(សៀមរាប)៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ ព្រះអធិបតីរបស់សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សមាជិកថេរសភា និងឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនីយប័ត្រ និងស្រង់សុគន្ធារី

ដល់ចៅអធិការ គ្រូសូត្រស្តាំ គ្រូសូត្រឆ្វេង រួមទាំងព្រះវិន័យធម៌ និងលេខា វត្តពោធិលង្កា (វត្តពោធិលើ) ស្ថិតនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការនិមន្តចូលរួមពីសំណាក់ព្រះមេគណខេត្ត មន្ត្រីសាលាគណខេត្ត អនុគណក្រុងសៀមរាប និងព្រះគ្រូចៅអធិការគ្រប់វត្តក្នុងក្រុង និងសមណៈសិស្សគរុសិស្ស  លោក គ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន គណៈកម្មការ អាចារ្យវត្ត និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើន ចូលរួមផងដែរ។

ក្នុងនោះដែរ ព្រះភិក្ខុ ពិន ចន្ទ្រា នាមឆាយា ធម្មបណ្ឌិរភា ជាចៅអធិការ ព្រះភិក្ខុ ប៉យ ប៉ នាមឆាយា ខន្តិរក្ខកោ ជាគ្រូសូធ្យស្តាំ និងព្រះភិក្ខុ គេន សូនី នាមឆាយា សង្សមុនី ជាគ្រូសូធ្យឆ្វេង ព្រមទាំងព្រះវិន័យធម៌១រូប និងលេខា១រូប ត្រូវបានប្រកាសនីយប័ត្រតែងតាំង និង ស្រោចស្រពសុគន្ធវារី។

សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ក៏បានផ្តល់នូវពុទ្ធឱវាទប្រគេនជូនដល់ព្រះភិក្ខុសង្ឃ ពុទ្ធបរិស័ទទាំងឡាយយកទៅគោរពបដិបត្តិ ទៅតាមគន្លងនៃវិន័យព្រះសម្មាសាម្ពុទ្ធ ដែលជាព្រះបរម្យគ្រូនៃយើងបានចងក្រងជាគម្ពីបិដកឲ្យគោរពទៅតាមព្រះធម៌វិន័យរបស់ព្រះពុទ្ធសាសនា។ សម្តេចព្រះព្រហ្មរតនមុនី មានសង្ឃដីកាថា គិតមកទល់ពេលនេះ គឺមានរយៈពេលមួយខែនិងប្រាំថ្ងៃហើយ ដែលវត្តពោធិលង្កា (វត្តពោធិលើ) ត្រូវបានប្រកាសរំសាយគណៈគ្រប់ គ្រងចាស់ ពោលគឺបញ្ចប់តួនាទីពីព្រះចៅអធិការ គ្រូសូធ្យស្តាំ គ្រូសូធ្យឆ្វេង និងវិន័យធរវត្ត ដោយមានវត្តពោធិលង្កាមានកើតនូវអធិករជារ៉ាំរ៉ៃយូឆ្នាំមកហើយ ទើបសាលាអនុគណក្រុង ជាអ្នកទទួលភារកិច្ចផ្ទាល់ជាមួយសាលាគណខេត្ត និងស្ថាប័នពាក់ព័ន្ធ មានរដ្ឋបាលក្រុងសៀមរាបជាដើមក្នុងការអនុវត្ត។

សម្តេចព្រះព្រហ្មរតនមុនី ពិន សែម មានសង្ឃដីកាទៀតថា ដើមី្បបំបាត់នូវអធិករណ៍ក្នុងវត្តមួយនេះ គណៈនាយកសង្ឃ បានសម្រេចបញ្ចប់តួនាទី ចៅអធិការ គ្រូសូធ្យស្តាំ គ្រូសូធ្យឆ្វេង និងវិន័យធរវត្ត ហើយត្រូវបានរៀបចំគណៈគ្រប់គ្រងថ្មី ដើមី្បដឹកនាំរៀបចំវត្តនេះឆ្ពោះទៅរកវឌ្ឍនភាព និងភាពសុខដុមរមនា។ 

សម្តេចព្រះព្រហ្មរតនមុនី ពិន សែម បានផ្តល់នូវព្រះដំបូន្មានមួយចំនួន តាមផ្លូវព្រះធម៌ និងផ្លូវលោក ពុទ្ធចក្រ និងអាណាចក្រ សំខាន់នូវព្រះធម៌ សាមគ្គីធម៌ និងកសាងអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា ដោយសាសនាជ្រកក្រោមម្លប់តែមួយនៃរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា ដែលជាសាសនារបស់រដ្ឋ។ សម្តេចព្រះព្រហ្មរតនមុនី ក៏បានលើកនូវព្រះវិន័យរបស់ព្រះសម្មា សម្ពុទ្ធ ក្នុងការដឹកនាំព្រះសង្ឃនៅក្នុងទីវត្ត ដែលជាភារកិច្ចរបស់ព្រះគ្រូចៅអធិការវត្ត ត្រូវគោរពប្រតិបត្តិ នូវនាយក ធម៌ទាំង០៦យ៉ាង ដែលជាប្រទីបក្នុងការគ្រប់គ្រងវត្តអារាម ប្រកបដោយប្រសិទ្ធភាព និងគ្មានអធិករណ៍អ្វីកើតឡើងនោះឡើយ ដោយប្រកាន់នូវធម៌ខន្តី។

សម្តេចព្រះព្រហ្មរតនមុនី ពិន សែម បានបញ្ជាក់ថា វត្តអារាមជាទីជំរកអប់រំរិយាធម៌ដល់ពុទ្ធបរិស័ទ យុវជន ដែលជាទំពាំង ស្នងឬសី្ស និងជាឱកាសល្អក្នុងការរួបរួមគ្នា ដើមី្បថែរក្សាការពារសេចក្តីសុខសាន្ត សង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធឱវាទជាប្រទីបបំភ្លឺផ្លូវ ក្នុងការអប់រំសីលធម៌ ចរិយាធម៌ សេចក្តីថ្នៃថ្នូរ សមនឹងទស្សនៈដែលថា ព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម ក្នុងការលុបបំបាត់អំពើហិង្សាសង្គមផង​ដែរ។ 

សម្តេចព្រះព្រហ្មរតនមុនី ក៏បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ទាំងព្រះភិក្ខុសង្ឃសំខាន់ចៅអធិការ និងមន្ត្រីសង្ឃ ដែលទើបប្រកាសតែងតាំងនាពេលនេះ  ដោយព្រះអង្គជាអ្នករម្ងាប់អធិករណ៍ និងសហការគ្រប់គ្រងគរុភណ្ឌសង្ឃ មានដីធ្លីវត្តអារាម និងអប់រំពុទ្ធសាសនិកជនឲ្យរៀនសូធ្យបដិបត្តិធម៌ និងវិន័យមានបិដកជាគោលនិង រួមសាមគ្គីព្រះសង្ឃ ពុទ្ធបរិស័ទ តាមបណ្តាវត្តនានា ត្រូវធ្វើការអភិវឌ្ឍន៍ទីវត្ត និងបណ្តុះបណ្តាលធនធានមនុស្សទាំងផ្លូវពុទ្ធចក្រ និងអាណាចក្រ ពិសេសការពង្រីកនូវវិស័យពុទ្ធកៈសិក្សា និងអភិវឌ្ឍន៍ និងអភិរក្សនូវវប្បធម៌ ប្រពៃណី ទំនៀមទំលាប់របស់ជាតិផងដែរ៕