(ណៃរ៉ូប៊ី)៖ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក ចន ឃើរី បានអំពាវនាវឲ្យមេដឹកនាំ ដែលកំពុងបង្កជម្លោះរវាងគ្នា នៅស៊ូដង់ខាងត្បូង បញ្ចប់នូវការហែកហួរគ្នាជាបន្ទាន់ ហើយត្រូវអនុវត្តន៍ឲ្យបានពេញលេញនូវដំណោះស្រាយ សន្តិភាពឲ្យខាងតែបាន បើមិនដូច្នោះទេប្រទេសដ៏ក្មេងខ្ជីមួយនេះនឹងប្រឈមមុខ ទណ្ឌកម្មពីអង្គការសហប្រជាជាតិ ព្រមទាំងការហាមឃាត់លើជំនួញអាវុធ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០១៦។
ការព្រមានរបស់លោក ចន ឃើរី នេះបានធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ច របស់លោកទៅកាន់រដ្ឋធានី ណៃរ៉ូប៊ី របស់ប្រទេសកេនយ៉ា ក្នុងនោះលោកបានជួបពិភាក្សា ជាមួយប្រធានាធិបតីកេនយ៉ាលោក Uhuru Kenyatta ព្រមទាំងរដ្ឋមន្ត្រីការបរទេស មកពីប្រទេស សូម៉ាលី, ស៊ូដង់ខាងត្បូង, និង ស៊ូដង់ ផងដែរ ដើម្បីស្វែងរកដំណោះស្រាយ ជម្លោះនៅស៊ូដង់ខាងត្បូង និង ការដាក់ពង្រាយកងកម្លាំង ការពារសន្តិសុខ UN នៅទីនោះ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុស៊ូដង់ខាងត្បូង «Eye Radio» នៅព្រឹកថ្ងៃអង្គារនេះ លោក ឃើរី បានថ្លែងថា «វាអាស្រ័យទៅលើមនុស្ស ដែលជាអ្នកដឹកនាំប្រទេសស៊ូដង់ខាងត្បូង និងបំពេញទៅតាម ពាក្យសន្យា ដែលពួកគេបានធ្វើ។ ប្រសិនបើពួកគេធ្វើមិនកើត ដូច្នេះមានតែទទួលយកទណ្ឌកម្មលើការហាមឃាត់ ការទិញលក់ អាវុធ និង ទណ្ឌកម្មនានាទៀតពីអង្គការសហប្រជាជាតិ ប៉ុន្តែវាជាជំរើសចុងក្រោយតែប៉ុណ្ណោះ»។
គួរបញ្ជាក់ថាជម្លោះនៅក្នុងប្រទេសស៊ូដង់ខាងត្បូង ដែលទើបតែទទួលបានឯករាជ្យ ០៥ឆ្នាំ មកនេះ បានបង្កជាការ ភ័យខ្លាចកាន់តែខ្លាំងឡើង ថាវានឹងអាចរុញច្រាន ប្រទេសដ៏ក្មេងខ្ជីបំផុតលើលោកនេះ ទៅរកសង្គ្រាមស៊ីវិលសាជាថ្មី៕