គួរឲ្យអាណិត! ក្មេងប្រុស២នាក់ នាំគ្នាដើរថ្មើរជើងស្វែងរកឪពុក រង្វេងផ្លូវពីកំពង់ស្ពឺដល់ភ្នំពេញ
23-08-2016 15:56
(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ មានក្មេងប្រុស២នាក់ ដែលជាកូនអ្នកកសិករ រស់នៅក្នុងភូមិតាឡាក់ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ឯម្នាក់ទៀតគឺជាមិត្តភក្ដិ បានជូនគ្នា ដើម្បីតាមរកឪពុក ដោយពួកគេបាននាំគ្នា ធ្វើដំណើរដោយថ្មើរជើង តាំងពីផ្ទះមក ដល់រាជធានីភ្នំពេញ ក្នុងចម្ងាយផ្លូវរាប់សិបគីឡូម៉ែត្រ ត្រូវបានប្រជាពលរដ្ឋ បាននាំគ្នាឃាត់ឲ្យឈប់ ដើម្បីឲ្យនគរបាល ព្រោះខ្លាចមានគ្រោះថ្នាក់។
នគរបាលបានប្រាប់ឲ្យដឹងថា ក្មេងប្រុសទាំងពីរនាក់នោះម្នាក់ឈ្មោះ ហៀង ចិត្រ្តា អាយុ១១ឆ្នាំ មានឪពុកឈ្មោះ សាល មុខរបរស៊ីឈ្នួលឃ្វាលក្របីឲ្យគេ និង ម្ដាយឈ្មោះ ហេង មុខរបរកសិករ មានទីលំក្នុងនៅភូមិ តាឡាក់ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងមិត្តភក្ដិម្នាក់ទៀតឈ្មោះ ជឿន សុខគីម អាយុ១០ឆ្នាំ ឪពុកឈ្មោះ ស្នា និងម្ដាយឈ្មោះ ផល ដែលជាកសិករ មានទីលំនៅក្នុងភូមិជាមួយគ្នានោះដែរ។ ពួកគេបានធ្វើ ដំណើរចេញពីផ្ទះ ដោយមិនមានអ្វីជិះនោះទេ គឺដើរដោយជើងរហូត ដោយនឹកស្មានថា បានជួបឪពុក មិននឹកស្មានថា ត្រូវវង្វេងបែបនេះឡើយ ។
នគរបាលបានបន្តថា ពួកគេទាំង២នេះបានវង្វេងផ្លូវ រកឪពុកមិនឃើញឡើយ ពួកគេបាននាំគ្នាដើរត្រសែតអណ្ដែត គ្មានគោលដៅនិងគ្មានបាយគ្មានទឹកហូបឡើយ គឺដើរតាំងពីព្រឹករហូតដល់ យប់ជ្រៅក៏នៅតែរកឪពុកមិនឃើញទៀត ប៉ុន្តែសំណាងល្អបានជួប ប្រជាពលរដ្ឋ ឃើញគួរឲ្យអាណិត ក៏បានឃាត់ឲ្យឈប់ នាំទៅប្រគល់ឲ្យមេភូមិ និងត្រូវបានលោកមេភូមិផ្ដល់បាយទឹក និងទីកន្លែងដេកបានមួយយប់៕