(បន្ទាយមានជ័យ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាឲ្យបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង ចំពោះមន្ដ្រីនគរបាលរូបណាដែលតេស្ដរកឃើញមានសារធាតុញៀន។

ការដាក់បទបញ្ជាក្នុងក្របខ័ណ្ឌមន្ដ្រីនគរបាលក្រសួងមហាផ្ទៃ ពីសំណាក់ឧបនាយករដ្ឋមន្ដ្រី ស សុខា បានធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទីតាំងមណ្ឌលសំចតប៉ោយប៉ែត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងយ៉ាងដូច្នេះថា «សូមប្រកាសតែម្ដង គឺគ្រប់មន្ដ្រីក្រោមឱវាទ ពិសេសកងកម្លាំងប្រដាប់អាវុធចំណុះក្រសួងមហាផ្ទៃ ឲ្យតែធ្វើតេស្ដឃើញសារធាតុញៀន មិនអាចអនុញ្ញាតឲ្យនៅក្នុងក្របខ័ណ្ឌនគរបាលជាតិនោះទេ។ បើមិនយកពេលវេលានេះដើម្បីសម្អាតផ្ទះយើងទេ យើងអត់មានពេលសម្អាតទៀតទេ។ ចំពោះមន្ត្រីក្របខណ្ឌស៊ីវិល មិនទាន់មានការណែនាំជារួមទេ»

ជាមួយគ្នានេះ លោកអភិសន្ដិបណ្ឌិត ស សុខា បានព្រមានជាថ្មីម្ដងទៀត ចំពោះជនទាំងឡាយណាដែលពាក់ព័ន្ធជាមួយបទល្មើសគ្រឿងញៀន សូមដកខ្លួនចេញឲ្យឆ្ងាយ ខណៈអ្នកដែលដឹងថា ខ្លួនមានសារធាតុញៀន ក៏ត្រូវស្វែងរកវិធីសាស្ដ្រដើម្បីផ្ដាច់ចោល។

គួរជម្រាបថា រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី បានប្រកាសដាក់ចេញនូវយុទ្ធនាការបន្ដបោសសម្អាតគ្រឿងញៀន និងកំណត់ជាគោលដៅអាទិភាព។ សម្រាប់លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានកំណត់ទិសដៅអាទិភាពមួយ លើការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនផងដែរ។

ជាតឹកតាងជាក់ច្បាស់ នៅដើមនីតិកាលនេះ យើងឃើញថា មានមន្ដ្រីនគរបាលមួយចំនួនហើយ ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា ក្រោយរកឃើញពាក់ព័ន្ធបទល្មើសគ្រឿងញៀន ខណៈតាមបណ្ដាអង្គភាព ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានបើកយុទ្ធនាការធ្វើតេស្ដពិនិត្យរកសារធាតុញៀនទៅលើមន្ដ្រីគ្រប់រូបដូចគ្នាដែរ៕