(តូក្យូ, ជប៉ុន)៖ នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមជាមួយភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន-ជប៉ុន បានញ្ជើញទស្សនាមហោស្រព «National Noh Theatre» នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
វត្តមាននៃការអញ្ជើញដល់របស់លោកជំទាវជាភរិយា នៃប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន-ជប៉ុន ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីសំណាក់លោកស្រី ហាសេហ្កាវ៉ា ប្រធានក្រុមប្រឹក្សាសិល្បៈជប៉ុន និងមន្ត្រីនៃមហោស្រព National Noh Theatre ជាច្រើនរូបទៀត។
ក្នុងពិធីនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមទាំងភរិយា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន-ជប៉ុន បានអញ្ជើញទស្សនាការរៀបចំរបស់អ្នកសំដែង Noh ដូចជា ម៉ាស់ សម្លៀកបំពាក់ប្រពៃណីរបស់ជប៉ុន និងការប្រគុំតន្រ្តីបុរាណរបស់ជប៉ុន។
សូមបញ្ជាក់ថា National Noh Theatre គឺជារោងមហោស្រពជាតិដំបូងគេ និងសំខាន់បំផុតរបស់ប្រទេសជប៉ុន សម្រាប់សិល្បៈសម្តែងល្ខោនអូប៉េរ៉ា របាំបាឡេ របាំ និងល្ខោនជប៉ុនបុរាណ។
មហោស្រពជាតិ Noh បានបើកដំណើរការនៅទីក្រុង Sendagaya, ទីក្រុង Shibuya និងទីក្រុង Tokyo ប្រទេសជប៉ុនក្នុងខែកញ្ញាឆ្នាំ១៩៨៣។ សាលមហាស្រពមានកៅអីចំនួន៦៣០ សម្រាប់អង្គុយមើលការសម្តែងល្ខោន Noh និងល្ខោន Kyōgen ហើយក៏មានកន្លែងហាត់សម កន្លែងតាំងពិព័រណ៍ បន្ទប់បង្រៀន និងបណ្ណាល័យឯកសារផងដែរ។
ការសំដែង ល្ខោនNoh ជាធម្មតាមានការលេងពីរប្រភេទ៖ ល្ខោន Noh មានលក្ខណៈត្រឹមត្រូវ ដែលជារឿយៗផ្តោតជុំវិញរឿងទេវកថា ការសម្តែងតន្ត្រី និងការរាំ ជាមួយសំលៀកបំពាក់ដ៏ប្រណិត និងរបាំងមុខប្លែកៗ។ ល្ខោន kyogen ជាការលេងកំប្លែងផ្តោតលើតួអង្គថ្នាក់ទាប។ ទម្រង់ទាំងពីរនេះរួមគ្នាត្រូវបានគេហៅថា ល្ខោន nogaku។
ល្ខោន nogaku ត្រូវបានចាត់ចូលជាសម្បត្តិវប្បធម៌អរូបបីរបស់អង្គការ UNESCO ក្នុងឆ្នាំ២០០៨។ ល្ខោន Noh បានបង្កើតឡើងពីទម្រង់នៃរបាំបុរាណ និងពីប្រភេទផ្សេងៗនៃល្ខោនពិធីបុណ្យនៅតាមទីសក្ការៈបូជា និងប្រាសាទនានា ដែលបានលេចឡើងនៅសតវត្សរ៍ទី១២ ឬទី១៣។ ល្ខោនNoh បានក្លាយជាទម្រង់ប្លែកមួយនៅក្នុងសតវត្សរ៍ទី១៤ ហើយត្រូវបានកែលម្អជាបន្តបន្ទាប់រហូតដល់ឆ្នាំនៃសម័យ Tokugawa (១៦០៣-១៨៦៧)។
ល្ខោន Noh ត្រូវបានរៀបចំឡើងជុំវិញបទចម្រៀង និងរបាំ។ ចលនារាំមានភាពយឺតៗ ភាសា គឺកំណាព្យ ទឹកដមគ្រលួច ហើយសំលៀកបំពាក់គឺសម្បូរបែប និងធ្ងន់។ សាច់រឿងជាធម្មតាត្រូវបានដកចេញពីរឿងព្រេង ប្រវត្តិសាស្ត្រ អក្សរសិល្ប៍ និងព្រឹត្តិការណ៍សហសម័យ។ ប្រធានបទជារឿយៗទាក់ទងនឹងសុបិន ពិភពអរូបី ខ្មោច និងវិញ្ញាណ។
ភរិយា នៃប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន-ជប៉ុន បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ នៃមហោស្រព National Noh Theatre ដែលបានអនុញ្ញាតឲ្យថ្នាក់ដឹកនាំទាំងអស់ បានចូលទស្សនាពីការសម្តែងរបស់ អ្នកសំដែង Noh បានបង្ហាញពីវប្បធម៌ដ៏រុងរឿងរបស់ប្រទេសជប៉ុន ដែលមានអាយុកាលដ៏យូរលង់ណាស់មកនោះ៕