(ក្រចេះ)៖ រដ្ឋបាលស្រុកឆ្លូង ខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព នៅថ្នាក់ស្រុក ឃុំ ដើម្បីលើកកម្ពស់អនុវត្តគោលនយោបាយ «ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតនៅតាមមូលដ្ឋាន។

វគ្គបណ្ដុះបណ្ដាលនេះដែរធ្វើឡើងរដ្ឋបាលស្រុកឆ្លូង ក្រោមអធិបតីភាពលោក ធីម ស៊ាងឡេង អភិបាលរងស្រុក ដែលមានសិក្ខាកាមចូលរួម ក្រុមការងារគណបញ្ជាការឯកភាពស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោក លោកស្រីមេឃុំ ស្មៀនឃុំលោកនាយប៉ុស្ត៍នគរបាលរដ្ឋបាលទាំង៨ឃុំ លោក លោកស្រី ប្រធានការិយាល័យជុំវិញស្រុក។

លោកអភិបាលរងស្រុក បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះក្នុងគោលបំណងលើកកម្ពស់អនុវត្ត គោលនយោបាយ «ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតនៅតាមមូលដ្ឋាន និងពន្លឿនបន្ថែមដល់គណៈបញ្ជាការឯកភាពរដ្ឋស្រុក រដ្ឋបាលស្រុក អធិការនគរបាលស្រុកមូលដ្ឋានកងរាជអាវុធហត្ថស្រុក និងរដ្ឋបាលឃុំ ប៉ុស្តិ៍នគរបាលឃុំ ចូលរួមអនុវត្តតាមយន្តការអនុវត្ត និងតួនាទី ភារកិច្ច ដែលមានចែងក្នុងសៀវភៅណែនាំគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។

គោលនយោបាយរបស់រាជរដ្ឋាភិបាលលេខ០១ តឧប ស្ដីពី-ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិ ភាពរួមមាន៖

១៖ ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២៖ គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ
៣៖ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍
៤៖ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង
៥៖ ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព
៦៖ មានអនាម័យ មានសោភណភាពល្អ និងមានបរិស្ថានល្អ
៧៖ ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។

លោករំពឹងថា លោក លោកស្រីទាំងអស់នឹងអាចយកចំណេះដឹង ទៅអនុវត្តការងារនៅអង្គ ភាពខ្លួនផ្ទាល់ ប្រកបដោយសាមគ្គីភាពផ្ទៃក្នុង គណនេយ្យភាព និងរក្សាបាននូវគុណតម្លៃ ខិតខំបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ សំដៅធានាបាននូវការលើកកម្ពស់គុណភាព៕