(ភ្នំពេញ)៖ លោកអនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរង នៃអធិការដ្ឋាននគរបាលក្រុងកំពត ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ បន្ទាប់ពីរកឃើញថា មានពាក់ព័ន្ធជាមួយករណីប្រើប្រាស់គ្រឿងញៀន និងបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសកងកម្លាំងនគរបាលជាតិកម្ពុជា។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ថា ការបណ្ដេញអធិការរងក្រុងកំពតម្នាក់នេះចេញពីក្របខ័ណ្ឌ គឺអនុវត្តរបស់បទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុសាសន៍លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយបញ្ជាដាច់ខាតកងកម្លាំងមិនត្រូវប្រើប្រាស់ និងចែកចាយគ្រឿងញៀន និងជាគំរូល្អសម្រាប់ប្រជាពលរដ្ឋ។

ជាក់ស្តែងស្នងការដ្ឋាននគរបាលខេត្តកំពត និងគោរពស្នើសុំគោលការណ៍ ពីថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ចំពោះលោកអនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពត ដែលបានពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន និងបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសកងកម្លាំងនគរបាលជាតិ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានចាត់ទុកថា ការបណ្ដេញអធិការរងម្នាក់ចេញពីក្របខ័ណ្ឌ ប្រៀបដូចជាសារព្រមានដល់កងកម្លាំងទាំងអស់ នៃស្នងការរដ្ឋាននគរបាលខេត្តកំពត ដាច់ខាតមិនត្រូវពាក់ព័ន្ធនឹងគ្រឿងញៀន។

សូមរំលឹកថា លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាឲ្យបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង ចំពោះមន្ដ្រីនគរបាលរូបណាដែលតេស្ដរកឃើញមានសារធាតុញៀន។ ការដាក់បទបញ្ជាក្នុងក្របខ័ណ្ឌមន្ដ្រីនគរបាលក្រសួងមហាផ្ទៃ ពីសំណាក់ឧបនាយករដ្ឋមន្ដ្រី ស សុខា បានធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទីតាំងមណ្ឌលសំចតប៉ោយប៉ែត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកអភិសន្ដិបណ្ឌិត ស សុខា បានព្រមានជាថ្មីម្ដងទៀត ចំពោះជនទាំងឡាយណាដែលពាក់ព័ន្ធជាមួយបទល្មើសគ្រឿងញៀន សូមដកខ្លួនចេញឲ្យឆ្ងាយ ខណៈអ្នកដែលដឹងថា ខ្លួនមានសារធាតុញៀន ក៏ត្រូវស្វែងរកវិធីសាស្ដ្រដើម្បីផ្ដាច់ចោល៕