(កំពង់ធំ)៖ លោក ផារ៉ា មង្គល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព បិទវគ្គបណ្តុះបណ្តាលស្តីពី ការងារចុះបញ្ជីដីធ្លី ជូនដល់ក្រុមការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធនៅក្នុងខេត្តកំពង់ធំ។

ពិធីនេះបានរៀបចំឡើងដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ និងមានការចូលរួមពីលោក ទូច សុខ អភិបាលរងខេត្តកំពង់ធំ ពិធីនេះធ្វើឡើង នៅសាលប្រជុំអគារ (B)។

លោក អ៉ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ បានលើកឡើងអំពីលទ្ធផល របស់ក្រុមកាងារចុះបញ្ជីទាំង ៧ក្រុម បានអនុវត្តកន្លងមកជាប្រព័ន្ធសម្រេចបានគិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបានប្រមូលទិន្នន័យចំនួន ៣៦២,៦៤៣ក្បាលដី, បញ្ចូលទិន្នន័យចំនួយ ៣៦៦,៦៤៣ក្បាលដី, វាស់វែងចំនួន   ៣៦៦,៦៤៣ក្បាលដី, គូសក្បាលដីចំនួន ៣៦៩,៥១៧ក្បាលដី, បានបញ្ចប់បិទផ្សាយចំនួន ៣១១,៣៨០ក្បាលដី ស្មើនឹង ៣៨៥ភូមិ, បានចេញបណ្ណចំនួន ២៩០,២៧៣បណ្ណ, បានចែកបណ្ណចំនួន ២៨៦,៥៨៨បណ្ណ និងបណ្ណមិនទាន់ចែកចំនួន ៣,៦៨៥បណ្ណ។

លោកអភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា ដើម្បីឱ្យការងារចុះបញ្ជីដីធ្លី នៅក្នុងខេត្តកំពង់ធំ ឱ្យទទួលបានឆាប់រហ័សតាមការកំណត់របស់ក្រសួង ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងទឹកដីនៃខេត្តកំពង់ធំ សូមឱ្យសិក្ខាមដែល ជាមន្ត្រីក្របខណ្ឌ មន្ត្រីកិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្តទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់សិក្សា ស្វែងយល់នៅបទបង្ហាញនានា របស់គ្រូឧទ្ទេស ដើម្បីយកចំណេះជំនាញទៅអនុវត្តអោយមានប្រសិទ្ធភាព ធ្វើយ៉ាងណាឱ្យការងារវាស់វែងដីធ្លីនេះទទូលបានលទ្ធផល ព្រមទាំងសម្រេចបានតាមគោលដៅដែលក្រសួងចង់បាន។ និងសូមមន្ទីររៀបចំដែនដី ការិយាល័យភូមិបាលក្រុង ភូមិបាលក្រុងស្រុក អាជ្ញាធរដែនដី ឃុំ ស្រុក ត្រូវផ្សព្វផ្សាយការងារយុទ្ធចុះបញ្ចីដីធ្លីជូនប្រជាពលរដ្ឋអោយបានទូលំទូលាយ ដើម្បីឱ្យពួកគាត់យល់ដឹងពីសារៈសំខាន់នៃការចុះបញ្ជីដីធ្លី។

លោក ផារ៉ា មង្គល បានថ្លែងថា ប្អូនៗក្មួយៗ អ្នកស្ម័គ្រចិត្តដែលបានចូលរួម ក្នុងការចុះរៀបចំវាស់វែងដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធក្នុងទឹកដីនៃខេត្តកំពង់ធំនេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ជាមួយនឹងក្រសួង ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាឱ្យការងាវាស់វែងដីធ្លី ដែលមាន លក្ខណៈជាប្រព័ន្ធនេះបានឆាប់រហ័ស និងទាន់ពេលវេលា ជាពិសេសបំពេញតម្រូវការដល់បងប្អូនប្រជាពលរដ្ឋដែលគាត់មិន ទាន់មានប័នកម្មសិទ្ធិផ្ទាល់ខ្លួន ឱ្យគាត់បានទទួលបានទាំងអស់ ដើម្បីគាត់យកទៅប្រើប្រាស់តាមការចាំរបស់ខ្លួន។

លោករដ្ឋលេខាធិការ ក៏បានបន្ថែមទៀតថា ការងារចុះវាស់វែងដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធទាំងអស់នេះ គឺជាការងារមួយដែលមិនងាយស្រួលប៉ុន្មាននោះទេ គឺតែងតែមានបញ្ហាខ្លះ សម្រាប់ក្មួយៗប្អូនៗដែលជាមន្ត្រីស្ម័គ្រចិត្ត ក៏ដូចជាមន្ត្រី នៅពេលដែលចុះវាស់វែងផ្ទាល់។

លោក ផារ៉ា មង្គល បានបន្តថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល មានការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពដទៃទៀត ដើម្បីបន្តដំណើរការកែទម្រង់ដីធ្លី ដោយជំរុញការចុះបញ្ជីដី និងការដោះ ស្រាយវិវាទដីធ្លីនៅក្រៅប្រព័ន្ធតុលាការ និងការកសាងផែនការរៀបចំដែនដី និងនគរូបនីយកម្មទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លីឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព និងជំរុញការចុះបញ្ជីដីធ្លីឱ្យបានឆាប់ចប់នៅទូទាំងប្រទេស។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចបង្កើតក្រុមចុះបញ្ជីដីបន្ថែម សំដៅបង្កើនល្បឿនការងារដោយគាំទ្រ បន្ថែមនូវឧបករណ៍ មធ្យោបាយ និងថវិកា។ ក្នុងការបង្កើតបន្ថែមក្រុមការងារនេះ គឺត្រូវការបន្ថែមនូវ ធនធានមនុស្សផងដែរ ហើយដើម្បីដោះស្រាយបញ្ហានេះ ក្រសួងមានគោលការណ៍ប្រើកម្លាំងដែល មានស្រាប់តាមខេត្ត នីមួយៗផង ប្រើកម្លាំងអន្តរាគមន៍ផង និងប្រើកម្លាំងពីក្រុមហ៊ុនឯកជនផង។ វគ្គបណ្តុះបណ្តាលនាពេលនេះ យើងមានមន្ត្រីក្រុម ការងារចំនួន ៧ក្រុម និងមានមន្ត្រីសរុបចំនួន ១៤៩នាក់ ក្នុងនោះមានមន្ត្រីពីមន្ទីរដនសសខេត្ត មន្ត្រីភូមិបាលក្រុង ស្រុក និងប្អូនៗជាមន្ត្រីស្ម័គ្រចិត្តផង ដែលនឹងត្រូវចុះកិច្ចសន្យាជាមួយកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដើម្បីធ្វើការរួមគ្នាក្នុងក្រុមចុះបញ្ជី ដីធ្លីនមានលក្ខណៈជាប្រព័ន្ធនៅក្នុងត្តកំពង់ធំនាពេលនេះ។

សូមបញ្ជាក់ថា នៅក្នុងវគ្គបណ្តុះបណ្តាលនេះ នឹងផ្តោតទៅលើប្រធានបទដូចជា៖ ក្រមសីលធម៌វិជ្ជាជីវៈ និងការរៀបចំផែន ការការងារ, ការផ្សព្វផ្សាយជាសាធារណៈ និងការចូលរួមពីសហគមន៍ និងការរៀបចំដែនដី, ការកំណត់ព្រំ និងការ វាស់វែង, ការងារវិនិច្ឆ័យ, ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ (Database)៕