(តូក្យូ, ជប៉ុន)៖ នៅរសៀលថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញរូបភាពមួយសន្លឹកពេលកំពុងហូបអាហារជាមួយកូនស្រីឈ្មោះ ហ៊ុន ពេជ្រមុន្នីលីណា។

ជាមួយការបង្ហាញរូបភាពសម្តេចធិបតី បានរំលេចសារបែបនេះថា «ឆ្លៀតពេលសម្រាប់កូនស្រី ចន្លោះ​កិច្ចប្រជុំ»

សូមបញ្ជាក់ថា ក្នុងដំណើរបំពេញការងារនៅប្រទេសជប៉ុនពីថ្ងៃទី១៥ ដល់១៩ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាននាំកូនរបស់សម្តេច គឺកុមារី ហ៊ុន ពេជ្រមុន្នីលីណា ទៅជាមួយផងដែរ។ កុមារី ហ៊ុន ពេជ្រមុន្នីលីណា មានអាយុ ១៣ឆ្នាំ ជាកូនទី២ក្នុងគ្រួសារ។ ពេជ្រមុន្នីលីណា ធ្លាប់ជាសិស្ស​ទទួលបាន​ចំណាត់​ថ្នាក់កំពូលតារាងក្នុង​កម្មវិធីប្រកួតប្រជែងគណិតវិទ្យាលើបណ្តាញអនឡាញ។

ក្នុងដំណើរសម្តេចធិបតីទៅកាន់ប្រទេសជប៉ុននាពេលនេះ កុមារី ហ៊ុន ពេជ្រមុន្នីលីណា បានអមដំណើរ​ឪពុកម្តាយ​ទៅប្រទេសជប៉ុនផងដែរ។

គេបានសង្កេតឃើញថា ក្នុងដំណើរអមដំណើរឪពុកម្តាយទៅកាន់ប្រទេសជប៉ុននាពេលនេះ ចាប់ពីឡើង​យន្ត​ហោះ រួមការចូលរួមកម្មវិធីសំណេះសំណាលរវាងសម្តេចធិបតី ជាមួយសហគមន៍ខ្មែរ​នៅប្រទេស​ជប៉ុន ហ៊ុន ពេជ្រមុន្នីលីណា ហាក់មានឥរិយាបថមួយសមសួនគួរឱ្យកត់សម្គាល់។

ត្រឹមអាយុ ១៣ឆ្នាំ តែគេហាក់យល់ដឹងពីឥរិយាបថជាមនុស្សធំ។ អារម្មណ៍ហាក់មិន​ញាប់ញ័រ​អ្វីនោះ​ឡើយ ទាំងពេលឡើងយន្តហោះ ក៏ដូចជាពេលចូលរួមពិធីសំណេះសំណាល ទឹកមុខរបស់កុមារីរូបនេះ​រំលេចស្នាមញញឹម ប្រកបដោយភាពស្វាហាប់ ខណៈដែលឥរិយាបថទាំងដើរ សំពះ និងអង្គុយពោរ​ពេញដោយសីលធម៌។

ពិតជាកម្រណាស់ ដែលក្មេងស្រីវ័យត្រឹម ១៣ឆ្នាំ មានឥរិយាបថបែបនេះ។ តាមកាយវិហារនេះ មាន​ការ​លើកជាសំណួរថា តើកុមារីរូបនេះ កំពុងទទួលបានមរតកតំណពូជ ឬគេហៅថាហ្សេនោះ ជា​អ្នកនយោ​បាយ ហ្សេនភាពជាអ្នកដឹកនាំផ្នែកនយោបាយ បន្តពីជីតា និងឪពុកឬយ៉ាង?

សម្តេចតេជោ ហ៊ុន សែន បានដាក់ការ​សង្ស័យ​ថា ចៅស្រីរបស់សម្តេច​ហាក់កំពុង​ចាប់អារម្មណ៍លើរឿង​នយោបាយ ហើយបាន​លើក​​ទឹកចិត្តឱ្យចៅរៀនសូត្រពីនយោបាយ ព្រមជាមួយមុខវិជ្ជាផ្សេងទៀត​ដែល​ចៅចង់រៀនផងដែរ៕