(បន្ទាយមានជ័យ)៖ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានដឹកនាំកម្លាំងចុះបង្ក្រាប ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនជាតិថៃចំនួន២នាក់ នៅចំណុចអគារស្នាក់នៅម្តុំមាត់អូរ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ ជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់មានឈ្មោះ អាការ៉ាផុន សេនីវង់ណាយូតាយ៉ា ហៅលីវមេ អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ និងឈ្មោះ ឆៃយ៉ុង ប៊ួនសុង ហៅខិម អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ។

លោកបន្តថា មុនឈានដល់ការបង្ក្រាប, កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីសន្តិសុខថា មានករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចខាងលើ។

ភ្លាមៗលោកបានដឹកនាំកម្លាំងផ្ទាល់ ចុះទៅដល់ចំណុចកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ រួមទាំងចាប់យកវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ទឹកកក) ចំនួន០៣កូនថង់, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន ០៥កូនថង់ និងកូនថង់កិបសម្រាប់ច្រកគ្រឿងញៀនមួយចំនួន។ ក្រោយការចាប់ខ្លួន ជនសង្ស័យត្រូវបាននាំមកកាន់មូលដ្ឋាន កងរាជអាវុធហត្ថក្រុងដើម្បីសាកសួរ។

ក្រោយឃាត់ខ្លួន និងសាកសួររួច, ជនសង្ស័យបានសារភាពថា ពួកខ្លួនទាំង២នាក់ ពិតជាបានជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ បានទទួលបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ៕