(កំពង់ស្ពឺ)៖ ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រគល់វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន១.១៤៧ប័ណ្ណ ស្ថិតនៅភូមិក្រៀលបួស ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។

វត្តមានអញ្ជើញក្នុងពិធីប្រគល់នេះបានធ្វើឡើងក្រោមវត្តមាន លោក សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកតា លោកយាយ មា មីង បងប្អូនប្រជាពលរដ្ឋជាច្រើននាក់។

លោក សរ សុវណ្ណ បានលើកឡើងថា បច្ចុប្បន្នរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រសមស្របនានា ដើម្បីអនុវត្តសមត្ថភាពរបស់ប្រជាកសិករ និងការអភិវឌ្ឍន៍វិស័យកសិកម្ម ដោយផ្តោតការ យកចិត្តទុកដាក់ខ្ពស់ ចំពោះការកសាងប្រព័ន្ធធារាសាស្ត្រ និងការផ្តល់សេវាគាំទ្រនានា ព្រមទាំងគោលនយោបាយអភិវឌ្ឍន៍ជនបទ សំដៅបង្កើនឱកាសឱ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋក្នុងការបង្កើនប្រាក់ចំណូលប្រចាំគ្រួសារ។

លោករដ្ឋលេខាធិការ បានសង្កត់ថា ការផ្តល់កម្មសិទ្ធិដីធ្លីនេះ ពិតជាបានរួមចំណែកជំរុញ និងលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋខិតខំបង្កើនផលិតភាព ក៏ដូចជាការវិនិយោគក្នុងវិស័យកសិកម្មឱ្យកាន់តែខ្លាំងឡើងថែមទៀត។

លោក វ៉ី សំណាង បានលើកឡើងថា ការចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ក៏ដូចជារវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនផ្សេងៗ ដែលកន្លងមកជួបបញ្ហាទាំងនេះ ហើយតែងតែធ្វើឱ្យមានការប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ ដូចច្នេះការទទួលបានប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់របស់បងប្អូន ប្រជាពលរដ្ឋនៅពេលនេះ បានស្ដែងចេញឱ្យឃើញពីការគិតគូរយ៉ាងម៉ត់ចត់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបាននិងកំពុងអនុវត្តយ៉ាងសកម្មលើគោល នយោបាយដីធ្លីជូនដល់ប្រជាពលរដ្ឋ និងដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។

លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ចំពោះការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ក្រោមគម្រោង កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ខេត្តកំពង់ស្ពឺ មានបញ្ហាប្រឈមជាច្រើនដូចជា ម្ចាស់ដីមួយចំនួន ជាកម្មករកម្មការិនីរោងចក្រ ពុំមានពេលគ្រប់គ្រាន់ក្នុងការចូលរួម ទិន្នន័យនៅថ្ងៃធ្វើការ និងមួយចំនួនចំណាកស្រុក ឬនៅឆ្ងាយ។ ម្ចាស់ដីមួយចំនួន មិនបានចូលរួម ពិនិត្យឯកសារនៃការវិនិច្ឆ័យ ក្នុងអំឡុងពេលបិទផ្សាយ។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា បងប្អូនភាពយឺតយ៉ាវក្នុងការធ្វើលិខិតរណបរបស់ប្រជាពលរដ្ឋ ក្បាលដីដែលមានប្រភពកាន់កាប់ពីអំណោយក្នុងរង្វង់ញាតិ ត្រូវបញ្ជូនទៅប្រថាប់ត្រាសូន្យ មុននឹងចែកប័ណ្ណកម្មសិទ្ធ ជូនប្រជាពលរដ្ឋម្ចាស់ដី។ ក្បាលដីដែលមានប្រភពកាន់កាប់មកពីការទិញ ម្ចាស់ក្បាលដីមួយចំនួន មិនបានយកទៅបង់ពន្ធ ប្រថាប់ត្រាថែមទៀត។

លោកប្រធានមន្ទីរ សូមណូមពរប្រជាពលរដ្ឋម្ចាស់ដី ចូលរួមផ្តល់ទិន្នន័យក្នុងការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធទាន់ពេលវេលា ហើយប្រជាពលរដ្ឋម្ចាស់ដី ចូលរួមពិនិត្យឯកសារនៃការវិនិច្ឆ័យ ក្នុងអំឡុងពេលបិទផ្សាយ ដើម្បីចៀស វាង មានកំហុសពេលចេញប័ណ្ណកម្មសិទ្ធិ៕