(ភ្នំពេញ)៖ ជនសង្ស័យ៣៤២នាក់ ត្រូវបានឃាត់ខ្លួនលើបទល្មើសគ្រឿងញៀន១៤៧ករណី ក្នុងរយៈពេល១សប្ដាហ៍ គិតពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២៣។

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែធ្នូនេះបានបញ្ជាក់ថា នេះជាលទ្ធផលទូទាំងប្រទេស ដែលអគ្គស្នងការដ្ឋានគរបាលជាតិ បណ្ដាស្នងការដ្ឋានរាជធានីខេត្ត និងអធិការដ្ឋាន ក៏ដូចជាប៉ុស្តិ៍នគរបាល បានប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវ និងស្របតាមនីតិវិធីដែលកំណត់ដោយច្បាប់។

លោកថា ជនសង្ស័យទាំង៣៤២នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន សរុប១៤៧ករណីទូទាំងប្រទេសនេះ ក្នុងកម្រិតបទល្មើសធនល្មម ហើយសមត្ថកិច្ចនៅតែបន្តច្បាមតាមជំនាញ ដើម្បីបំបែកសំបុក បណ្ដាញ និងមេក្លោងមិនរាថយ។

លទ្ធផល នៃការបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើនេះដែរ គឺជាការអនុវត្តទិសដៅអាទិភាពមួយ ក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញបន្ទាប់ពីលោកបានកាន់តួនាទីនេះ។

ទិសដៅអាទិភាពទាំង៦នោះ រួមមាន បញ្ហាគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌទូទៅ ក្រុមក្មេងទំនើង បញ្ហាចរាចរណ៍ ការជួញដូរមនុស្ស និងបញ្ហានានាដែលកើតឡើងតាមបណ្ដាព្រំដែនកម្ពុជា៕