(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកស្រី ព្រមទាំងសហការី នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធីបុណ្យសព និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព សិស្សវិទ្យាល័យ ហ៊ុន សែន ត្រែង ចំនួន៤នាក់ ដែលបានស្លាប់ដោយសារលង់ទឹកស្ទឹងសង្កែ ស្ថិតនៅចំណុចខាងក្រោមទំនុបពហុបំណងសេកសក ស្ថិតនៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌលខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១១:០០នាទីព្រឹក។

សិស្សសាលាទាំង៤នាក់ ដែលស្លាប់ដោយសារលង់ទឹករួមមាន៖

១៖ កុមារី សេង អុីនជឺលី អាយុ១២ឆ្នាំ រៀនថ្នាក់ទី៧
២៖​ កុមារី សេង ជូលីណា អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៨
៣៖ កុមារី អូ ហាន់ណានូរី អាយុ១១ឆ្នាំ រៀនថ្នាក់ទី៧
៤៖ កុមារ៉ា ភាព ចិន្ដា អាយុ១៤ឆ្នាំ រៀនថ្នាក់ទី១០។ សពសិស្សសាលាទាំង៤នាក់ មានទីលំនៅស្ថិតនៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះលោក សុខ លូ បាននាំនូវការផ្តាំផ្ញើពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមរំលែកនូវមរណ:ទុក្ខជាមួយក្រុមគ្រួសារនៃសពដែលត្រូវបាត់បង់កូនៗ ជាទីស្រឡាញ់។

ជាមួយគ្នានេះក្រុមគ្រួសារសព បានគោរពថ្លែងអំណរគុណចំពោះលោក សុខ លូ ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរពីសុខទុក្ខរបស់ក្រុមគ្រួសារគាត់ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ដែលជួបការលំបាកដោយមិនទុកនរណាម្នាក់ចោលដោយពុំបានដឹងនោះទេ។

ស្ថិតក្នុងមរណទុក្ខនេះសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពសិស្សានុសិស្សទាំង៤ សូមទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សម្ភារចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ សពទាំង៤ក្នុងក្នុងមួយសពរួមមាន៖ អង្ករ១០០គីឡូក្រាម, មី ២កេស,ត្រីខ ២យួរ, ទឹកត្រី ២យួរ, ទឹកស៊ីអ៉ីវ២យួរ និងថវិកា ១លានរៀលផងដែរ៕