(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យចំនួន២នាក់ ទៅកាន់អយ្យការអមសាលាដំបូងខេត្ត ក្រោយឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត។

ជនសង្ស័យទាំង២នាក់នេះ ត្រូវបានកងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ប្រព្រឹត្តកាលពីវេលាម៉ោង៧ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចកាស៊ីណូហ្គោដវើល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ករណីនេះធ្វើឡើងតាមពាក្យបណ្ដឹងរបស់ឈ្មោះ គឹម ស៊ានលី អាយុ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ រួមមាន៖

*ទី១៖ ឈ្មោះ ឡូញ ពៅ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ
*ទី២៖ ឈ្មោះ រុន នោរី ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ។ ជនសង្ស័យទាំង២នាក់ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

វត្ថុតាងចាប់យកមានទី១៖ កាក់ឈីប លេខ៥០០០ ចំនួន០១កាក់, ទី២៖ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខបាត់ដំបង 1AQ-98 38 ចំនួន០១គ្រឿង,ទី៣៖ ខ្សែកលោហធាតុ ពណ៌ក្រហម ប្រវែង២៥សង់ទីម៉ែត្រ ចំនួន០១ខ្សែ, ទី៤៖ ខ្សែដៃលោហធាតុ ពណ៌លឿង ប្រវែង០៧សង់ទីម៉ែត្រ ចំនួន០១ខ្សែ, ទី៥៖ ចិញ្ចៀនលោហធាតុ ពណ៌លឿង មានដាំត្បូងពណ៌ស ចំនួន០១វង់ និងទី៦៖ បណ្ណសម្គាល់ទោចក្រយានយន្តចំនួន០១សន្លឹក, USB ផ្ទុកទិន្នន័យវីដីអូចំនួន០១។

លោកបន្តថា នៅវេលាម៉ោងកើតហេតុ ដើមបណ្តឹងបានឃើញជនសង្ស័យឈ្មោះ ឡូញ ពៅ លួចយកកាក់ឈីបរបស់ក្រុមហ៊ុនចំនួន០១កាក់ ដែលមានតម្លៃ ៥,០០០បាត ដាក់ក្នុងអាវ ភ្លាមនោះក្រុមហ៊ុនកាស៊ីណូ បានសួរនាំ ជនសង្ស័យសួរនាំ និងបានសារភាពថាធ្លាប់លួច កាក់ឈីបរបស់ក្រុមហ៊ុនជាច្រើនលើកមកហើយក្នុងរយៈពេល ៣ខែជាប់គ្នា ពេលលួចកាក់បានខ្លួនបានយកកាក់នោះទៅប្រគល់ឱ្យភ្ញៀវឈ្មោះ រុន នោរី ដើម្បីដូរយកប្រាក់ចែកគ្នាចាយ ដែលសរុបជាទឹកប្រាក់ទាំងអស់ចំនួន ប្រហែល ៣០០,០០០បាត ហើយនាំខ្លួនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ។

ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានលួចយកកាក់ឈីបរបស់ក្រុមហ៊ុនពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ៕