន៖ ១) ដៃគូចិត្ត និងចិត្តគ្រប់ជំនាន់/Heart-to-Heart Partners across Generations, ២) ដៃគូសម្រាប់សហបង្កើតសេដ្ឋកិច្ច និងសង្គម/Partners for Co-creation of Economy and Society និង ៣) ដៃគូសម្រាប់សន្តិភាព និងស្ថិរភាព/Partners for Peace and Stability។
ដើម្បីចូលរួមអបអរសាទរខួប ៧០ឆ្នាំ នៃចំណងការទូតកម្ពុជា-ជប៉ុន និងជាឆ្នាំនៃការដំឡើងកម្រិតទំនាក់ទំនងរវាងប្រទេសទាំងពីរ ទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកឡើងទិសដៅកិច្ចសហប្រតិបត្តិការមួយចំនួន សំដៅពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្នុងវិស័យការពារជាតិ និងសន្តិសុខ, ពាណិជ្ជកម្ម និងវិនិយោគ, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការបើកឡើងវិញនូវជើងហោះហើរត្រង់រវាងកម្ពុជា និងជប៉ុនជាដើម ។
លោកនាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងអំណរគុណប្រទេសកម្ពុជាចំពោះចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ក្នុងរយៈកាលកន្លងមក។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា លោក នឹងបន្តធ្វើការជាមួយជិតស្និទ្ធជាមួយសម្តេចធិបតីបន្ថែមទៀត សំដៅធ្វើយ៉ាងណាសម្រេចឱ្យបានជោគជ័យថ្មីៗ ជាផលប្រយោជន៍រួមសម្រាប់ប្រទេស និងប្រជាជនទាំងពីរកម្ពុជា-ជប៉ុន។
នៅក្នុងឱកាសនៃជំនួបនេះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រីជប៉ុន បានអញ្ជើញជាអធិបតី ក្នុងពិធីផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការចំនួន៧រួមមាន៖
១៖ គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលផ្ទុកទិន្នន័យជាតិឆ្ពោះទៅរកការលើកកម្ពស់រដ្ឋាភិបាលអេឡិចត្រូនិក
២៖ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថលក្នុងតំបន់ទីប្រជុំជន
៣៖ គម្រោងស្នើសុំនាវាសម្រាប់វាស់ស្ទង់ជលធារសាស្ត្រ សម្រាប់ផលិតផែនទីនាវាចរណ៍អេឡិចត្រូនិក
៤៖ កំណត់ហេតុរួមរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកិច្ចការផ្ទៃក្នុង និងគមនាគមន៍ជប៉ុន ស្ដីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថលក្នុងប្រទេសកម្ពុជា
៥៖ អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ស្តីពី កិច្ចសហប្រតិបត្តិការនៃការទូទាត់ឆ្លងដែនតាមរយៈQR Code
៦៖ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន Minebea Mitsumi និងក្រុមហ៊ុន SchneiTec ស្តីពីកិច្ចសហប្រតិបត្តិការលើគម្រោងថាមពលព្រះអាទិត្យ (សូឡា) និង
៧៖ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយនឹង ក្រុមហ៊ុន erex Co. Ltd និងក្រុមហ៊ុន SPHP (Cambodia) ស្ដីពីកិច្ចសហប្រតិបត្តិការលើ គម្រោងថាមពលជីវមាស៕