(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ តំណាងលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានចុះដោះស្រាយបញ្ហា ប្រព័ន្ធប្រឡាយទឹកនៅសហគមន៍មុំបី ដើម្បីយកទឹកទៅប្រើប្រាស់សម្រាប់ស្រូវប្រាំងជាង ៦០០ហិចតា ស្ថិតនៅទួលតាមុំ នៃភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ 

លោក ងួន រតនៈ បានថ្លែងថា ថ្ងៃនេះជាថ្ងៃដ៏ល្អសម្រាប់បងប្អូនប្រជាពលរដ្ឋ បានសំណូមពរសុំប្រឡាយទឹកមួយខែ្សនៅតំបន់អាងទឹកមុំបី ដើម្បីយកទឹកទៅស្រោចស្រពដល់ស្រូវប្រាំងជាច្រើនហិកតា ដែលកំពុងតែរងការខូចខាត ក្នុងការជួយសង្រ្គោះស្រូវប្រាំងឱ្យបានទាន់ពេលវេលា ជូនដល់ពួកគាត់។ ពេលនេះប្រជាពលរដ្ឋដែលបាននៅក្នុងតំបន់នេះ ទទួលបានសុវត្ថិភាពនៅក្នុងការបង្កបង្កើតផល មិនមានការភ័យខ្លាច និងហាមឃាត់នោះទេ បងប្អូនអាចបង្ករបង្កើនផលដោយសុវត្ថិភាព។ 

អភិបាលខេត្តកំពង់ធំ បានបន្តទៀតថា រាជរដ្ឋាភិបាល បានបង្កើតភូមិដ្ឋានហើយ ត្រូវមានសាលារៀន វត្តអារាម អគ្គិសនី ទឹកស្អាត ប្រព័ន្ឋធារាសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបានកាត់ឆ្វៀលដីតំបន់បី ជូនប្រជាពលរដ្ឋ ទៅតាមការស្នើសុំផងដែរ។ ការបង្កើតសហគមន៍ ជាកម្លាំងមូលដ្ឋានច្បាស់លាស់ និងការដោះស្រាយប្រឡាយទឹកឱ្យបានប្រើប្រាស់ទឹកតាមតម្រូវការ ដើម្បីឱ្យទឹកហូរចូលស្រែបានគ្រប់ៗគ្នា នឹងទទួលបានទិន្នផលខ្ពស់។

លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវចេះសហការយោគយល់គ្នាទៅវិញទៅមក ចូលរួមថែរក្សាហេដ្ឋានរចនាសម្ព័ន្ធដែលមាននៅក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ។

អភិបាលខេត្តបញ្ជាក់ថា ប្រសិនបើមានបញ្ហាអ្វីមួយនៅក្នុងមូលដ្ឋាន សូមរាយការណ៍មករដ្ឋបាលស្រុកតាំងគោក ដើម្បីចុះមកជួយឱ្យបានទាន់ពេលវេលា ពិភាក្សារកដំណោះស្រាយឱ្យមានការរីកចម្រើននៅក្នុងសហគមន៍។    

គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានសំណើសុំប្រឡាយទឹកមួយខ្សែប្រវែង ៨.០០០ម៉ែត្រ និងទទឹង១៦ម៉ែត្រ ដើម្បីយកទឹកមកប្រើប្រាស់ជូនប្រជាពលរដ្ឋចំនួន៨០គ្រួសារដែលកំពុងតែធ្វើស្រូវប្រាំង៕